តារា​សម្ដែង​ជើង​ចាស់ ចាន់ ស៊ីផាន់ ឈឺ​ធ្ងន់ មាន​បំណងមួយនា​ដង្ហើម​ចុង​ក្រោយ

  • 2017-11-05 03:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ចាន់ ស៊ីផាន់ ដែល​ត្រូវ​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង​ជើង​ចាស់ ​និង គ្រូ​បង្ហាត់​សិល្បៈ​នៅ សាលាវិចិត្រសិល្បៈ ពេល​នេះបាន​ធ្លាក់​ខ្លួន​ឈឺ ដេក​លើ​គ្រែ​​ងើប​មិន​រួច​ឡើយ បំណង​ចុង​ក្រោយ​របស់​អ្នក​ស្រី គឺ​ចង់​ឃើញ​មុខ​ អ្នក​សិល្បៈ​រួម​ជំនាន់​ ចង់​និយាយ​លា មុន​គាត់​ចែក​ឋាន​ទៅ។ នេះ​ជាការ​បញ្ជាក់​​ពី អ្នក​ស្រី ឡុច សុធី ដែល​ត្រូវ​ជា​កូន។

អ្នក​ស្រី ឡុច សុធី បាន​រៀប​របស់​ឲ្យ​ដឹង​ថា ម្ដាយ​របស់​អ្នក​ស្រី​​មាន​វ័យ​៩៣ឆ្នាំ ហើយ​បាន​​ធ្លាក់​ខ្លួន​ឈឺ​ជាង​២ឆ្នាំ​មក​ហើយ និង ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​រហូត​ដល់​ងើប​ពី​កន្ទេលមិន​រួច​ប្រហែល​១សប្ដាហ៍​មក​នេះ។" គាត់​ដាច់​បាយ​២ថ្ងៃ​ហើយ​​អូន មុន​ៗ​​ហូប​បាន​ខ្លះ លូវ​បង​និង​ក្រុម​គ្រួសារ បាន​សូត្រ​មន្ត​២លើក​ឲ្យ​គាត់​ហើយ ថ្ងៃ​ស្អែក ធ្វើ​ម្ដង​ទៀត ឆ្លង​ឲ្យ​គាត់ មើល​ទៅ មិន​មាន​សង្ឃឹម​ទេ" អ្នក​ស្រី ឡុច សុធី លើក​ឡើង។

កូន​ស្រី​អ្នក​សិល្បៈ​ជើង​ចាស់​ខាង​លើ​​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា ម្ដាយ​របស់​អ្នក​ស្រី​មាន​ជំងឺ​ថ្លើម​ជាង​២ឆ្នាំ​ ប៉ុន្តែ​មិន​ទាន់​ធ្ងន់ធ្ងរ​ទេ ហើយ​ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី និង មាន​ពេទ្យ​​ប្រចាំ​ខ្លួន​ផង​ដែរ។ ដំណាក់​ការ​ចុង​ក្រោយ​​​កើត​មាន​ជំងឺ​ថ្មី​មួយ​ទៀត គឺ​រលាក​ពោះវៀន​ធ្ងន់ធ្ងរ។

ដោយ​វ័យ​រហូត​ដល់​៩៣ឆ្នាំ​ ហើយ​​មាន​គ្រូពេទ្យ​​ជា​ប្រចាំ​ផង អ្នក​ស្រី ឡុច សុធី បញ្ជាក់​ប្រាប់​ថា មិន​មាន​គម្រោង​បញ្ជូន​ម្ដាយ​របស់​ខ្លួន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ឡើយ គឺ​ក្រុម​គ្រួសារ​សម្រេច​ព្យាបាល​នៅ​ក្នុង​ផ្ទះ និង ធ្វើ​ពិធី​តាម​បែប​សាសនាប៉ុណ្ណោះ។

អ្នក​ស្រី ឡុច សុធី មិន​បាន​ប្រកាស ស្នើ​​សុំ​ជំនួយ​ពី​អ្នក​សិល្បៈ​ឬ សប្បុរសជន​ណា​មួយ យក​​ប្រាក់​មក​ព្យាបាល​អ្នក​ស្រី​ឡើយ ប៉ុន្តែ​អ្នក​ស្រី​ចង់​បំពេញ​បំណង​ម្ដាយ​របស់​ខ្លួន​ដែល​ចង់​ឃើញ​​មុខ​អ្នក​សិល្បៈ​រួម​ជំនាន់ ដូច​ជា នាយ​កុយ នាយ​ក្រឹម និង​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជា​មួយ​គាត់​តែ​ប៉ុណ្ណោះ។

តាម​ការ​លើក​ឡើង​រស់​កូន​គាត់ តារា​សម្ដែង​ជើង​ចាស់ ចាន់ ស៊ីផាន់ បាន​ប្រើ​ពេល​ស្ទើរ​មួយ​ជីវិត​របស់​គាត់ ប្រលូក​លើ​វិថី​សិល្បៈ​នេះ ទាំង​តារា​សម្ដែង គ្រូ​បង្ហាត់​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់ ដូច​ជា ល្ខោន យីកេ របាំ​ជា​ដើម។ អ្នក​ស្រី​មាន​កូន​តែ​២នាក់​ប៉ុណ្ណោះ ប្រុស​១ ស្រី១។ ផ្ទះ​របស់​អ្នក​ស្រី ចាន់ ស៊ីផាន់ ស្ថិត​នៅ ខាង​ក្រោយ​ទូត​ចិន ក្នុង​សង្កាត់​ទូល​ទំពូង២។ ​ទំនាក់​ទំនង​ទូរសព្ទ​លេខ​កូន​អ្នក​ស្រី0716533362 ៕

អត្ថបទៈ ស៊ុនហួត