ប្រទេស៥ ដែលទើបប្រកាសឯករាជ្យក្រោយឆ្នាំ២០០០
- 2017-11-05 08:40:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស៥ ដែលទើបប្រកាសឯករាជ្យក្រោយឆ្នាំ២០០០
ចន្លោះមិនឃើញ
អាណានិគមភាគច្រើនត្រូវបានបញ្ចប់នៅក្នុងសតវត្សទី២០ ប៉ុន្តែមានប្រទេសមួយចំនួនទៀត មកដល់សតវត្សទី២១ទៅហើយ ទើបស្គាល់រសជាតិឯករាជ្យរបស់ខ្លួន។ ខាងក្រោមនេះគឺជាប្រទេសទាំង៥ ដែលបានឯករាជ្យក្រោយឆ្នាំ ២០០០៖
ស៊ូដង់ខាងត្បូងបានប្រកាសឯករាជ្យពីប្រទេសស៊ូដង់កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១១ បន្ទាប់ពីប្រជាជនកុលសម្ព័ន្ធអាហ្វ្រិកស្បែកខ្មៅ នៃប្រទេសស៊ូដង់ខាងត្បូង បានធ្វើសង្គ្រាមស៊ីវិលបង្ហូរឈាម អូសបន្លាយអស់ជាង៥ទសវត្សរ៍ ជាមួយនឹងអារ៉ាបភាគខាងជើងនៃប្រទេសស៊ូដង់ ដែលបានសម្លាប់មនុស្សប្រមាណ២លាននាក់ ចន្លោះពីឆ្នាំ ១៩៨៣-២០០៥។
កូសូវ៉ូបានប្រកាសឯករាជ្យនៅខែកុម្ភៈ ឆ្នាំ២០០៨។ ប្រទេសនេះត្រូវបានគ្រប់គ្រងដោយអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៩៩ នៅពេលដែលណាតូ (NATO) បានទម្លាក់គ្រាប់បែកលើប្រទេសស៊ែប (Serbia) ហើយបានបង្ខំឱ្យលោកប្រធានាធិបតី Slobodan Milosevic ដកកងទ័ពចេញពីកូសូវ៉ូ ព្រោះ សង្គ្រាមឆ្នាំ ១៩៩៨-៩៩ ដែលបង្កឡើងដោយការបង្ក្រាបដ៏ឃោរឃៅដោយកងកម្លាំងប្រទេសស៊ែបលើជនជាតិភាគតិចអាល់បានីរបស់កូសូវ៉ូ ដែលទាមទារផ្ដាច់ទឹកដី បានសម្លាប់ជនជាតិអាល់បានីប្រហែល ១០ ០០០ នាក់ មុនពេលមានការអន្តរាគមន៍យោធារបស់NATO ដែលបានទម្លាក់គ្រាប់បែករយៈពេល ៧៨ ថ្ងៃ។
តំបន់កូសូវ៉ូបានក្លាយទៅជាផ្នែកមួយរបស់ទឹកដីប្រទេស ស៊ែប ក្នុងឆ្នាំ១៣៨៩នៅពេលដែលព្រះអង្គម្ចាស់ប្រទេស ស៊ែប (Serbia) ព្រះនាម Lazar បានដឹកនាំកងទ័ពទៅទន្ទ្រានកាន់កាប់កូសូវ៉ូធ្វើជាទឹកដីរបស់ទ្រង់។
ស៊ែប និង ម៉ុងតេណេក្រូ បង្កើតឲ្យទៅជាប្រទេសតែមួយបន្ទាប់ពីសហភាពយូហ្គោស្លាវីដួលរលំនៅក្នុងឆ្នាំ១៩៩១ ប៉ុន្តែប្រទេសទាំង២នេះបានចែកផ្លូវគ្នានៅឆ្នាំ២០០៦ នៅពេលម៉ុងតេណេក្រូ ប្រកាសឯករាជ្យនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៦ ដើម្បីបង្កើតប្រទេសមួយតែម្នាក់ឯងដោយមិនចាំចាច់មានប្រទេសស៊ែប។
ប៉ុន្មានថ្ងៃក្រោយមកប្រទេសស៊ែបបានធ្វើតាម ដោយប្រកាសឯករាជ្យដែរ។ យូហ្គោស្លាវីត្រូវបានបង្កើតដំបូងជារាជាណាចក្រនៅឆ្នាំ ១៩១៨ និង ក្រោយមកប្ដូរទៅជារដ្ឋសង្គមនិយមវិញបន្ទាប់ពីចប់សង្គ្រាមលោកលើកទី ២។ សហភាពយូហ្គោស្លាវី មានប្រទេសចំណុះចំនួន៦ដូចជា៖ បូស្នី - ហឺហ្ស៊េហ្គោវីណា(Bosnia-Hercegovina), ក្រូអាត, ម៉ាសេដូនី, ស្លូវើនៀ, ម៉ុងតេណេក្រូ, និង ប្រទេស ស៊ែប។ ប្រទេសស៊ែបមានខេត្តស្វយ័ត ២ គឺ កូសូវ៉ូ និង Vojvodina ប៉ុន្តែ Vojvodina មិនទាន់មានសំណាងដូចកូសូវ៉ូ ពោលគឺមិនទាន់បានឯករាជ្យពីប្រទេសស៊ែបនៅឡើយ។
បន្ទាប់ពីសហភាពយូហ្គោស្លាវីដួលរលំភ្លាមៗ ប្រទេសទាំងអស់នៅក្រោមចំណុះយូហ្គោស្លាវី បានប្រញិបប្រញាប់ប្រកាសឯករាជ្យរៀងៗខ្លួន លើកលែងតែ ម៉ុងតេណេក្រូ និង ស៊ែប ដែលត្រូវអូសបន្លាយពេលប្រកាសឯករាជ្យមកដល់ខែ មិថុនា ឆ្នាំ២០០៦ ហើយអ្នកដែលសុំចែកផ្លូវមុនគឺប្រទេស ម៉ុងតេណេក្រូ ព្រោះប្រជាជនម៉ុងតេណេក្រូជាង៥៥% ចង់កាត់ផ្តាច់ទំនាក់ទំនងពីប្រទេសស៊ែប។
មូលហេតុដែលប្រទេសស៊ែបមិនចង់ចែកផ្លូវជាមួយនឹងប្រទេស ម៉ុងតេណេក្រូ និយាយបែបផ្សេង អតីតសហភាពយូហ្គោស្លាវី គឺជាចក្រភពស៊ែប (Greater Serbia)។
ប្រទេសទីម័រខាងកើតបានទទួលឯករាជ្យនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០២ ពីប្រទេសឥណ្ឌូណេស៊ី។ ទីម័រខាងកើត ត្រូវបានឥណ្ឌូណេស៊ីធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ទម្រាំបានឯករាជ្យ។ ជារួម ទីម័រខាងកើត នៅក្រោមអាណានិគមព័រទុយហ្គាល់ជិត៣០០ឆ្នាំ ចន្លោះពីឆ្នាំ ១៧០២-១៩៧៥។ គ្រាន់តែអាណានិគមព័រទុយហ្គាល់ដកចេញភ្លាម ឥណ្ឌូណេស៊ីបានទាមទារទឹកដីទីម័រខាងកើតថាជារបស់ខ្លួន និងបានបង្ក្រាបចលនាទាមទារឯករាជ្យយ៉ាងសាហាវ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ឥណ្ឌូណេស៊ីបានសម្លាប់ជនជាតិទីម័រខាងកើតយ៉ាងហោចណាស់ ១៨០ ០០០ នាក់គិតចាប់តាំងពីចូលឈ្លានពាន ទីម័រខាងកើត ក្នុងឆ្នាំ១៩៧៥៕