ក្រទ្រព្យតែមិន​ក្រគំនិត! យុវជន​ខ្មែរ​៣​រូប​តស៊ូ​ពី​ក្រខ្លាំង​ រហូតរកបានពាន់ដុល្លារក្នុង១ខែ

  • 2017-11-06 02:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ពាក្យ​ចាស់​តែង​ពោល​ថា «តស៊ូ​គង់​បាន​សម្រេច​ ឱ្យ​តែ​មិន​បោះបង់»។ ជាក់​ស្ដែង​យុវជន​ខ្មែរ​៣​រូប​នេះ​ធ្លាប់​ឆ្លងកាត់​ជីវិត​លំបាក​ខ្លាំង​មាន​ខ្លះ​ធ្លាប់​ជា​ក្មេង​លាង​ចាង និង​ខ្លះ​ទៀត​ធ្លាប់​ធ្វើ​ការ​ប្រាក់​ខែ​តិច​តួច​ស្ដួច​ស្ដើង តែ​មិន​បាន​អស់​សង្ឃឹម​នឹង​ជីវិត តូច​ចិត្ត​នឹង​វាសនា​របស់​ខ្លួន​ឡើយ តស៊ូ​រហូត​ទទួល​ជោគជ័យ​ដ៏​ត្រចះត្រចង់។ ដូច្នេះ​សូម​មក​ស្គាល់​យុវជន​ទាំង​បី ថា​តស៊ូ​ក្នុង​ជីវិត និង​មាន​គំនិត​ល្អ​ៗ​អ្វី​ខ្លះ​ទើប​អាច​រំដោះ​ភាព​ក្រ​បាន?

១. យុវជន​ គង់ គីមហេង ពី​ក្មេង​លាង​ចាន​ក្លាយ​ជា​អ្នក​ជំនាញ​ក្រឡុក​ស្រាលក់​ដ៏​ល្បី

ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ​យុវ​ជន​កំព្រា​ម្ដាយ​ម្នាក់​ បាន​សម្រេច​ក្ដី​ស្រម៉ៃ​ដំបូង​របស់​ខ្លួន​ទាំង​នៅ​ក្មេង​វ័យ​។ គង់ ​គីមហេង​ ជា​កូន​អ្នក​នៅ​ភ្នំពេញ​ម្ដុំក្បាល​ថ្នល់​។ ​បន្ទាប់​ពី​ធ្វើ​ការ​តាមហា​ង ​និងកាស៊ីណូ​ បាន​ជិត​៥ឆ្នាំ​ គីម​ហេង​ បាន​បើក​​អាជីវ​កម្មខ្នាត​តូច​មួយ​ គឺ​ក្រឡុក​ស្រា​​​ មាន​យីហោ Mob​ ដែល​អាច​រកប្រាក់​ចំណេញ​បាន​ជាង​ ២០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ គីមហេ​ង​ថា នេះ​ជា​ជោគ​ជ័យ​ដំបូង​ក្នុង​ជីវិត​របស់​ខ្លួន។​

ដោយ​សារ​ស្ថាន​ភាព​ទី​ទាល់​ក្រ និងថាជួនកាល​ដាច់​បាយ​ម្ដង​ម្កាល​ ផង​នោះ ស្ថាន​ភាព​នេះ​​គីមហេង​ថា​បាន​រុញ​ច្រាន​ឲ្យ​ខ្លួន​ចេញ​រក​ប្រាក់​ទាំង​វ័យ​១៦​ឆ្នាំ។ គីមហេង​​ឲ្យដឹង​ថា​ការ​ងារ​ដំបូង​របស់​លោក​គឺ​ជាអ្នកលាងចាន​ក្នុង​ភោជនីយ​ដ្ឋាន​តូច​មួយ ​និង​ទទួលបានកម្រៃត្រឹម៦០ដុល្លារ​ក្នុង​មួយ​ខែ។ ធ្វើ​ការ​បាន​ពីរ​ឆ្នាំ ពោលគឺ ពេល​លោក​មាន​វ័យ​១៨​ឆ្នាំ​លោក​ក៏​បាន​ ចូល​ធ្វើការ​នៅ​កាស៊ីណូមួយ​ជាមួយ​បង​ស្រី​បង្កើត​នៅ​ភ្នំពេញ​។

ហាក់​បី​ដូច​ជាមាន​ និស្ស័យ​ជាមួយ​ការងារ​ក្រឡុកស្រា​ ហើយ​ខ្លួន​ចូល​ចិត្ត​រសជាតិ​ស្រាក្រឡុក​ផង គីមហេង ​ថាមេការ​កាស៊ីណូ​បានប្ដូរ​កាងារ លោក​ឲ្យទៅ​បម្រើ​ក្នុង​ផ្នែក​ក្រឡុក​ស្រាវិញ​ម្ដង​ ដែល​នេះ​លោក​ថា ជាឱកាស​សម្រាប់​លោក​ ចាប់​ផ្ដើម​ស្វែង​យល់ ​និង​រៀន​សូត្រ​ជំនាញ​ក្រឡុក​ស្រា ពី​អ្នក​ជំនាញ​នៅទី​នោះ។​ ដោយ​ដឹង​ថា​ខ្លួន​មិន​បាន​សិក្សា​បន្ត​ទៀត​ គីមហេង ថា​លោក​បាន​ប្ដូរ​មក​អាន​សៀវភៅ​ជា​ប្រ​ចាំ ​ហើយ​សៀវ​ភៅ​ដែល​លោក​ចូល​ចិត្ត​អាន​គឺសៀវ​ភៅនិយាយ​ពីបុគ្គល​ជោគជ័យ​ ល្បីៗ​មាន​ដូច​ជា លោក​បៀលហ្គេត លោកម៉ហ្សកឃើប៊ើក និង​លោក​ចេកម៉ា ​ជាដើម​។ អាន​សៀវភៅ​យូរៗ​ទៅ ​លោក​ថា​ធ្វើ​ឲ្យលោក​ បែក​គំនិត​ចង់​ចេញ​ធ្វើ​ជំនួញខ្លួន​ឯង​ ដោយ​ចាប់​ផ្ដើម​សន្សំ​លុយ​បន្តិច​ម្ដង​ៗ និ​ង​គិត​គូរ​យ៉ាង​ហ្មត់​ចត់ពី​ការ​ចាប់​ផ្ដើមជំនួញ​ដំបូង​របស់ខ្លួន​។

មាន​លុយបន្តិច​បន្តួច​ក្នុង​ហោប៉ៅ ​គីមហេង ​ថា​ខ្លួនបានប្រថុយ​យក​កាត​គ្រីម៉ូតូ ទៅ​បញ្ចាំ​ដើម្បី​សម្រេច​បំណង​ ដែល​បាន​គិត​ទុក​ជាយូរ​មក​ហើយ​។

យុវ​ជនវ័យ​ក្មេង​រូប​នេះ ​ថា​ខ្លួន​​បាន​ឈានជើងចេញរកស៊ីក្រឡុកស្រាលក់ តាម​ចញ្ចើម​ផ្លូវ​ដំបូង​នៅ​លើចញ្ចើម​ផ្លូវ​ខាង​លិចសួនមុខវត្ត​បទុមវត្តី ដោយ​មាន​យីហោ ថា​Mob ហើយ​ទទួល​ការគាំទ្រ​ពីអតិថិ​ជន​ជាច្រើន​ ជាពិ​សេស​យុវវ័យ និង​ជនបរ​ទេស ដែល​ចូល​ចិត្ត​ដើរ​ម្សាន្ត​តាម​សួន និង​អង្គុយ​ជជែក​គ្នា​លេង​ជាលក្ខណៈ​លំហែ​កាយ។

គង់ គីមហេង បានសម្ដែងក្ដីសង្ឃឹមថា នៅចន្លោះអាយុ ២៥ ទៅ ៣០ឆ្នាំ លោកនឹងក្លាយជាថៅកែ រង្គសាលមួយ ហើយសង្ឃឹមថាអាចពង្រីសាខាឲ្យបានច្រើន។

២. លោក​ស្រី ឃី មុនី ពី​អ្នក​ធ្វើ​ការ​ប្រាក់​ខែ​៥០​ដុល្លារ​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ

​ជា​កូន​ស្រី​កំព្រា​ឪពុក​ ​លោក​ស្រី​ ​ឃី​ ​មុនី​ ​សុខ​ចិត្ត​ចាក​ចេញ​ពី​គ្រួសារ​ មក​បន្តការសិក្សា​ និង​ស្វែង​រក​ការងារ​នៅ​ភ្នំពេញ​ ​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​។ ​ការ​ចាក​ចេញ​នោះ​ដោយ​សារ​ ​ចង់រំដោះខ្លួនចេញពីបន្ទុកចំណាយគ្រួសារ ដើម្បីសម្រាលការលំបាក​របស់ម្ដាយ​ ដែល​ដើរ​តួ​ជា​ម្ដាយ​ផង​ ​ឪពុក​ផង​ ​រួម​ទាំង​រ៉ាប់​រង​បន្ទុក​កូនៗ​ជា​ច្រើន​នាក់​។ ​ភាព​ក្រីក្រ​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ដ៏​រឹង​មាំ​ ​រហូត​ទទួលពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២០១៧​ កាលពីពេលថ្មីៗនេះ។

​លោក​ស្រី​ ​ឃី ​មុនី ​ជា​អ្នក​ខេត្ត​កំពង់ចាម​ ​ដែល​មាន​បង​ប្អូន​ចំនួន​ ​៧នាក់​ ​និង​ជា​កូន​ស្រី​ពៅ​ មាន​តែ​ម្ដាយ​ជា​មេ​គ្រួសារ​។ ​បន្ទាប់​ពី​លោក​ស្រី​ប្រឡង​ជាប់​បាក់​ឌុប​ ​ ក៏​សម្រេច​ចាក​ចេញ​ពី​ស្រុក​កំណើត​ ​មក​បន្ត​ការ​សិក្សា​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ​នៅ​រាជ​ធានី​ភ្នំពេញ​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ​លោក​ស្រី​រៀប​រាប់​ថា ​៖ "ពេល​នោះ​ជា​លើក​ដំបូង​ដែល​ត្រូវ​បែក​ពី​ម្ដាយ​ អារម្មណ៍​ពិត​ជា​ពិបាក​"។ ​លោក​ស្រី​ថា​ អ្វី​ដែល​លោក​ស្រី​ប្រាប់​ខ្លួន​ឯង​ឲ្យ​ប្រឹង​បន្ត​ឡើង​នោះ​ ​គឺ​ដោយ​សារ​ភាព​ក្រីក្រ​ ​បាន​ជំរុញ​ទឹក​ចិត្ត​លោក​ស្រី​ត្រូវ​តែ​តស៊ូ​សម្រេច​គោលដៅ​ឲ្យ​បាន​។

​ចូល​ដល់​ឆ្នាំ​ទី២ភា្លម ​លោក​ស្រី​ទទួល​បាន​ការងារ​ដំបូង​ផ្នែក​រដ្ឋបាល ​ជា​ការងារ​ហាត់ការ​ ឬហៅ​ថា​ Internship ​រយៈពេល​ ០៦ខែ ​លោក​ស្រី​ទទួល​បាន​ប្រាក់​ឈ្នួល​៥០​ដុល្លារ​ក្នុង​១ខែ ​ត្រឹម​បង្គ្រប់​ថ្លៃសាំង​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​លោក​ស្រី​ពេញចិត្ត​នឹង​ធ្វើ​ ​ព្រោះ​ជា​កន្លែង​ដែល​លោក​ស្រី​បានរៀនសូត្រ​ពី​មនុស្ស​ជំនាញ​ជា​ច្រើន​ និង​អនុវត្ត​ជាក់​ស្តែង​ ធ្វើ​ឲ្យ​លោក​ស្រី​លែង​ខ្លាច​ និង​បាន​ស្គាល់​ពី​សង្គម​កាន់​តែ​ច្បាស់​។ ទន្ទឹម​នឹង​ការងារ​​លំបាក​ៗ​ជា​ច្រើន​ ​បាន​ចូល​ក្នុង​ជីវិត​ស្ត្រី​វ័យ​ក្មេង​រូបនេះ​ ​បាន​ប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​ចាស់​បុរាណ​តែង​ពោល​ថា​ " ​ស៊ូ​នឿយ​មុន​ស្រណុក​ក្រោយ​" ​ហេតុ​ដូច្នេះ​ លោក​ស្រី​មិន​ដែល​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឡើយ​។

​ការងារ និងជីវិត​ឯកជន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​បញ្ចប់​ការងារ​ហាត់​ការ​ លោកស្រីបានធ្វើ​ការ​ជា​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​អចលទ្រព្យ​មួយ​ និង​ឆ្លៀត​ពេល​រក​ម៉ូយ​ជួយ​ជា​លក់​ផ្ទះ​ឲ្យ​គេ​បន្ថែម។ លក់ផ្ទះដំបូងលោកស្រី រក​ប្រាក់​បាន​ ៣​ពាន់​ដុល្លារ​ ជា​កម្រៃ​ជើង​សា (Commission) ​រួច​ក៏​មានបែក​គំនិត​រកស៊ី​នាំចូល​សំបក​កៅស៊ូម៉ូតូ។ អាជីព​​ជា​ពេល​វេលា​មួយ​ដែល​លោក​ស្រី​ភ័យ​ខ្លាច​ ​តែ​ដោយ​មាន​ចំណេះ​ដឹង​ភាព​ជា​សហគ្រិន​ គឺ​ត្រូវ​តែ​ហ៊ាន​ប្រថុយ​។

​មក​ដល់​ឆ្នាំ​ ២០១១ ​លោក​ស្រី​ ​បាន​ងាក​មក​ចាប់​របរ​រកស៊ី​ស្រូវ​អង្ករ​មាន​ឈ្មោះ​ថា Amru Rice និង​ ឆ្នាំ ២០១៣ ដឹកនាំកសិករ ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​ក្រៅ​ជាង​ ​៤០​ប្រទេស​ និង​ជួយ​កសិករ​ខ្មែរ​ប្រមាណ​ ៥​ពាន់​គ្រួសារ​ ប្ដូរ​មក​ធ្វើ​ស្រូវបែប​សរីរាង្គ​ទល់​បច្ចុប្បន្ន។

៣. លោក ញឿក ភារុម្យ តស៊ូ​ពី​ប្រាក់​ខែ ៨០​ដុល្លារ​ក្លាយ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត

ដោយ​សារ​ធ្វើ​​ការ​ទទួល​បាន​ប្រាក់​ខែ​តិច​ពេក​​គឺ​ត្រឹម​តែ​៨០​ដុល្លារ​ក្នុង​មួយ​ខែ​ លោក​ ញឿក​ ភារុម្យ​​ ក៏​​មាន​គំនិត​មួយ​ គឺ​បើក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​​។​ ដំបូង​ឡើយ​លោក​​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ ផ្នែក​​អក្សរសាស្ត្រ​អង់គ្លេស​​ ​ហើយ​ឆ្លៀត​ពេល​​ធ្វើ​ការ​បាន​ប្រាក់​ខែ​តែ​៨០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ ​

ថ្ងៃ​មួយ​​​លោក​បាន​ឃើញ​វីដេអូ​មួយ​តាម​អ៊ីន​ធើ​ណេត​ ​ដែល​បង្ហាញ​ពី​​​​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ ពេល​នោះ​​បាន​​ចាប់​អារម្មណ៍​ខ្លាំង​លើ​មុខ​របរ​នោះ​​។​​ ​បន្ទាប់​មក​លោក​ក៏​​ទៅ​រៀន​សូត្រ​បច្ចេកទេស​បន្ថែម​ទៀត​នៅ​ប្រទេស​ថៃ​ និង វៀតណាម​ ព្រម​ទាំង​​បាន​នាំ​​យក​ពូជ​ចង្រិត​ដែល​ល្អ​​មក​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចិញ្ចឹម​សាក​ល្បង​ទៀត​ផង​។​

ចាប់​ផ្ដើម​ដំបូង​ លោក ​មាន​ដើម​ទុន​ត្រឹម​មួយ​ពាន់​ដុល្លារ​ទេ​ សម្រាប់​ការ​សាង​សង់​កសិដ្ឋាន​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​។​ ​ការ​ចាប់​ផ្ដើម​លោក​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ និង​ការ​ខាត​បង់​ជា​ច្រើន តែ​លោក​មិន​ដែល​គិត​ចង់​បោះ​បង់​នោះ​ឡើយ​។

ការ​តស៊ូ​ពិត​ជា​មិន​អត់​ប្រយោជន៍ អាជីវកម្ម​របស់​លោក​ក៏​ចាប់​ផ្ដើម​​ទទួល​បាន​ចំណូល​កើន​ឡើង​បន្តិច​ម្ដង​ៗ​ចាប់​ពី​ខែ​ទី​៤​នៃ​ការ​ចិញ្ចឹម​​ ​​ហើយ​រហូត​​មក​ទល់​សព្វ​ថ្ងៃ​​គឺ​មាន​រយៈ​ពេល​​៧​ឆ្នាំ​​ហើយ​។​ បច្ចុប្បន្ន​កសិដ្ឋាន​ការ​ចិញ្ចឹម​ចង្រិត​របស់​លោក អាច​ប្រមូល​ផល​បាន ​​​ប្រមាណ​១​តោន​​ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ​។​ លើស​ពី​នេះ​លោក​បាន​បង្រៀន​កសិករ​ដទៃ​ទៀត​មួយ​ចេះ យក​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ។

យុវជន​តស៊ូ​ក្នុង​ជីវិត​រូប​នេះ ប្រាប់​ថា ក្នុង​មួយ​ខែ​ៗ​ លោក​បាន​ផ្គត់​​ផ្គង់​ចង្រិត​ប្រមាណ​​ជាង​១០​តោន​​ដែរ​ ​ទៅ​អោយ​ទីផ្សារ​​ក្នុង​ប្រទេស​កម្ពុជា​៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ