ភ្ញាក់ផ្អើល! ម្ចាស់​​បទ "PPAP" និង Donald Trump ជួបគ្នា​នៅ​​ជប៉ុន

  • 2017-11-07 02:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មួយ​សន្លឹក​របស់​តារា​ចម្រៀង​ជប៉ុន​ម្ចាស់​បទ​ "PPAP” បាន​ធ្វើ​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​កំពុង​មាន​ការ​ភ្ញាក់ផ្អើល​ និង​បាន​ចែក​រំលែកតៗ​គ្នា​ នៅ​ពេល​ឃើញ​វត្តមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​​ប្រធានាធិបតី​ជប៉ុន​ Shinzō Abe ឈរ​ជាប់​នោះ។

តារាជប៉ុន​ Piko-Taro បាន​ក្លាយ​ជា​បុគ្គល​ល្បី​ មាន​អ្នក​ស្គាល់​ជា​ច្រើន​ជុំវិញ​ពិភពលោក​ តាមរយៈ​វីដេអូ​បទ​ចម្រៀង​ខ្លី​ មាន​ចំណងជើង​ថា​ "Pen-Pineapple-Apple-Pen” ឫ "PPAP” កាល​ពី​ឆ្នាំ​មុន។ ដោយ​ឡែក​ ថ្ងៃ​ទី​ ០៦ ខែ​វិច្ឆិកា​ ម្សិលមិញ​នេះ លោក​បង្ក​ភាព​ភ្ញាក់ផ្អើល​ម្ដង​ទៀត​ហើយ​ ក្រោយ​ពេល​បង្ហោះ​រូប​ជំនួប​របស់​ខ្លួន​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ Shinzō Abe លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

តាម​រយៈ​ជំនួប​នេះ​ដែរ បើ​តាម​ទី​ភ្នាក់ងារព័ត៌មាន​ Kyodo បាន​ឲ្យ​ដឹង​ថា​កាល​ពី​ខែ​តុលា​ថា​ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ បាន​រៀបចំ​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​យ៉ាង​ពិសេស​មួយ​ អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Trump មក​កាន់​ប្រទេស​ជប៉ុន។ អ្វី​ដែល​កាន់​តែ​ពិសេស​ លោក​ក៏​បាន​អញ្ជើញ​ តារា​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​ Piko-Taro ឲ្យ​មក​ចូលរួម​ដែរ។

ដោយឡែក​ បើ​តាម​ប្រភព​មួយ​មក​ពី​ខាង​មន្ត្រី​រដ្ឋាភិបាល​ ក៏​បាន​បង្ហើប​ដែរ​ថា​ លោក​ Shinzō Abe បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ Donald Trump កាល​ពី នៅ​ក្នុង​ទីក្រុង​ New York ហើយ​ពេល​នោះ​ ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ក៏​បាន​ប្រាប់​ទៅ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ថា​ ខ្លួន​មាន​អារម្មណ៍​ស្រស់ស្រាយ ពេល​បាន​ទស្សនា​វីដេអូ​របស់ Piko-Taro។

មិន​ត្រឹម​តែ​ Trump ទេ​ ដែល​ពេញ​ចិត្ត​ការ​សម្ដែង​របស់​ម្ចាស់​បទ​ "PPAP" សូម្បី​ចៅ​ស្រី​ដែល​មាន​ឈ្មោះ​ថា​ Arabella ក៏​ជា​អ្នក​គាំទ្រ​ផ្កាប់មុខ​របស់​ តារា​កំប្លែង​រូប​នេះ​ដែរ។ ជាក់ស្ដែង​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន លោក​ស្រី​ Ivanka Trump ដែល​ត្រូវ​ជា​ម្ដាយ​ក្មេង​តូច​រូប​នេះ​ បាន​បង្ហោះ​វីដេអូ​នាង រាំ​ច្រៀង​​ត្រាប់​ ម្ចាស់​បទ​យ៉ាង​រស់​រវើក។

ទស្សនាវីដេអូ​ខាងក្រោម៖

A post shared by Ivanka Trump (@ivankatrump) on

ដោយ​ឡែក​ ការ​មក​កាន់​ប្រទេស​ជប៉ុន​របស់​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​តំបន់​អាស៊ី។ ក្រៅ​ពីនោះ​ លោក​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង, ចិន, វៀតណាម និង​ហ្វីលីពីន។ ដំណើរ​ទស្សនកិច្ច​នោះ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​ ១៤​ ខែ​វិច្ឆិកា​ខាងមុខ៕

អត្ថបទ៖ យី សុធារី