មិន​ធម្មតា! គ្រាន់​តែ​ជាង Make up ​ឲ្យ Miss Global ជាង៣០​នាក់ សុទ្ធតែ​​​ជាង​លំដាប់​ប្រទេស

  • 2017-11-08 09:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​​ស្អាត​ទាំង​៦៥​រូប​ តំណាង​ប្រទេស​ទាំង​៦៥ មក​​ពី​ជុំ​វិញ​ពិភពលោក ដែល​កំពុង​តែ​ចូល​រួម​​ប្រឡង Miss Global International 2017 ក្នុង​​ទេស​កម្ពុជា គ្រាន់​តែ​ជាង​ចាំ​ Make up ​ឲ្យ​មាន​រហូត​ដល់​​ទៅ៣២នាក់ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី ប៉ុបពី ដែល​ជា​​ជាង​ម្នាក់​ក្នុង​ចំណោម​ជាង​ទាំង​នោះ។

ប៉ុបពី បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ជាង​ Make up ឲ្យ Miss Global International 2017 ត្រូវ​បាន​ជ្រើសរើស​សុទ្ធតែ​ជាង ដែល​មាន​ស្នាដៃ​​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ទាំង​អស់ ក្នុង​នោះ មេ​ក្រុម គឺ​ រំដួល​លិច​ទឹក។

តារា​ភេទ​ទី៣​​មាន​ជំនាញ​ខាង Make up​ ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រុម​របស់​នាង​ត្រូវ​ទទួល​រ៉ាប់រង​ចាប់​តាំង​ពី​វត្តមាន​ក្រុម Miss Global International 2017 ចូល​មក​ដល់​កម្ពុជា រហូត​ដល់​ត្រលប់​ទៅ​វិញ ដោយ​ត្រូវ​ដើរ​តាម​គ្រប់​កម្មវិធី​ទាំង​អស់។ "​គាត់​ទៅ​កំពង់​ចាម​ គាត់​ទៅ​​សៀមរាប កំពង់សោម បូកគោ កំពត ថត​នៅ​ភ្នំពេញ គឺ​​ក្រុម Make up​ ទាំង​៣២​នាក់​នេះ ​ទៅ​តាម​គាត់​ទាំង​អស់ " ប៉ុបពី រៀបរាប់​ឲ្យ​ដឹង។

ប៉ុបពី មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​ ដែលក្រុម​របស់​​នាង​ទទួល​បាន​ពី​ការ​ Make up ​នេះ​ឡើយ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា គ្រប់​ជាង​ទាំង​អស់ គឺ​ជា​ការ​ស្ម័គ្រចិត្ត​ជួយ​មុខ​មាត់​ប្រទេស ហើយ​ក្រោយ​បញ្ចប់​ការ​ប្រកួត គ្រប់​ជាង​ទាំង​អស់ នឹងទទួល​បាន​ប័ណ្ណ​សរសើរ​​​ ដែល​មាន​ស្តង់ដារ​អន្តរជាតិ ម្នាក់​មួយ​ផង​ដែរ។

Miss Global International ជា​កម្មវិធី​ប្រកួត​សម្រស់​អន្តរជាតិ​មួយ ដែល​មាន​ការ​បញ្ជ្រាប​​ការ​យល់​ដឹង​ពី​បរិស្ថាន។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ចំនួន​៥​លើក​មក​ហើយ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក។ សម្រាប់​នៅ​ឆ្នាំ២០១៧​នេះ ប្រទេស​កម្ពុជា គឺ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​ជា​លើក​ដំបូង​​របស់​កម្ពុជា​ផង​ដែរ។ កម្មវិធី​​​​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧។

កញ្ញា​ យស ប៉ូលីណា (Paulina Yos)​ ​តំណាង​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​​ចូល​រួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ពិភព​លោក​នេះ។ ប៉ូលីណា មាន​វ័យ​២៥​ឆ្នាំ នាង​មាន​ឈាម​ជ័រ​ខ្មែរ-អាមេរិក ដោយ​សព្វ​ថ្ងៃ​រស់​នៅ​​ក្រុង San Francisco រដ្ឋ​​California សហរដ្ឋ​អាមេរិក៕

អត្ថបទៈ ស៊ុនហួត