ស្ត្រី​ម្នាក់​ប្តូរពី​ម៉ាស៊ីន មក​បន្ទះ​សឡា សម្រាប់​របរបញ្ចូលអាគុយ

  • 2017-11-07 03:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ម្នាក់​បាន​កែ​ច្នៃ​របរ​បញ្ជូល​អាគុយ​របស់ខ្លួន​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន ចាក់​ប្រេងម៉ាស៊ូត មក​ដាក់​បន្ទះ​សឡាជំនួស​វិញ​ដោយ​ថា​វិធី​នេះ​មិន​សូ​វ​ចំណាយ​ច្រើន និង​មិន​ហត់​កម្លាំង​ក្នុង​ការ​រវ៉ៃ​ម៉ាស៊ីន​ផង។

កំពុង​ទទួល​អាគុយពី​អតិថិជន​របស់​ខ្លួន អ្នកស្រី សោ អច់ វ័យ​៦០​ឆ្នាំ​ ប្រាប់​Sabay ថា​អ្នកស្រី​បាន​ផ្លាស់​ប្តូរ​ពី​ម៉ាស៊ីន មក​ប្រ​ព័ន្ទ​សឡា នេះ​កាលពី​​បី​ឆ្នាំ​មុន​បន្ទាប់​ពី​ស្វាមី​អ្នកស្រី​ទទួល​មរណភាព។

អ្នកស្រី​បន្តថា​ការ​ប្រើប្រាស់ប្រព័ន្ធ​សឡា គឺមានភាព​ងាយ​ស្រួល មិន​បាច់រវ៉ៃដូច​ម៉ាស៊ីន​នោះទេ និង​ម្យ៉ាង​ថា​អ្នកស្រី​ក៏គ្មាន​កម្លាំង​ទៅ​រវ៉ៃ​ម៉ាស៊ីន​ដូចគ្នា។

(អ្នកស្រី សោ អច់ កំពុងទទួល​អាគុយពី​កុមារ​ម្នាក់​ ដែល​យកមក​បញ្ចូល​ភ្លើង)

អ្នកស្រី​បញ្ជាក់ថាៈ «វិធី​ថ្មី​នេះ​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ជាង​មុន​និង​មាន​ភាព​ងាយ​ស្រួល​ សូម្បី​ខ្ញុំ​ជា​ស្រ្តី​ក៏​អាច​ធ្វើ​បាន​ដែរ​តែ​ពុំ​សូវ​មាន​អ្នក​ហ៊ាន​ប្រើ​ទេ​ព្រោះ​មាន​តម្លៃ​​ថ្លៃរ​ហូត​ដល់​៣០០០​ដុល្លា​ឯណោះ»។ ​

ដោយមាន​កូន​ប្រុស​ម្នាក់​កំពុង​រៀន​នៅ​មហាវិទ្យាល័យ​ក្នុងទី​ក្រុង​ភ្នំពេញ ស្ត្រី​រស់​នៅ​ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ​ រូបនេះ​បញ្ជាក់ថា​របរ​នេះ​បានជួយ​ផ្គត់​ផ្គង់ជីវភាព​ក្នុង​គ្រួសារ​របស់​អ្នក​ស្រី​។

ទោះ​យ៉ាងណា​អ្នកស្រីថា មុខរបរនេះ​ក៏​ទំនង​មិនស្ថិតស្ថេរ​យូរ​អង្វែង​ដែរ​ដោយ​ថា​បណ្តាញ​អគ្គិសនី​សព្វ​ថ្ងៃ​បាន​ចាប់​ផ្តើម​មាន​ស្ទើរគ្រប់​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ និង​ថា​ពល​រដ្ឋ​ក៏​មិន​សូវ​ប្រើ​អាគុយ​ទៀត​ដែរ​។

(ចំនួន​អាគុយ​ដែល​ដាក់បញ្ចូល​នៅ​កន្លែង​អ្នកស្រី សោ​ អច់)​

អ្នកស្រី​បន្ថែមថាៈ «កាលពី​​១៥​ឆ្នាំ​មុន​មួយ​ថ្ងៃ​រកបាន​ខ្អស់​១០ម៉ឺន​រៀន​ ហើយ​កាលនោះ​តម្លៃ​បញ្ចូល​អាគុយ​ថ្ងៃ​អស់១ ០០០រៀល​ តែ​ពេលនេះ​រក​បាន​ប្រហែល​បី​ម៉ឺន​ក្នុង​មួយ​ថ្ងៃ...តម្លៃបញ្ចូល​អាគុយ​មាន​៣ ០០០រៀល តាម​ប្រ​ភេទ​អាគុយ»។

(បន្ទះសឡា ដែល​ដាក់​ពង្រាយ​លើ​ដំបូល​ផ្ទះ​អ្នកស្រី សោ​ អច់)

អ្នកស្រី​បញ្ចាក់​ថាបើទោះបីជា​មុខរបរនេះ​កាន់តែ​ខ្សត់ទៅៗ និង​មិនសូវបាន​ចំណូល​ក៏​ដោយ ក៏អ្នក​ស្រ្តី​នៅ​តែ​បន្ត​ក្រាញ​ននៀល​ជាមួយ​របរនេះ​ដែរ លុះណា​តែ​លែងមាន​អតិថិជន​យក អាគុយ​មក​បញ្ចូល៕

ចុចអាន៖

អត្ថបទដោយ៖​ ជិន វេន