តារាស្រី៨​​រូប​បែក​បាក់​ស្វាមី​ និង​គូ​ដណ្ដឹង​ទាំង​រូប​សម្រស់​ស្រស់​សោភា

  • 2017-11-07 23:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​នរណា​ម្នាក់​ចង់​​បែក​បាក់​គ្នា​នោះ​ទេ​ក្រោយ​ពី​រៀប​ការ​មាន​គ្រួសារ​ហើយ​ តែ​ធ្វើ​​យ៉ាង​ម៉េច​បើ​ជីវិត​​រស់​នៅ​មិន​​ចុះ​សម្រុង​​នឹង​​គ្នា​ ហេតុ​ដូច្នេះ​ហើយ​មាន​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន ទើប​មាន​សេចក្ដី​សុខ​។

នៅ​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ជីវិត​ស្នេហា​តារាស្រី៨រូប​​បាន​សម្រេច​ជ្រើស​រើស​ផ្លូវ​បែក​​គ្នា​ជា​ដំណោះ​ស្រាយ​​ ទាំង​រូប​សម្រស់​​នៅ​ស្រស់​ស្អាត​​ ដោយ​សារ​តែ​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​តទៅ​ទៀត​បាន​។

តារាស្រីទាំង​៨ រួប​មាន​៖

១/ អ្នក​មេម៉ាយ​ក្ដៅ​ស្រួយ​ ពេជ្រ សោភា ​ក្រោយ​ពី​រៀប​ការ​ជាមួយ​​អាណិកជន​ខ្មែរ​​អាមេរិក​រួច​មក​ប្រជា​ប្រជាប្រិយភាព​​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​​ទស្សនិកជន​។ រៀបការ​បាន​ប្រហែល​ជាង​១​​​ឆ្នាំ​​ក៏​ស្រាប់​តែ​បែក​ធ្លាយ​ព័ត៌មាន​ថា​​ម្ចាស់​បទ​ " រាំ​ឲ្យ​ដាច់​ចង្កេះ​" បាន​លែង​លះ​ស្វាមី​។​​​​​

២​/ អ្នកមេម៉ាយ​ចាយ​សម្រស់​ សុខ ស្រីនាង ក្រោយ​ពី​រៀបការ​ជាមួយ​តារា​ចម្រៀង​រួម​ទ្រនំ​ គឺ​លោក ស៊ី សុវត្ថិ បានមួយរយៈ ​ប៉ុណ្ណោះ​ជីវិត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ក៏​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​​រៀង​ៗ​ខ្លួន​ ហើយ​ស្រី​នាង​ ក៏​ត្រលប់​មក​ប្រលូក​សិល្បៈ​ពេញ​ទី​ដូច​ដើម​ ព្រម​ទាំង​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​​ទៀត​ផង​។

៣/ ​អ្នក​ម្ដាយ​វ័យ​ក្មេង​ ភិន សុដាលីស ​​បាន​ឡើង​​តុលាការ​ទាក់​ទង​​​រឿង​រ៉ាវ​លែង​លះ​ជាមួយ​លោក ប៉ែន ចំរ៉ុង ​ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​បាន​ជាង​១​ឆ្នាំ​ ហើយ​ពេល​នោះ​នាង​កំពុង​តែ​មាន​ផ្ទៃ​ពោះ​បាន​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ​។ ពេល​​នេះ​កូន​ស្រី​របស់​នាង មាន​អាយុ​ ១ ឆ្នាំ​ហើយ​។

៤/​សម្រាប់​អ្នក​មេម៉ាយ​ក្រមិចក្រមើម​​អាច​សម្ដែង​​បាន​គ្រប់​ទម្រង់​ សុខ សោម៉ាវត្តី បន្ទាប់​ពី​រៀប​ការ​ជាមួយ​លោក​​​​​ ទូច ដាណារ៉ា ហៅ ពេជ្រ កូន​ប្រុស​ឯកឧត្ដម ទូច ណារ៉ុថ កាល​ពី​ឆ្នាំ ២០១៣ ​រួច​មក​នាង​​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​។ ក្រោយ​មក​ទៀត​​តួ​ឯក​ស្រី​ក្នុង​រឿង​ "អ្នក​នាង​ម្ចាស់​ឡឺកឺ​" ក៏​លេច​មុខ​​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ភាគ​​បាន​មួយ​រយៈ​ក៏​លេច​ឮ​ដំណឹង​​ថា នាង​ និង​ស្វាមី​បាន​លែង​លះ​គ្នា​រួច​ហើយ​​ដោយ​បន្សល់​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ​។

៥/ ចំណែក​ឯ​តារា​ទឹក​ភ្នែក​ នី មុន្នីនាថ អតីត​គូ​ដណ្ដឹង​​​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ឆបោក​ និង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​​ ក្រោយ​ពី​នាង​សុំ​ផ្ដាច់​ពាក្យ​ក្រោម​ហេតុ​ផល​មិន​ចេះ​ប្រើ​ពាក្យ​ពេចន៍​លួង​លោម​ និង​ផ្អែម​ល្ហែម​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

៦/​​តារា​ចម្រៀង​ និង​សម្ដែង​ដែល​ធំធាត់​ឡើង​នៅ​លើ​ទឹក​ដី​អូស្ត្រាលី​ អ្នកនាង យ៉ាន លីនដា បាន​សម្រេច​លែង​លះ​ស្វាមី​ ក្រោយ​ពី​ខ្លួន​តាម​ទាន់​ស្វាមី​​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា។ ចុង​ក្រោយ​នាង​ក៏​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​រស់​នៅ​ជា​មួយ​កូន​ស្រី​ជា​ទី​ស្រលាញ់​នៅ​ប្រទេស​អូស្ត្រាលី​វិញ​។

៧/ ជីវិត​ស្នេហា​​អ្នកនាង ឈិន ច័ន្ទ​សុធារី ត្រូវ​បាន​បញ្ចប់​ជាមួយ​លោក សុវណ្ណ មករា ​​ដោយ​សារ​តែ​អតីត​​ស្វាមី​​មិន​ខ្វាយ​ខ្វល់​ពី​ខ្លួន​ ហើយ​លួច​ទៅ​មាន​ស្រី​ក្រៅ​ជា​ញឹក​ញាប់​។ ចំណែក​ឯ​កូន​ភ្លោះ​ទាំង​ពីរ​គឺ​នាង​ជា​អ្នក​មើល​ខុស​ត្រូវ​។

៨/ តារាសម្តែង កែវ ពេជ្រពិសី​ រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​មិន​បាន​ប៉ុន្មាន​ខែ​ផង​ ស្រាប់​តែ​បែក​ធ្លាយ​ដំណឹង​ថា​​ខ្លួន​ និង​ស្វាមី​បាន​បែកបាក់​គ្នា​ហើយ​។ បន្ទាប់​ពី​មាន​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​រួច​មក​នាង​ ក៏​ត្រលប់​មក​ចូល​សិល្បៈ​វិញ​។ ចំពោះ​ការ​ចូល​សិល្បៈ​សារ​ជាថ្មី​​ ពិសី មិន​សូវ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ដូច​មុន​ឡើយ​៕​

អត្ថបទ៖ ឆុង ស៊ីណាន