ទូកត្នោតស្រុកស្រែ កេរពីដូនតា មិន​អាច​បំភ្លេចបាន

  • 2017-11-07 06:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយពី​ដើម​ត្នោត​ ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ ជាពិសេស​អ្នក​នៅស្រែចម្ការ ច្បាស់​ណាស់​ដឹងពី​អត្ថប្រ​យោជន៍​ច្រើន​យ៉ាង​របស់​ដើម​ឈើ​ប្រឈើមួយ​ប្រ​ភេទ។ អត្ថប្រ​យោជន៍​មួយ​ក្នុង​ចំណោមអត្ថ​ប្រ​យោជន៍​ផ្សេងទៀត កសិករ​ខ្មែរ​បាន​យក​គល់​ត្នោត​ចាស់ៗ ​មក ​ធ្វើ​ជាទូក ​ជិះ​ចម្លង​ និង​ប្រើ​ប្រាស់​ក្នុង​ការ​នេសាទ ​ដកប្រលឹត បេះត្រកួន និង​ កិច្ចការលើ​ទឹក ​ក្នុង​ជីវ​ភាពប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត។​

រាងតូចច្រឡឹង អ្នកខ្លះប្រហែលគិតថា មិនអាចទ្រទម្ងន់មនុស្សបានទេ ប៉ុន្តែ​តាមពិតវាអាចផ្ទុក​មនុស្សបានពី២ ទៅ ៤ នាក់ដែរ ទៅតាមទំហំ​ទូកតូច​ធំ។ ឡើងជិះដំបូងដូចជាឃ្លោងបន្តិច តែពេលជិះយូរទៅ ទើបដឹងថា​ទំនងស្រួលម្យ៉ាងដែរ។

អ្នកស្រី សុខ រិន ម្ចាស់ខ្យូសអង្គុយលំហែនៅទំនប់​ព្រៃផ្ដៅ ក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត មានទូកត្នោតមួយ ទុក​ឲ្យភ្ញៀវជិះ​កម្សាន្ត និង​ប្រើ​សម្រាប់​ឆ្លងទៅមក ឬដាក់មងចង​សន្ទូចម្ដងម្កាលដែរ។ អ្នកស្រីថា គាត់កំពុងធ្វើទូក ២ បន្ថែមទៀត ទុកឲ្យភ្ញៀវ​ជិះកម្សាន្តលេង។

«គេ​អាច​ជិះ​បង់​សំណាញ់ ដាក់​មង...ទូក​ជ្រៅដាក់បាន​៣ទៅបួន​នាក់ បើ ទូក​រាក់​ដាក់​បាន​ពីរ​នាក់»។ អ្នកស្រី​បន្ថែម។​

(បុរស​ម្នាក់​កំពុង​ប្រើ​ឫស្សី​ដោល​ទូក​ត្នោតដើម្បី​ដកព្រលឹត​ក្នុង​បឹង​មួយ)

អ្នក​ភូមិ​ម្នាក់​ទៀត ​គឺ​លោក ហៀប ​និយាយ​ថា ទូក​ត្នោត​មួយ លោកធ្វើរយៈ​ពេល​បីថ្ងៃ ដោយ​យក​គល់​ត្នោត​ចាស់​ល្មម​មក​ចាំង ចោះ​ឲ្យ​ក្លាយជាទូក​។ លោក​បញ្ជាក់ថាៈ «ទូក​មួយ​ធ្វើបីថ្ងៃ​អីហ្នឹង គាស់ ​យើង​ចាំង...​ប្រើដាក់​មង ដកព្រលឹត​»

ចំណែកបុរស​ម្នាក់ ដែល​ឧស្សាហ៍​ចែវទូក​លេង ​បាន​រៀប​រាប់​ថា ជា​ធម្មតា​អ្នកស្រុក​នៅ​ទីនោះ​ មិន​ប្រើ​ច្រវា​សម្រាប់​ចែវ​ទេ​ គេប្រើឬស្សីសម្រាប់​ដោលវិញ​ ព្រោះថា​ទឹក​រាក់​ល្មម ហើយ​បើទឹក​ជ្រៅ​ គ្រាន់​តែ​យក​ឫ​ស្សី​ដោល​គាស់​ទឹក​តិចៗ​ក៏​ទូក​ទៅ​មុខដែរ៕

ចុចទស្សនា៖

អត្ថបទដោយ៖ ឈិន ធារ៉ាត់

ប្រ​ភព៖ ៣០ដេលី