Ford សម្ពោធ​អណ្ដូង​ទឹក​១៦ នៅ​ខេត្ត​កំពង់​ស្ពឺ និង​ត្បូង​ឃ្មុំ

  • 2017-11-08 02:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាន​រៀបចំ​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​អណ្ដូង​ទឹក​ស្អាត​១៦ ដែល​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​ជាង ២០០គ្រួសារ នៅ​ខេត្ត​កំពង់ស្ពឺ និង​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី១ វិច្ឆិកា ២០១៧។

Ford និង RMA Cambodia បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចំណាយ ២៥ ០០០ដុល្លារ ក្រោម​ជំនួយ​ឧបត្ថម្ភ​នៃ​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ជា​សកល​របស់ Ford (Ford Conservation and Environmental Grants Initiative) ទៅ​ឲ្យ​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម (KYSD) ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជា​ពល​រដ្ឋ។

មកដល់​ពេល​នេះ Ford បាន​សាង​សង់​អណ្ដូង​ទឹក​ស្អាត​ជាង ១០០អណ្តូង​ហើយ សម្រាប់​សហគមន៍​ជន​បទ​ចាប់​តាំង​ពី ២០១២ បន្ទាប់ពី​មាន​ការ​ផ្ដួចផ្ដើម​ដោយ​អនុប្រធាន Ford Elena Ford ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា។

លោក មីលី ហ្គុដមែន ប្រធាន​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​និយាយ​ថា៖ "ពួក​យើង​មាន​មោទនភាព​ដែល​បញ្ចប់​ការ​សាងសង់​អណ្ដូង​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ត្បូង​ឃ្មុំ"។

ក្រៅ​ពី​នេះ Ford ក៏​បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន​នៅ​កម្ពុជា ក្រោម​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​ប្រចាំ​ឆ្នាំ​ផង​ដែរ ហើយ​បុគ្គលិក Ford និង RMA Cambodia ក៏​បាន​ចូលរួម​ជាមួយ KYSD ដើម្បី​សាងសង់​បណ្ណាល័យ​មួយ​ខ្នង ក្នុង​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។

សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​អ្នក​ស្ម័គ្រចិត្ត​មក​ពី Ford រាប់ពាន់​នាក់ បាន​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​សង្គម​ផ្សេងៗ​ទៀត​នៅ​​ប្រទេស​​ជាច្រើន​ដូចជា ចិន ឥណ្ឌា តៃវ៉ាន់ អូស្ត្រាលី នូវែលហ្សេឡង់ ថៃ វៀតណាម ហ្វីលីពីន និង​ប្រទេសផ្សេងៗទៀត៕

ដោយ៖ វិទូ

អត្ថបទថ្មី