អ្នករត់ស៊ីក្លូ៖ ស៊ីក្លូតម្លៃ​ពីរជី កន្លះ ជា​ឆ្នាំង​បាយ​របស់​ខ្ញុំ​

  • 2017-11-08 06:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០​ លោក​ យឹម តន ថា​ខ្លួន​​ បាន​ទិញ​ស៊ីក្លូ​មួយ​នេះ ក្នុង​តម្លៃ​ជា​មាស ពីរ​ជី​កន្លះ ហើយ​ថា​វា​ជា​ទ្រព្យ​សម្បត្តិ ដ៏​មាន​តម្លៃ​របស់​លោក​នា​សម័យ​នោះ។ មក​ដល់​បច្ចុប្បន្ន​ បុរសវ័យ​៧០ឆ្នាំ និងពិការ​ភ្នែកម្ខាងរូបនេះ​ ​​ ពន្យល់ថា ស៊ីក្លូពីរ​ជីកន្លះនេះ នៅ​តែ​ដើរតួយ៉ាង​ចម្បង​​ក្នុងការ​ទ្រទ្រង់​ជីវភាព​​គ្រួសារ យ៉ាង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​។  

មានទីលំ​នៅ​ នៅសង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ​ រាជ​ធានី​ភ្នំពេញ អ្នក​ធាក់​ស៊ី​ឆ្លង​សម័យ រៀប​រាប់​ថា លោក​ផ្ញើ​ជីវភាព​លើ​ស៊ីក្លូ ស្ទើរពេញ​មួយ​ជីវិត តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម ​​មក​ម៉្លេះ។ ទោះ​ភ្នែក​ពិការ វ័យ​ចាស់ ក៏​លោក​ យឹម តន អះអាង​ថា​ លោក​ទំនងពុំ​អាច​បោះ​បង់​អាជីព​នេះ​ឡើយ ដើម្បី​ការ​រស់រាន ដរាប​ណា​លោក​តា ​នៅ​ធាក់​កើត។

(លោក យឹម តន កំពុងធាក់​ស៊ីក្លូ​រក​ម៉ូយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេលព្រលប់)

លោក​បន្ថែមថាៈ «បើនិយាយឲ្យ​ចំទៅ​បើ​យើងអត់រកងាប់...ខ្ញុំ​រាប់រងទាំងអស់ និយាយទៅ​ខ្ញុំ​ខ្វះ​ខាត​ច្រើនណាស់​...អ្នក​ណា​មិន​ចង់មានបាន តែគេថាជាព្រហ្មលិខិត ខំម៉េច​​ក៏​ទៅ​អត់​រួច​ដែរ​»។

ទោះជា​មេឃចាប់​ផ្តើម​ងងឹត​ហើយ​ក្តី លោក យឹម តន នៅ​មិន​ទាន់​វិលទៅ​លំនៅ​ដ្ឋាន​នៅ​ឡើង​នោះ​ ឆ្លៀត​ប្រាប់អ្នក​ព័ត៌មាន​ Sabay បន្តថា​ លោក​មាន​កូន​ៗ​៤នាក់ ដែលស្ទើរទាំង​អស់​ ជា​កម្មករ​រោង​ចក្រ។

លោកថាកូនៗរបស់លោក​ពុំ​មាន​លទ្ធភាព​ច្រើន ទំនុក​បម្រុង​ដល់​ជីវិត​វ័យ​ចំណាស់​លោក​ឡើយ។ ដូច្នេះ​ហើយ លោក​ថា​ជីវិតលោក​នៅតែពឹង​អាស្រ័យ​លើ​ស៊ីក្លូតម្លៃពីរជីកន្លះនេះ មិន​អាច​អត់​បាន​។ ​ ជារៀងរាល់​ព្រឹក ​ លោក​ យឹម តន​ ធាក់​ស៊ីក្លូពីចាក់​អង្រែ មក​រក​ឌុប​ម៉ូយ នៅ​ផ្សារ​អូឡាំពិក រហូត​ដល់​យប់ ​ទើប​ធាក់​ទៅ​ផ្ទះ​នៅ ចាក់​អង្រែង​វិញ។ ក្នុង​មួយ​ថ្ងៃ​ៗលោក​អាច​រក​ប្រាក់​បាន​ជាង​២​ម៉ឺន​រៀល ពី​របរ​ដែល​លោក​ប្រកប​តាំង​ពី​វ័យ​ជំទង់មួយ​នេះ៕

ចុចទស្សនា៖

អត្ថបទដោយ៖ ណាក្វាន់

ប្រភព៖​ ៣០ដេលី