ជួប​មីយ៉ាន់ម៉ា​​១០​លើក​ចុង​ក្រោយ​ កម្ពុជា​ឈ្នះ​តែ​១​ដង​គត់​ ​ចុះ​ល្ងាច​នេះ?

  • 2017-11-08 23:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​​ក្រុម​​មីយ៉ាន់ម៉ា​នា​វេលា​ម៉ោង ៦:៣០​​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ដ៏​សំខាន់​មួយ​មុន​ពេល​វគ្គ​ជម្រុះ AFC Asian Cup មក​ដល់​​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ទោះ​ជា​ការ​ប្រកួត​ត្រឹម​មិត្តភាព​​កម្តៅ​សាច់​ដុំ​ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​ដូច​គ្នា។

តំណាង​ក្រុម​ទាំង​ពីរ​ចាប់​ដៃ​គ្នា និង​គ្រូ​បង្វឹក​ទាំង​ពីរ​

**ទស្សនៈ​គ្រូ​បង្វឹក​**

ក្នុង​សន្និសីទ​កាសែត​​​​កាល​ពី​ម្សិល​មិញ​ ​លោក​ Gerd Zeise ​គ្រូ​បង្វឹក​​មីយ៉ាន់ម៉ា​បាន​​និយាយ​ថា​ ការ​ប្រកួត​​មិត្ត​ភាព​នេះ​ជា​​​រឿង​​ល្អ​បំផុត​សម្រាប់​ក្រុម​ទាំង​​ពីរ​ដើម្បី​​ត្រៀម​ខ្លួន​ការ​ប្រកួត​ផ្លូវ​ការ​មក​ដល់។ ក្រុម​របស់​លោក​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​​ការ​ប្រកួត​ល្ងាច​នេះ។ ក្រុម​កម្ពុជា​បច្ចុប្បន្ន​រីក​ចម្រើន​ជាង​កាល​ពីរ​ឬ​បី​ឆ្នាំ​មុន​ខ្លាំង​ ទាំង​បច្ចេកទេស​ ការ​បទ​បែន​លើ​ទីលាន និង​ភាព​រហ័សរហួន​ ដូច្នេះ​មិន​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​ទេ។

ចំណែក​​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​លើក​ឡើង​ថា ​នេះ​ជា​ការ​ប្រកួត​​ដ៏​សំខាន់​​ដែល​កីឡាករ​ទាំង​អស់​ត្រូវ​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់​ដើម្បី​​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ទទួល​ហ្សកដានី​​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ​ថ្វី​ត្បិត​​ក្រុម​មីយ៉ាន់ម៉ា​​ខ្លាំង​ ប៉ុន្តែ​កូន​ក្រុម​របស់​​លោក​ត្រូវ​តែ​ប្រឹង​ប្រែង​​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​មួយ។

ជើង​​កីឡាករ​មីយ៉ាន់ម៉ា​​

ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​លេង​ទឹក​ដី​​ឥណ្ឌា​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup ពូល​ A នា​ថ្ងៃ​ទី​១៤ វិច្ឆិកា ដូច​កម្ពុជា​ដែរ ដូច្នេះ​គ្រូ​បង្វឹក​ជន​ជាតិ​អាល្លឺម៉ង់​លោក Gerd Zeise ​បាន​កោះ​ហៅ​កីឡាករ​២៣​នាក់ ​ដែល​ជា​ជម្រើស​ល្អ​បំផុត​។ ខ្សែ​ប្រយុទ្ធ​​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​កម្ពុជា​គឺ​កីឡាករ Kyaw Ko Ko, ​Thu Aung, Zin Min Tun និង ​Yan Aung Kyaw ។ កីឡាករ​ដែល​ស៊ុត​ចូល​កម្ពុជា​ចុង​​ក្រោយ​គឺ Zin Min Tun ២​គ្រាប់​ និង Thu Aung ១​គ្រាប់។

ជើង​កីឡាករ​កម្ពុជា

ក្រោម​ការ​ដឹក​នាំ​គ្រូ​បង្វឹក​ថ្មី​គឺ​លោក ប្រាក់ សុវណ្ណារ៉ា​មាន​ការ​ប្រែ​ប្រួល​ខ្លះ​សម្រាប់​ជម្រើស​កម្ពុជា​ក្នុង​នោះ​កីឡាករ​ខាន​ជាប់​យូរ​ត្រូវ​បាន​កោះ​ហៅ និង​យុវជន​មួយ​ចំនួន​ក៏​គ្មាន​វត្តមាន។ យ៉ាង​ណា​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​ទាំង​៣​គឺ ប្រាក់​ មុន្នីឧត្តម កែវ សុខផេង និង​ចាន់ វឌ្ឍនាកា​​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ល្ងាច​នេះ។ ចំពោះ​បម្រើ​កណ្តាល​អាច ទិត្យ ឌីណា គួច សុកុម្ភៈ​ និង ច្រឹង ពលរដ្ឋ​​ក៏​​មិន​អាច​ខ្វះ​បាន​ដែរ​ល្ងាច​នេះ។ ដោយ​ឡែក​ខ្សែ​ការពារ​អាច​ ស៊ើយ វិសាល រស់ សំអឿន នេន សុធារ័ត្ន​ និង​សុខ សុវណ្ណ​អាច​ជា​ជម្រើស​ដំបូង​ល្ងាច​នេះ។ សុះ សូហាណា​ជា​អ្នក​ស៊ុត​ចូល​ទី​​របស់​មីយ៉ាន់ម៉ា​ចុង​ក្រោយ​បំផុត​ពេល​កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា​ ៣-១​ ពានAFF Championship ឆ្នាំ​ ២០១៦​កន្លង​ទៅ​នេះ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ជួប​គ្នា​១០​លើក​ចុង​ក្រោយ​គិត​ត្រឹម​ឆ្នាំ​១៩៩៦​មក​រាប់​បញ្ចូល​ទាំ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ គឺ​កម្ពុជា​ឈ្នះ​១​ដង មីយ៉ាន់ម៉ា​ឈ្នះ​៨​ដង​ និង​ស្មើ​គ្នា​១​ដង។ នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ​រាជ​ធានី​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា។

១០​ប្រកួត​ចុង​ក្រោយ

  • មីយ៉ាន់ម៉ា ៥-០ កម្ពុជា​ ពាន AFF Championship ឆ្នាំ​១៩៩៦​

  • មីយ៉ាន់ម៉ា ៣-១ កម្ពុជា ពាន​ SEA GAMES​ ឆ្នាំ​១៩៩៧​

  • ​មីយ៉ាន់ម៉ា ០-០ កម្ពុជា​ ពាន SEA GAMES ឆ្នាំ​២០០១​

  • មីយ៉ាន់ម៉ា​ ៥-០ កម្ពុជា​ ពាន​ AFF Championship ឆ្នាំ​២០០២​

  • កម្ពុជា​ ១-៧ មីយ៉ាន់ម៉ា​ ការ​ប្រកួត​មិត្តភាព​ ឆ្នាំ​២០០៨

  • មីយ៉ាន់ម៉ា ៣-២ កម្ពុជា ពានAFF Championship ឆ្នាំ​ ២០០៨​

  • មីយ៉ាន់ម៉ា ១-០ កម្ពុជា ការ​ប្រកួត​មិត្តភាព​ ឆ្នាំ​២០០៩​

  • មីយ៉ាន់ម៉ា ៣-០ កម្ពុជា​ ពាន​ AFF Championship ឆ្នាំ​ ២០១២​

  • កម្ពុជា​ ០-១ មីយ៉ាន់ម៉ា ការ​ប្រកួត​មិត្តភាព​ ឆ្នាំ​២០១៤

  • កម្ពុជា​ ០-១ មីយ៉ាន់ម៉ា​ ពាន AFF Championship ឆ្នាំ​ ២០១៤​​​​

  • កម្ពុជា​ ១-០ មីយ៉ាន់ម៉ា ការ​ប្រកួត​មិត្តភាព​ ឆ្នាំ​២០១៥

  • កម្ពុជា​​ ១-៣ ​មីយ៉ាន់ម៉ា​ ពានAFF Championship ឆ្នាំ​ ២០១៦​

អត្ថបទ៖ ជាន ចាន់រ៉ា