ប្រធានាធិបតីអាមេរិក ៥រូប ដែលឈ្នះឆ្នោតក្នុងថ្ងៃទី ៨ វិច្ឆិកា ដូចលោក ត្រាំ

  • 2017-11-08 13:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងថ្ងៃនេះកាលពីឆ្នាំមុន អត្ថបទមួយនេះនឹងលើកឡើងពីប្រធានាធិបតីប្រទេសមួយនេះ ៥ រូបទៀត ដែលឈ្នះឆ្នោតក្នុងថ្ងៃទី ៨ វិច្ឆិកា ផងដែរ មានដូចតទៅ៖

១. លោក Abraham Lincoln៖ នៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ១៨៦៤ ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិករូបនេះ បានជាប់ឆ្នោតក្នុងការបន្តកាន់តំណែងមួយនេះ មួយអាណត្តិទៀត។ ក្នុងអំឡុងអាណត្តិទី ២ ក្រោមការដឹកនាំរបស់លោកនេះហើយ ដែលសហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមស៊ីវិលរបស់ខ្លួន ដោយសង្គ្រាមនេះបានឆាបឆេះតាំងពីឆ្នាំ ១៨៦១។

២. លោក Theodore Roosevelt៖ នៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ១៩០៤ លោក Roosevelt បានជាប់ឆ្នោតក្នុងការបន្តកាន់តួនាទីជាប្រធានាធិបតីសហរដ្ឋអាមេរិកមួយអាណត្តិទៀត។ ប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី ២៦ រូបនេះ ហើយ ដែលបានបង្កើតគោលនយោបាយ"Roosevelt Corollary” (ការជ្រៀតជ្រែករបស់ Roosevelt) ដោយគោលនយោបាយនេះបង្កើតឡើងក្នុងន័យបញ្ជាក់ពីសិទ្ធិរបស់សហរដ្ឋអាមេរិកក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសនៅក្នុងទ្វីបអាមេរិក។

៣. លោក Franklin Roosevelt៖ លោក Franklin Roosevelt បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី ៣២ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ១៩៣២។ ប្រធានាធិបតីរូបនេះហើយ ដែលស្ដារសហរដ្ឋអាមេរិកចេញពីមហាវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកើតឡើងតាំងពីឆ្នាំ ១៩២៩ តាមរយៈគោលនយោបាយសេដ្ឋកិច្ច "New Deal” (កម្មវិធីថ្មី) របស់លោក។ លោកក៏ជាប្រធានាធិបតីតែមួយគត់ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលអាចកាន់តំណែងមួយនេះដល់ទៅ ៤ អាណត្តិ។

៤.លោក John F Kennedy៖ នៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ១៩៦០ លោក Kennedy បានជាប់ឆ្នោតជាប្រធានាធិបតីទី ៣៥ របស់សហរដ្ឋអាមេរិក។ បញ្ហាដ៏ធំមួយដែលបានកើតឡើងក្នុងអំឡុងអាណត្តិប្រធានាធិបតីរបស់លោក គឺវិបត្តិកាំជ្រួចគុយបា ដែលហៀបនឹងធ្វើឲ្យពិភពលោករងគ្រោះដោយសង្គ្រាមនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។

៥.លោក George H.W. Bush៖ លោក Bush បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី ៤១ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ១៩៨៨។ ក្នុងអាណត្តិរបស់ប្រធានាធិបតីរូបនេះហើយ ដែលសង្គ្រាមត្រជាក់បានបញ្ចប់៕

ប្រភព៖ USAtoday   ប្រែសម្រួល៖ ហ៊ីម រស្មី