​តួ​ឯក​ល្ខោន​យីកេ​រូប​នេះ​មិន​ត្រឹម​តែ​ស្រស់​ស្អាត​ទេ​ ថែម​ទាំង​​មាន​ជំ​នាញ​សិល្បៈ​ច្រើន​ទៀត​

  • 2017-11-10 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យី​កេ​ជា​សិល្បៈ​បុរាណ​ដែល​សម្តែង​ឡើង​ដោយ​មាន​ការ​រាំ​ផង​ ច្រៀង​ផង ហើយទម្រង់​សិល្បៈ​បុរាណ​ផ្នែក​នេះ​មិនសូវ​មាន​អ្នក​ចេះ​ច្រើន​ទេ​។

ថ្ងៃ​នេះ Sabay សូម​ណែ​នាំ​ឲ្យ​ប្រិយមិត្ត​​ស្គាល់​​តួ​ឯក​ស្រី​ល្ខោន​យីកេ​មួយ​រូប ដែល​មាន​ទាំង​ទេព​កោសល្យ និង​រូប​សម្រស់​ស្រស់​សោភា មិន​ចាញ់​តារា​ល្បីឡើយ គឺ​កញ្ញា កែវ សុផានិត។

ជាកូន​ពៅ​នៅ​ក្នុង​គ្រួសារ​ សុផានិត មាន​បង​ប្អូន​៣​នាក់​ និងបាន​ឈាន​ជើង​ចូល​ហាត់​ក្នុង​ទម្រង់​ល្ខោនយីកេ នៅ​សាលា​មធ្យម​សិក្សា​ក្នុង​ឆ្នាំ ២០១០។ យុវតី​ដែល​មាន​សំឡេង​ស្រួយ​ស្រែស​​រូប​នេះ ​បាន​គ្រង​តំ​ណែង​ជា​តួ​ឯក​ស្រី​ តាំង​ពី​ចូល​ហាត់​ដំបូង​ ដោយ​សារ​មាន​​រូប​សម្បត្តិស្រស់​ស្អាត​ មាន​និស្ស័យ​ឆាប់​ចាប់​បាន​ក្នុង​ការ​ហ្វឹក​ហាត់ ​និង​មាន​សំឡេង​ល្អ​ពី​ធម្ម​ជាតិ។​

សុផានិត សម្តែងក្នុងរឿងមួយ

ទន្ទឹម​នឹង​ទទួល​បាន​តួនាទី​ជា​តួ​ឯង​នេះ សុ​ផានិត​ ប្រាប់​ Sa​bay ​ថា​នាង​ត្រូវ​ខិត​ខំ​ហាត់​ទ្វេ​ដង ដើម្បី​តាម​ទាន់​រៀម​ច្បង​ និងព្យា​យាម​ហាត់​មេ​រៀន​ដែល​អ្នក​គ្រូ​ដាក់​ឲ្យ​។ «​ខ្ញុំ​ព្យាម​ហាត់​ឲ្យ​ច្រើន​បង​ៗ​ឯកសារ​ដែល​គ្រូ​ដាក់​ឲ្យ​ខ្ញុំ​ប្រឹងប្រែង​ហាត់​ណាស់​។ ​ការ​ចូល​ហាត់​ល្ខោន​យីកេ​នេះ​ដោយ​សារ​ខ្ញុំស្រលាញ់​ទម្រង់​ល្ខោន​ជាពិសេស​ល្ខោន​នេះ​មិនសូវ​មាន​ការ​សម្ដែង​ទេ ​វា​ស្ងាត់​ខ្លាំង​ណាស់។ខ្ញុំ​មិន​ចង់​ឲ្យ​វា​នៅ​តែ​ស្ងាត់​បែប​នេះ​ទេ​។ ខ្ញុំ​ស្ដាយ​ទម្រង់​សិល្បៈ​ដ៏​ចំ​ណាស់​នេះ»។

​​​ ត្បិត​ជា​អ្នក​តាកែវ តែ​នារី​​ញញឹម​ស្រទន់​ រូប​នេះ​គ្មាន​សាច់​ញាតិ​ជា​អ្នក​សិល្បៈ​ទេ​ ប៉ុន្តែ​ដោយ​ក្ដី​ស្រលាញ់​សិល្បៈ​បុរាណ​នេះ នាង​ប្រឹង​ប្រែង​ហាត់​វា​ដោយ​គ្មាន​ធ្វេស​ប្រហែស​ឡើយ។ ការ​ខិត​ខំ​ពិត​ជា​មាន​ផល​បច្ចុប្បន្ន​ កែវ សុផា​និត​ កំ​ពុង​បម្រើ​ការងារ​នៅ​នាយក​ដ្ឋាន​​ទស្សនី​ភាព​សិល្បៈ នៃ​ក្រសួង​វប្បធម៌ ជា​សិល្បករ​​ ផ្នែក​យីកេ​។

តួ​ឯកស្រីដែលមាន​សមត្ថ​ភាព​អាច​សម្ដែង​តួ​ច្រើន​យ៉ាង​ទាំង​កូន​ក្មេង ​វ័យ​ជំទង់​ និង​មនុស្ស​ចាស់​រូបនេះ ក្រៅ​ប្រើ​ការ​ងារ​ក្នុង​ក្រប​ខណ្ខ​រដ្ឋ​ សុ​ផា​និ​ត​​ក៏​ជា​និស្សិត​កំពុង​សិក្សា​​ឆ្នាំ​ទី៤​នៅ​សា​កល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ផ្នែក​ល្ខោន​យីកេ។

ក្រៅពីអាចច្រៀងនិងសម្តែងយីកេ សិល្បករ​វ័យ ២០​ឆ្នាំ​រូប​នេះ​ចេះច្រៀងភ្លេង​ខ្មែរ​ ជា​ពិ​សេស​នាង​ក៏​អាច​សម្ដែង​ល្ខោន​និយាយ​បាន​ទៀត​ផង​​។

​សុ​ផា​និត​ និយាយ​ថា​បើ​ធៀប​គ្នា​រវាង​ការ​ចេញ​ទៅ​សម្តែង​យី​កេ​ និង​សិល្បៈ ២មុខ​ទៀត​ដែល​នាង​ចេះ​ ការ​សម្តែង​យីកេ​មិន​សូវមាន​ការអញ្ជើញ​ឲ្យ​ទៅ​សម្តែង​នោះ​ទេ​​។ បើ​ទោះ​ជា​ប្រភព​ចំណូល​ភាគ​​ច្រើន​ បាន​មិន​បាន​មក​ពី​ការ​សម្តែង​ល្ខោន​យីកេ​ក៏​ដោយ​ក៏​នាង​នៅ​រក្សា​ចិត្ត​ស្រលាញ់​សិល្បៈ​នេះ​ និង​​មិន​មាន​គំ​និត​បោះ​បង់អាជីព​សម្តែង​ល្ខោន​យីកេ​នេះ​ឡើយ ។​ នាង​មាន​បំណង​ថែ​សិល្បៈ​បុរាណ​នេះ​ ចង់​ឲ្យ​បរទេស​​បាន​ស្គាល់ ពី​សិល្បៈនេះ​ និង​ចង់​បង្រៀន​​ដល់​ក្មេង​ជំនាន់​ក្រោយ៕

.

​​ ​

អត្ថបទៈ ស្រីអូន