៤ ចំណុច​សំខាន់​របស់ Art's Container ដែល​អ្នក​មិន​ធ្លាប់​ទៅ គួរ​តែ​សាក

  • 2017-11-10 07:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​កុងទីន័រ​កណ្ដាល​ក្រុង​ភ្នំពេញ Art's Container ទើប​បើក​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តែ​មាន​មនុស្ស​ច្រើន​ឡើងៗ​ចាប់​ផ្ដើម​ទៅ​កម្សាន្ត​មិន​ដាច់។ ផ្សារ​នេះ មាន​ទីតាំង​ស្ថិត​ពី​ក្រោយ​តារា​បាល់ Central Park Sports Complex នៅ Phnom Penh City Center ជិត​ក្ដាន់ពីរ។ មាន ៤ ចំណុច​សំខាន់ៗ​របស់​ផ្សារ​មួយ​នេះ ជា​មូល​ហេតុ​មាន​គេ​ទៅ​ច្រើន៖

១. អត់​មាន​ភ្លេង​រញ៉េរញ៉ៃ​ច្រើន

អ្នក​ទៅ​លេង​ភាគ​ច្រើន​សរសើរ​រឿង​មួយ​នេះ ព្រោះ​តាម​ហាង​នីមួយៗ​មិន​អាច​ចាក់​ភ្លេង​តាម​ចិត្ត​ចង់​បាន​ទេ គឺ​មាន​តែ​ឆាក​តន្ត្រី​កណ្ដាល​ផ្សារ​មួយ​តែ​ប៉ុណ្ណោះ ហើយ​ឧស្សាហ៍​មាន​តារា​ចម្រៀង​មក​ចូលរួម​ទៀត​ផង។

២. ម្ហូប និង​ភេសជ្ជៈ

យើង​អាច​រក​ម្ហូប​ឆ្ងាញ់ៗ​ប្លែក​ប្រចាំ​អ្នក​ខេត្ត​កំពង់សោម និង​ម្ហូប​បែប​ថៃ​នៅ​ហាង Loading ,សាច់​អាំង​ចង្កាក់​បែប​ជប៉ុន​ដែល​មាន​ចុងភៅ​ពី​សណ្ឋាគារ សុខា នៅ​ហាង Urban Beer House Xpress ស្រា​ក្រឡុក Cocktail ឆ្ងាញ់​ៗនៅ​ហាង Aloha Beach Bar និង​ហាង​ជា​ច្រើន​ទៀត។

៣. បរិយាកាស

ម្ហូប​ឆ្ងាញ់ Cocktail ក៏​អេម តែ​បើ​បរិយាកាស​មិន​អំណោយ​ផល គឺ​ចប់​ហើយ។ Art's Container ស្ថិត​នៅ​កណ្ដាល​ដី​វាល​ដ៏​ធំ​របស់ Phnom Penh City Center ដែល​មាន​ចរន្ត​ខ្យល់​ចេញ​ចូល​ត្រសៀកៗ​មិន​ហប់។ ប៉ះ​ចំ​ខែ​ធ្លាក់​ខ្យល់​អ៊ីចឹង ដឹង​តែ​អេម​ម៉ង។ ម្យ៉ាង​ទៀត ផ្សារ​រៀបចំ​បាន​ល្អ​ទាំង​ផ្លូវ​ដើរ ទីធ្លា​ហាង។ សំខាន់ សម្បូរ​ស្រី​ស្អាត​ទៅ​លេង​ដែរ​តាស់!

៤. កន្លែង​ចត

ត្រង់​នេះ ជា​បញ្ហា​ឈឺ​ក្បាល​សម្រាប់​អ្នក​នៅ​ភ្នំពេញ គឺ​ពិបាក​រក​កន្លែង​ចត​តែ​ម្ដង​ពេល​ទៅ​ណា​ទៅ​ណី។ Art's Container វិញ ខ្វល់​រឿង​ហ្នឹង​សោះ​ហ្មង ពិសេស​សម្រាប់​អ្នក​ជិះ​ឡាន ដោយ​សារ​កន្លែង​ចត​បាន​រាប់​រយ​ឡាន​ឯ​ណោះ។

Art's Container ទើប​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី២៦ សីហា ២០១៧ ផ្ដោត​សំខាន់​ទៅ​លើ​អាហារ និង​ភេសជ្ជៈ ហើយ​មាន​ប្រមាណ​ជាង ៦០តូប៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម