iPhone X មិន​តិច​គ្រឿង កំពុង​ជួប​បញ្ហា​អណ្ដែត​ខ្សែ​បៃតង​លើ​អេក្រង់​​

  • 2017-11-11 03:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ចំនួន iPhone X ដែល​ជួប​បញ្ហា​លេច​ចេញ​ខ្សែ​ឆ្នូត​ពណ៌​បៃតង​​លើ​ផ្ទៃ​អេក្រង់​ OLED កំពុង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​មក​ទល់​ពេល​នេះ​មាន​ប្រមាណ​ ២៥ ករណី​ហើយ។ ចំនួន​នេះ​គឺ​តូច​បំផុត​ បើ​ប្រៀប​នឹង​ចំនួន​ផលិត​សរុប​ដែល​មាន​ដល់​រាប់​លាន​គ្រឿង។

អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​ជួប​បញ្ហា​នេះ​បាន​ចែក​រំលែក​រឿង​រ៉ាវ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម Facebook, Twitter, Reddit រួម​ទាំង​សហគមន៍ Apple Support ផង​ដែរ។ អ្នក​ប្រើ​ប្រាស់​ម្នាក់​ជា​សមាជិក​​ Forum របស់​វិបសាយ​ Mac Rumors ដែល​មាន​ឈ្មោះ​សម្គាល់​ tmiles81​ លើក​ឡើង​ថា ៖ "ខ្ញុំ​កំពុង​តែ​លេង​ទូរសព្ទ​ថ្មី​របស់​ខ្ញុំ​ ហើយ​សុខៗ​វា​ក៏​លេច​ចេញ​​ឆ្នូត​ពណ៌​បៃតង​ឡើង។ វា​ភ្លឺ​មែន​ទែន​ ដោយ​លេច​ចេញ​មួយ​ឆ្នូត​វែង​នៅ​​ផ្នែក​ខាង​ស្ដាំ​នៃ​អេក្រង់​”។

ពេល​បើក​ចេញ​ពី​ប្រអប់​ភ្លាម​ ឆ្នូត​បៃតង​នេះ​មិន​ទាន់​ឃើញ​មាន​លើ​ iPhone X ឡើយ ប៉ុន្តែ​ពេល​ប្រើ​បាន​​មួយ​រយៈ​ស្រាប់​តែ​លេច​ចេញ​មក។ បញ្ជាក់​ថា​រាល់​​ iPhone X ដែល​ជួប​បញ្ហា​នេះ​ មិន​បាន​ធ្លាក់​ ឬ ប៉ះពាល់​ត្រង់​កន្លែង​ណា​នោះ​ទេ។

អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ សាក​ល្បង​​បិទ​រួច​បើក​ទូរសព្ទ រួម​ទាំង​ធ្វើ​ការ​ Reset ដែរ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ឆ្នូត​បៃតង​រលាយ​បាត់​នោះ​ទេ។ ក្រុមហ៊ុន​ Apple មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី​ Apple បាន​ប្ដូរ​ទូរសព្ទ​ថ្មី​ជូន​អតិថិជន​ដែល​ជួប​បញ្ហា​នេះ​​​ដោយ​មិន​គិត​ថ្លៃ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អតិថិជន​ដែល​បាន​ទាក់​ទង​ទៅ​ក្រុមហ៊ុន​ Apple។

ឆ្នូត​បៃតង​នេះ​ទំនង​ជា​បញ្ហា​ទាក់​ទង​នឹង​អេក្រង់​ OLED។ Galaxy S7 ក៏​ប្រើ​អេក្រង់​ OLED នេះ​ដែរ ហើយ​កាល​ពី​ឆ្នាំ​ទៅ​បាន​ជួប​ប្រទះ​បញ្ហា​ស្រដៀង​គ្នា​នេះ​ ដោយ​លេច​ចេញ​ឆ្នូត​ពណ៌​ផ្កាឈូក​លើ​ស្មាតហ្វូន​មួយ​ចំនួន។ Samsung បាន​ទទួល​ស្គាល់​ថា​ដោយ​សារ​កំហុស​លើ​ Hardware ទើប​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ៕​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម