តារាសម្ដែងជើងចាស់ ចាន់ ស៊ីផាន់ ទទួលមរណភាពហើយ បំណងចង់ជួបនាយក្រឹមមិនបានសម្រេចទេ
- 2017-11-12 02:51:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងជើងចាស់ ចាន់ ស៊ីផាន់ ទទួលមរណភាពហើយ បំណងចង់ជួបនាយក្រឹមមិនបានសម្រេចទេ
ចន្លោះមិនឃើញ
តារាជើងចាស់អ្នកស្រី ចាន់ ស៊ីផាន់ ដែលមហាជនស្គាល់ថា ជាតារាសម្ដែងជើងចាស់ និងគ្រូបង្ហាត់សិល្បៈនៅ សាលាវិចិត្រសិល្បៈ បានទទួលមរណភាពហើយ។ បំណងដែលអ្នកស្រីចង់ជួបមុខនាយក្រឹមនិង នាយកុយ ដែលជាមិត្តរួមអាជីពនេះ មិនបានសម្រេចឡើយ គឺបានជួបតែនាយកុយ ចំណែកនាយក្រឹម មិនបានមកជួបឡើយ។
តាមការឲ្យដឹងអ្នកស្រី ឡុច សុធី ដែលត្រូវជាកូន បានប្រាប់ថា ម្ដាយរបស់អ្នកស្រីបានស្លាប់នៅម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧នេះ បច្ចុប្បន្នក្រុមគ្រួសារកំពុងតែរៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់អ្នកស្រី ដែលមានទីតាំងខាងក្រោយស្ថានទូតចិន។
តារាជើងចាស់អ្នកស្រី ចាន់ ស៊ីផាន់ បានស្លាប់ក្នុងវ័យ៩៤ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺជាង២ឆ្នាំមកនេះ។ តាមការឲ្យដឹងពីកូនស្រីខាងលើ អ្នកស្រី មានជំងឺថ្លើម ហើយចុងក្រោយមានជំងឺរលាកពោះវៀន។ ជំងឺរបស់វីរសិល្បករជើងចាស់រូបនេះ ទើបតែធ្លាក់ខ្លួនឈឺខ្លាំងជាងកន្លះខែមកនេះរហូតដល់ថ្នាក់ថ្នាក់ពិសាអ្វីលែងកើត ហើយចុងក្រោយក៏បានស្លាប់ បន្ទាប់ពីក្រុមគ្រួសារបានព្យាយាម ឲ្យគ្រូពេទ្យសង្គ្រោះ ទាំងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផង និងព្យាបាលនៅផ្ទះផង។
ទន្ទឹមគ្នានោះដែរ តារាជើងចាស់អ្នកស្រី ចាន់ ស៊ីផាន់ ក៏បានទទូចចង់ជួបមុខមិត្តរួមអាជីពមុនអ្នកស្រីចែកឋានទៅ ដូចជាចង់ជួបនាយ កុយ នាយក្រឹម ជាដើម។ ភ្លាមៗ នាយកុយ ក៏បានទៅសួរសុខទុក្ខ នៅមន្ទីរពេទ្យខ្មែរមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី ដែលកំពុងតែចូលសង្គ្រោះបន្ទាន់នៅទីនោះ ហើយថែមទាំងបានជូនប្រាក់១០០ ដុល្លារដល់លោកយាយផងដែរ។
ចំពោះនាយក្រឹមវិញ នាយកុយថា គ្រោងនិងមកសុខទុក្ខលោកយាយ នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ព្រោះកំពុងជាប់រវល់ថត ប៉ុន្តែទោះបីមានការបញ្ជាក់ពីនាយ កុយ បែបនេះក្ដីរហូតដល់លោកយាយ ស្លាប់ នាយ ក្រឹម មិនបានមកជួបឡើយ។
អ្នកស្រី ឡុច សុធី មិនបានខឹងសម្បាអ្វីឡើយ ព្រោះដូចបានធ្លាប់លើឡើងកន្លងមក អ្នកស្រីមិនបានស្នើសុំជំនួយពីអ្នកសិល្បៈឬ សប្បុរសជនណាមួយឡើយ គ្រាន់តែចង់បំពេញបំណងម្ដាយរបស់ខ្លួនដែលចង់ឃើញមុខអ្នកសិល្បៈរួមជំនាន់ ធ្លាប់មានអនុស្សាវរីយ៍ជាមួយគាត់តែប៉ុណ្ណោះ។
បែបនេះក្ដី អ្នកស្រី ឡុច សុធី នៅតែមានសង្ឃឹមថា នាយក្រឹម អាចនឹងមកចូលបុណ្យម្ដាយរបស់ខ្លួនជាក់ជាមិនខាន ទោះបីក្នុងក្នុងដំណាក់ការបុណ្យសព ឬ៧ថ្ងៃក៏បាន។
សូមបញ្ជាក់ផងដែរថា តារាសម្ដែងជើងចាស់ ចាន់ ស៊ីផាន់ បានប្រើពេលស្ទើរមួយជីវិតរបស់គាត់ ប្រលូកលើវិថីសិល្បៈនេះ ទាំងតារាសម្ដែង គ្រូបង្ហាត់សិល្បៈស្ទើរគ្រប់ទម្រង់ ដូចជា ល្ខោន យីកេ របាំជាដើម៕