ប្រធានាធិបតីកូរ៉េខាងត្បូង​ ជូន​​អាល់ប៊ុម​ចម្រៀង EXO ដល់​​កូន​ស្រី​​ប្រធានា​ធិបតី​​ឥណ្ឌូនេស៊ី

  • 2017-11-12 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ នៅ​ពេល​ដឹង​ដំណឹង​ថា​ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae In បាន​រៀប​ចំ​អំណោយ​ពិសេស​មួយ​ជូន​ កូន​ស្រី​របស់​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae In

កាល​ពី​ថ្ងៃ​ទី​ ០៩​ ខែ​វិច្ឆិកា​ លោក​ Moon មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​ Widodo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ បើ​យោង​តាម​ព័ត៌មាន​បាន​ចុះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ ពេល​នោះ​ លោក​ Moon បាន​អញ្ជើញ​ទៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ ដោយ​លោក​ Widodo ក៏​បាន​ណែនាំ​ និង​បង្ហាញ​ពី​ផលិតផល​ជាតិ​ជា​ច្រើន​ដល់​ប្រធានាធិបតី​កូរ៉េ​រូបនេះ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏​បាន​ជូន​អាវ​ប្រពៃណី​ជាតិ​ហៅ​ថា "Batik” ដល់​ប្រធានាធិបតីកូរ៉េ​ខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូង និង​ប្រធានាធិបតីឥណ្ឌូនេស៊ី

តប​ស្នង​នូវ​ទឹកចិត្ត​ល្អ​មួយ​នេះ​ លោក​ Moon ក៏​បាន​រៀប​ចំ​កាដូ​ពិសេស​មួយ​ដែរ។ ដោយ​ដឹង​ថា​ កូនស្រី​របស់​ ប្រធានាធិបតី​ Widodo មាន​ឈ្មោះ​ Kahiyang Ayu ដែល​ទើប​រៀបការ​កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​វិច្ឆិកា គឺ​ជា​អ្នក​គាំទ្រ​វិស័យ​ K-Pop ម្នាក់​ដែរនោះ ទើប​ប្រមុខ​រដ្ឋ​កូរ៉េ​ខាងត្បូង​រូបនេះ​ រៀប​ចំ​វីដេអូ​អបអរ​របស់​ Minho (សមាជិក​ក្រុម SHINee) រួម​ទាំង​ អាល់ប៊ុម​បទ​ចម្រៀង​របស់ EXO ដែល​មាន​ហត្ថលេខា​របស់​សមាជិក​ក្នុង​ក្រុម​ទាំង​អស់​ជូន​ជាពិសេស​ដល់​នាង។

តារា​ចម្រៀង Minho (ក្រុម SHINee)
ក្រុម​ចម្រៀង EXO
កូនស្រី​ប្រធានាធិបតី Kahiyang Ayu

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ Kahiyang Ayu ធ្លាប់​បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​ក្រុម​ចម្រៀង​បុរស​ SHINee ជា​ច្រើន​លើក​ កាល​ពី​មុន​ ហើយ​ជា​រឿយៗ​នាង​តែង​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ខ្លួន​សម្រាប់​វិស័យ​ K-Pop ដែរ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី