ទីបំផុត​ នាយ ក្រឹម ​​មក​អុជ​ធូប​​ឧទ្ទិស​កុសល​ជូនតារា​សម្ដែង​ជើង​ចាស់ ចាន់ ស៊ីផាន់​ ហើយ

  • 2017-11-12 10:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីតារា​សម្ដែង​ជើង​ចាស់ ចាន់ ស៊ីផាន់ បាន​ទទួល​មរណភាព នៅ​រសៀល​ថ្ងៃ​ទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧​នេះ នាយ ក្រឹម បាន​​មក​អុជ​ធូប​​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក​យាយ​ហើយ ដែល​​មុន​ស្លាប់​លោក​យាយ​ចង់​ជួប​មុខ​តារា​កំប្លែង​រូប​នេះ មុន​ចែក​ឋាន​។

តាម​ការ​ឲ្យ​ដឹង​អ្នក​ស្រី ឡុច សុធី ដែល​ត្រូវ​ជា​កូន បាន​ប្រាប់​​ថា នាយ​ក្រឹម​បាន​មក​អុជ​ធូប​​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​​ និងចូល​បុណ្យ​ ម្ដាយ​របស់​ខ្លួន ប្រហែល​ជា​ម៉ោង​១រៀល​នេះ។ មូលហេតុ​ដែល​នាំ​ឲ្យ​តារា​កំប្លែង​រូប​នេះ មិន​បាន​មក​មុន​ដង្ហើម​ម្ដាយ អ្នក​ស្រី​ស្លាប់​នេះ ក៏​ព្រោះ​តែ​នាយរវល់​​ខ្លាំង មិន​អាច​ដក​ខ្លួន​បាន។

មិន​ត្រឹម​តែ​នាយ ក្រឹម​ទេ នៅ​ថ្ងៃ​នេះ​ក៏​មាន​អ្នក​សិល្បៈ​ផ្សេង​ទៀត​ក៏​បាន​មក​ចូល​បុណ្យ​ជា​បន្តបន្ទាប់​ផង​ដែរ នាយ​កុយ ក៏​បាន​មក​ដូច​គ្នា​។

តាង​​នាម​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល អ្នក​ស្រី ឡុច សុធី សូម​ថ្លែង​អំណរគុណ​នាយ​ក្រឹម​ ក៏​ដូច​ជា​អ្នក​សិល្បៈ​ សប្បុរសជន​ជា​ច្រើន​ទៀត ដែល​បាន​អុជ​ធូប​​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​​ និងចូល​បុណ្យ​ ម្ដាយ​របស់​​អ្នក​ស្រី ។

សូម​បញ្ជាក់​ផង​ដែរ​ថា តារា​ជើង​ចាស់​អ្នក​ស្រី ចាន់ ស៊ីផាន់ បាន​​ស្លាប់​ក្នុង​វ័យ​៩៤ឆ្នាំ កាល​ពី​ម៉ោង៤ទៀបភ្លឺ​​ថ្ងៃ​នេះ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ជាង​២ឆ្នាំ​មក​នេះ។ អ្នក​ស្រី​មាន​ជំងឺ​ថ្លើម ហើយ​ចុង​ក្រោយ​មាន​ជំងឺ​រលាក​​ពោះវៀន។ ជំងឺ​របស់​វីរ​សិល្បករ​ជើង​ចាស់​រូប​នេះ ទើបតែ​​ធ្លាក់​ខ្លួន​ឈឺ​​ខ្លាំង​ជាង​កន្លះ​ខែ​មក​នេះ​។

ទទឹម​គ្នា​នោះ​ដែរ តារា​ជើង​ចាស់​អ្នក​ស្រី ចាន់ ស៊ីផាន់ ក៏​បាន​ទទូច​ចង់​ជួប​មុខ មិត្ត​រួម​អាជីព​មុន​អ្នក​ស្រី​ចែកឋាន​ទៅ ដូច​ជា​ចង់​ជួប​នាយ កុយ នាយ​ក្រឹម ជា​ដើម។

ពិធី​បុណ្យ​ខួប​គម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ របស់​តារា​សម្តែង​ជើង​ចាស់​រូប​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា​ម៉ោង៣រសៀល នៅ​ផ្ទះ​លេខ ៣៦C ផ្លូវ ៤១៨ សង្កាត់​ទួល​ទំពូល២ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ។

អត្ថបទៈ ស៊ុនហួត