មន្ត្រីរំពឹងថាការសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងដំណើរការនៅពេលឆាប់ៗនេះ
- 2017-11-13 01:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីរំពឹងថាការសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងដំណើរការនៅពេលឆាប់ៗនេះ
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ឲ្យដឹងថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានពិភាក្សាជាមួយក្រុមហ៊ុនសម្រេចបាន៩០ភាគរយហើយ និងសង្ឃឹមថាអាចនឹងបើកការដ្ឋាននៅឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលជាផ្លូវការស្ពានកោះកុងកាលពីចុងសប្តាហ៍មុន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ បានឲ្យដឹងថា ផ្លូវល្បឿនលឿន នេះនឹងបញ្ចប់ការសិក្សាជាមួយនឹងក្រុមហ៊ុននាពេលឆាប់ៗខាងមុខ ហើយផ្លូវនេះតាមគម្រោងគឺមាន៤ គន្លងពោលគឺទៅ២ មក២។
«កិច្ចការងារនេះយើងធ្វើបាន ៩០%ហើយ ក្នុងការចចារ ដូច្នេះសង្ឃឹមថា នៅឆ្នាំក្រោយ យើងមានឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទៅ២ មក២ ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ»។ឯកឧត្តមបន្ថែម។ បន្ទាប់ពីផ្លូវល្បឿនលឿនត្រូវបានសាងសង់រួចមិនត្រឹមតែចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនេះក៏ធ្វើឱ្យចំណេញពេលវេលា និងកាន់តែមានសុវត្ថិភាពជាងមុន បើធៀបជាមួយនឹងផ្លូវធម្មតា។ ឯកឧត្តមបញ្ជាក់។
យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូនផ្លូវល្បឿនលឿននេះអាចចេញដំណើរពីតំបន់ចោមចៅ ឬតំបន់ផ្លូវទំនប់កប់ស្រូវ ដោយស្របជាមួយផ្លូវជាតិលេខ៤ ហើយផ្នែកខ្លះ គងពីលើផ្លូវជាតិលេខ៤ ឬតំបន់ទីប្រជុំជនមួយចំនួនផងដែរ។ ផ្លូវនេះនឹងស្ថាបនាឡើងស្របតាម បច្ចេកទេសស្តង់ដារខ្ពស់ដោយមានរបងព័ទ្ធជុំវិញ ដែលពុំអនុញ្ញាតឱ្យមនុស្ស សត្វ និងមធ្យោបាយ ដឹកជញ្ជូនផ្សេងទៀតឆ្លងកាត់បានឡើយ ព្រោះថាវាជាផ្លូវបង់ប្រាក់ ហើយបើកាត់ចំតំបន់ទីប្រជុំជន នឹងត្រូវធ្វើស្ពានអាកាសរំលងពីលើ ដើម្បីធានាបានសុវត្ថិភាព ខ្ពស់សម្រាប់ធ្វើដំណើរក្នុងផ្លូវល្បឿនលឿន។ នេះបើតាមមន្ត្រីដដែល។ ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ក្រោមការវិនិយោគ របស់ក្រុមហ៊ុនចិន China Communications Construction Company ក្នុងគម្រោងចំណាយ រហូតដល់ ១ ៦០០លានដុល្លារ លើប្រវែងផ្លូវជិត ២០០គីឡូម៉ែត្រ៕