មន្ត្រី​រំពឹងថាការសាងសង់ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ នឹង​ដំណើរការនៅពេល​ឆាប់ៗនេះ

  • 2017-11-13 01:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់​ខ្ពស់​ក្រ​សួងសាធារណការ ឲ្យ​ដឹងថា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុបាន​ពិភាក្សា​ជាមួយ​ក្រុម​​ហ៊ុន​សម្រេច​បាន​៩០​ភាគរយ​ហើយ និង​សង្ឃឹមថា​អាច​នឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំ​២០១៨នេះ។
  ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ និង​ទទួលជាផ្លូវការស្ពានកោះកុង​កាល​ពីចុង​សប្តាហ៍​មុន ឯកឧត្តម ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី ក្រសួងសាធារណការ បានឲ្យ​ដឹងថា ផ្លូវល្បឿន​លឿន នេះ​​នឹង​បញ្ចប់​ការសិក្សា​ជាមួយ​នឹង​ក្រុម​ហ៊ុននាពេលឆាប់ៗ​ខាង​មុខ ហើយ​ផ្លូវ​នេះ​តាមគម្រោង​គឺមាន​៤ គន្លងពោលគឺ​ទៅ​២ ​មក​២។

(ឯកឧត្តម ស៊ុន ចាន់ថុល​ ថ្លែង​ក្នុង​ពិធី​ប្រគល់​ និង​ទទួលជាផ្លូវការស្ពានកោះកុង​កាល​ពីចុង​សប្តាហ៍​មុន)

«កិច្ច​ការងារ​នេះយើងធ្វើ​បាន ៩០%​ហើយ​ ក្នុងការចចារ ដូច្នេះ​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយ​ យើង​មានឱកាស​បើកការដ្ឋានសាងសង់​ផ្លូវល្បឿនលឿន​ទៅ​២ មក២ ដើម្បីតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភ្នំពេញ​ និង​ប៉ូលសេដ្ឋកិច្ច​ក្រុងព្រះសីហនុ​»។ឯកឧត្តម​បន្ថែម។​   បន្ទាប់​ពី​ផ្លូវល្បឿន​លឿន​ត្រូវបានសាងសង់រួច​មិនត្រឹមតែចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ​ផ្លូវនេះក៏ធ្វើ​ឱ្យ​ចំណេញ​​ពេល​​វេលា និង​​កា​ន់តែ​មាន​សុវត្ថិភាព​​ជាងមុន បើធៀបជាមួយ​នឹ​ងផ្លូវធម្មតា​។​​ ឯកឧត្តម​បញ្ជាក់។​

(គំរូ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះ​សីហនុ)

យោងតាមប្រភព​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ផ្លូវ​ល្បឿន​លឿន​នេះ​អាចចេញដំណើរពីតំបន់​ចោម​ចៅ ឬតំបន់​ផ្លូវទំនប់កប់ស្រូវ ដោយស្របជាមួយ​ផ្លូវជាតិ​លេខ៤ ហើយ​ផ្នែកខ្លះ គងពី​លើផ្លូវជាតិលេខ​៤ ឬតំបន់ទីប្រ​ជុំជន​​មួយចំនួន​ផងដែរ​។ ផ្លូវនេះ​នឹងស្ថាបនាឡើង​ស្របតាម បច្ចេក​ទេសស្តង់ដារខ្ព​ស់​ដោយមានរ​បងព័​ទ្ធជុំវិញ ដែលពុំអនុ​ញ្ញាតឱ្យម​នុស្ស សត្វ និង​មធ្យោ​បាយ ដឹក​ជញ្ជូន​ផ្សេង​ទៀត​ឆ្លង​កាត់​បាន​ឡើយ ព្រោះ​ថា​វាជា​ផ្លូ​វ​បង់ប្រាក់​ ហើយ​បើ​​កាត់​ចំ​តំបន់​ទីប្រជុំជន នឹង​ត្រូវ​ធ្វើ​ស្ពាន​​អាកាស​រំលង​ពីលើ ដើម្បី​ធានា​បាន​​សុវត្ថិ​ភាព ខ្ពស់​សម្រាប់​ធ្វើ​ដំណើរ​ក្នុងផ្លូវ​ល្បឿន​លឿន​។ នេះបើ​តាម​មន្ត្រី​ដដែល។   ផ្លូវ​ល្បឿនលឿននេះ នឹង​ត្រូវ​សាងសង់​ក្រោម​កា​រ​វិនិ​យោគ របស់​​ក្រុម​ហ៊ុន​ចិន China Communications Construction Company ក្នុង​គម្រោង​ចំណាយ រហូត​ដល់ ១ ៦០០លាន​ដុល្លារ លើប្រវែង​ផ្លូវជិត ២០០​គីឡូម៉ែត្រ៕

អត្ថបទ​ដោយ៖ សុផល

រូបភាពៈ ផ្តល់​ឲ្យ