មើល​ស្ថិតិ​របស់​អ្នក​ស្រី​ កែ ឡេង មុន​មក​ដល់​​កម្ពុជា​​យប់​​នេះ​

  • 2017-11-13 03:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរនារី​កម្ពុជា​ អ្នក​ស្រី​ កែ ឡេង នឹង​មក​ដល់​​កម្ពុជា​​យប់​​នេះ​ហើយ​ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ដោយ​ការពារ​មេដាយ​មាស​ពិភព​លោក​របស់​ខ្លួន​សម្រេច​ក្នុង​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៧​នៅ​ប្រទេស​ចិន។

ពិធី​ដង្ហែ​កែ ឡេង កាល​ពី​លើកមុន

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា នឹង​មាន​ពិធី​ទទួល​ស្វាគមន៍​​យ៉ាង​អធិក​អធម​ចំពោះ​​វត្តមាន​មក​ដល់​របស់​ម្ចាស់​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៧​គឺ​អ្នក​ស្រី កែ​ ឡេង និង​​គណៈប្រតិភូ​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​វេលា​ម៉ោង​១១:១៥​នាទី​យប់​នេះ។

នេះ​ជា​ការ​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ជា​លើក​ទី​៣​របស់​អ្នក​ស្រី​ បន្ទាប់​ពី​ឈ្នះ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង​ និង​លើក​ទី​​កាល​ពី​ឆ្នាំ​២០១៥​នៅ​ប្រទេស​ថៃ។ សម្រាប់​ឆ្នាំ​២០១៧​នេះ​​អ្នក​ស្រី​ កែ ឡេង​​រក​បាន​​ពិន្ទុ​ខ្ពស់​ជាង​គេ​ពោល​គឺ​៤៦​ពិន្ទុ​ក្នុង​វគ្គ​សន្សំ​​​ដើម្បី​ឈរ​លើ​កំពូល​តារាង​ក្នុង​ចំណោម​បេក្ខនារី​៤៣​នាក់​​​ដើម្បី​​ឡើង​វគ្គ​បន្ត។

ពិធី​ដង្ហែ​កែ ឡេង កាល​ពី​លើកមុន

វគ្គ​៨​នាក់​ចុង​ក្រោយ វីនារី​កម្ពុជា​​​បាន​ទម្លាក់​​កីឡា​ការិនី​ Randrianbahiny Cicine របស់​ប្រទេស​ម៉ាដាស្ការា​ដោយ​លទ្ធផល​​ ៤៧-២៦ ​​ឡើង​ទៅ​​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លោក​ស្រី​បាន​​យក​ឈ្នះ​កីឡា​ការិនី​​ Beil Luzia របស់​ប្រទេស​អាល្លឺម៉ង់​ដោយ​លទ្ធផល​ ៣២-២១ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​អ្នក​ស្រី​ កែ ឡេង បាន​យក​ឈ្នះ​កីឡា​ការិនី​ថៃ​ Wongchuvij Phantipha ដោយ​ពិន្ទុ​ ៤៣-៣៨។ ដូច្នេះ​កីឡា​ការិនី​កម្ពុជា​ឈ្នះ​មេដាយ​មាស កីឡា​ការិនី​​ថៃ​ឈ្នះ​មេដាយ​ប្រាក់​ ខណៈ​កីឡា​ការិនី​អាល្លឺម៉ង់​ និង​ទួរគី​ទទួល​បាន​មេដាយ​សំរឹទ្ធ។

ក្រឡេក​មើល​តារាង​ស្ថិតិ​ម្ចាស់​មេដាយ​​មាស​គិត​ចាប់​តាំង​ពី​ឆ្នាំ​​១៩៨៨​មក​ អ្នក​ស្រី​ កែ​ ឡេង​ ឈ្នះ​បាន​៣​ដង​ហើយ​​​ស្មើ​​កីឡា​ការិនី​បារាំង Angelique Papon ​ដែល​​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពិភព​លោក​​​៣​ដង​ដែរ​​គឺ​​​​​​ឆ្នាំ​២០០៥ ​ឆ្នាំ​២០០៧​ ​និង​ឆ្នាំ​២០០៩។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា ​វីរនារី​កម្ពុជា​រូប​នេះ​កំពុង​ឈរ​លើ​គេ​៣​សម័យ​កាល​ជាប់​គ្នា​​ដែល​​នៅ​មាន​ឱកាស​ប្រកួត​ការពារ​មេដាយ​មាស​របស់​ខ្លួន​បន្ត​ទៀត ខណៈ​កីឡា​ការិនី​បារាំង​អស់​ឱកាស​បំបែក​កំណត់​ត្រា​ហើយ៕

តារាង​ម្ចាស់​មេដាយ​មាស​ពិភព​លោក

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី