៥បទ​ពី​កវី គង្គ ប៊ុនឈឿន ល្បី​បំផុត​សូម្បី​តែ​កុមារ​ក៏​ចេះ

  • 2017-11-14 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កវី គង្គ ប៊ុនឈឿន ល្បី​ខ្លាំង​ទាំង​ក្នុង​ស្រទាប់​យុវវ័យ និង​មនុស្ស​វ័យ​ចំណាស់ ដោយសារ​តែ​ស្នាដៃ​របស់​លោក ទាំង​ស្នាដៃ​បទ​​ចម្រៀង ប្រលោម​លោក កំណាព្យ និង​គំនូរ បាន​និយាយ​ពីតថភាព​ក្នុង​សង្គម និង​ជីវិត​ពិត​របស់​លោក។ ស្នាដៃ​ទាំង៥បទ​នេះ ទាក់​ទាញ​យុវវ័យ​តាំង​ពី​ចេញ​លើក​ដំបូង​រហូត​ដល់​សម័យ​បច្ចុប្បន្ន សូម្បីកូនក្មេងក៏ចេះច្រៀងដែរ។

ចម្រៀង​​ទាំង​ទាំង​៥បទ​ខាង​ក្រោម​​របស់​លោក​ គង្គ ប៊ុនឈឿន ​មាន​​ខ្លះ​និពន្ធបញ្ចូល​ក្នុង​ខ្សែភាពយន្ត ខ្លះនិយាយ​ពី​តថភាព​សង្គម​ទូទៅ​នាសម័យ​​នោះ និង​ខ្លះ​ទៀត​និយាយ​ពី​ប្រវត្តិ​ស្នេហា​របស់​លោក។​

ទស្សនា​បទ​ចម្រៀង​ទាំង​៥បទ ខាងក្រោម៖

១ "ម្លប់​ដូង​ទី​ដប់" បទ​នេះ​ជា​ប្រវត្តិ​ស្នេហា​របស់​លោក​ជាមួយ​នារី​ម្នាក់ ដោយ​នារី​ម្នាក់​នោះ​រៀបការ​ចោល​លោក​ ទើប​លោក​និពន្ធ​បទ​នេះ​ឡើង។ បទ​នេះ​និពន្ធ​ឡើង​ក្នុង​ឆ្នាំ ១៩៧៤ និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង ដោយ​លោក គង្គ ប៊ុនឈឿន សម្រួល​តន្ត្រី​ដោយ​លោក ហាស សាឡន ច្រៀង​ដោយ​លោក​ ស៊ីន ស៊ីសាមុត។

២ "អារ​សាច់​ជូន​ម្ដាយ” ផលិត​ឡើង​ដើម្បី​បញ្ចូល​ទៅ​ក្នុង​រឿង " អារ​សាច់​ជូន​ម្ដាយ” ដោយ​ដំបូង​រឿង​នេះ​ជា​រឿង​ប្រលោម​លោក តែ​បន្ទាប់​ពី​លោក​បាន​លក់​សិទ្ធិឱ្យ​ទៅ​លោក កា ឆាយលៀង ហៅ​សារ៉ាវុទ្ធ ដើម្បី​ថត​ជា​ភាពយន្ត​ទើប​លោក​និពន្ធ​បទ " អារ​សាច់​ជូន​ម្ដាយ” ដាក់​បញ្ចូល​ក្នុង​ភាពយន្ត​តែ​ម្ដង។ បទ​នេះ​និពន្ធ​ក្នុង​ឆ្នាំ ១៩៦៨ ទំនុក​ច្រៀង​ដោយ គង្គ ប៊ុនឈឿន និពន្ធ​បទ​ភ្លេងដោយលោក ស៊ីន ស៊ីសាមុត សម្រួល​តន្ត្រីដោយ​លោក ម៊ែរ ប៊ុន ច្រៀង​ដោយ ស៊ីន ស៊ីសាមុត។

៣ "កូន​ស្រី​អ្នក​នេសាទ" ចំណង​ជើង​លើ​សំបក​កាសែត "សាយណ្ហ​ព្រាត់​ស្នេហ៍"បទ​នេះ​ថត​ជា​កាសែត​នៅ​ក្នុង​ឆ្នាំ១៩៧៤ បទ​នេះ​ដែរជា​កម្រង​អនុស្សាវរីយ៍ របស់ លោក គង្គ ប៊ុនឈឿន កាល​នៅ​ក្មេង​ ព្រោះ​លោក​ចូល​ចិត្ត​ទៅ​លេង​​នៅ​ភូមិ​បាក់ព្រា ដែល​ជា​ភូមិ​បណ្ដែត​ទឹក និង​បាន​ជាប់​ចិត្ត​លើ​ទេស​ភាព​នៅ​ទី​​នោះ​​។ ដំបូង​លោក​តែង​ជា​ប្រលោម​លោក​មាន​ចំណង​ជើង​ថា "កូន​ស្រី​អ្នក​នេសាទ” និង​បាន​និពន្ធ​បទ​នេះ​បញ្ចូល​ក្នុង​ប្រលោម​លោក​តែ​ម្ដង។ ទំនុក​ច្រៀង​ដោយ​លោក គង្គ ប៊ុន​ឈឿន ​បទ​ភ្លេង​ដោយ​លោក​ ស៊ីន ស៊ីសាមុត សម្រួល​តន្ត្រី ដោយ​លោក នូ ញ៉ុង ច្រៀង​ដោយ​ រស់ សេរីសុទ្ធា​។ ប្រលោម​លោក ​និង​បទ​ចម្រៀង​ គឺ​ជា​ការ​ប្រឌិត​របស់​អ្នក​និពន្ធ​ គង្គ ប៊ុនឈឿន​ តែ​ប៉ុណ្ណោះ។

៤ "រំដួល​ដង​ស្ទឹង​សង្កែ" បទ​នេះ​និយាយ​អំពី​អនុស្សាវរីយ៍កាល​លោក គង្គ ប៊ុនឈឿន នៅ​ពី​ក្មេង​ដែល​លោក​តែង​តែ​ឃើញ​នារី​ម្នាក់​រើស​គ្រំនៅ​ដង​ស្ទឹង​សង្កែ​។ បន្ទាប់​ពី​លោក​ក្លាយ​ជា​អ្នក​និពន្ធ​លោក​ក៏​បាន​នឹក​ឃើញ​រឿង​នេះ ហើយ​​និពន្ធ​ជា​បទ​ចម្រៀង​ក្នុង​ឆ្នាំ ១៩៧៤។ ​ទំនុក​ច្រៀង​ដោយ​លោក គង្គ ប៊ុនឈឿន ទំនុក​ភ្លេង​ដោយ​លោក ស៊ីន ស៊ីសាមុត កូដ​វីយោឡុង​ និង​សម្រួល​តន្ត្រី ដោយ​លោក អ៊ុំ ដរា ច្រៀង​ដោយ​លោក ស៊ីន ស៊ីសាមុត។

៥ "ស្ពាន​ឈើ​អភ័ព្វ” បទ​នេះ​ជា​រឿង​រ៉ាវ​ពិត​របស់​លោក គង្គ ប៊ុនឈឿន ដោយ​លោក​មាន​ស្នេហា​ជា​មួយ​នារី​ម្នាក់ ព្រោះ​តែ​ការ​បែក​បាក់​ស្នេហ៍ ទើប​លោក​និពន្ធ​បទ​នេះ​ឡើង។ បទ​នេះ​និពន្ធ​ក្នុង​ឆ្នាំ​១៩៧៤ និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក គង្គ ប៊ុនឈឿន បទភ្លេង​ជា​របស់​ថៃ សម្រួល​តន្ត្រី​ដោយ​លោក ហាស សាឡន ច្រៀង​ដោយ​លោក ស៊ីន ស៊ីសាមុត។

លោក គង្គ ប៊ុន ឈឿន ម្ចាស់​ស្នាដៃ​ខាង​លើ កើត​នៅ​ថ្ងៃ​ទី៨​ ខែ​តុលា ​ឆ្នាំ​១៩៣៩ នៅខេត្តបាត់ដំបង និង​ទទួល​មរណៈ​ភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​វ័យ៧៧ឆ្នាំ នៅ​ប្រទេស ន័រវេសន៍ ដោយ​ជំងឺ​មហារីក។ មរណៈ​ភាព​របស់​លោក​ត្រូវ​បាន​ប្រជាជន​កម្ពុជា​សោក​ស្ដាយ​ជា​អនេក និង​បាន​គិត​ថា​កម្ពុជា​បាន​បាត់​បង់​ធន​ធាន​មនុស្ស​ដ៏​មាន​ទេពកោសល្យ​បំផុត។

ចុច​អាន៖

គង្គ ប៊ុនឈឿន សល់​បទ​ចម្រៀង​ស្នា​ដៃ​ចុង​ក្រោយ​មួយ​ អត់​ទាន់​បានបញ្ចេញ

អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​

អ្នក​និពន្ធ​និយាយ​អ្វី​ខ្លះ​ពីមរណភាព​របស់​កវី គង្គ ប៊ុនឈឿន?

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទពេញនិយម
អត្ថបទថ្មី