អណ្តើក​ហ្លួងជាង​២០​ក្បាល បានលែងឲ្យរស់​តាមធម្មជាតិ ដោយភ្ជាប់​ជាមួយ​ឧបករណ៍តាម​ដាន

  • 2017-11-13 08:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជំនាញ​សត្វ​អណ្តើក​អន្តរជាតិ​ បាន​លែង​សត្វអណ្តើក​ហ្លួង​ពេញ​វ័យចំនួន២៥ក្បាល​ដែល​កន្លង​មក​បាន​ថែរក្សា​នៅ​ក្នុងមជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ខេត្តកោះកុង​ឲ្យ​រស់​នៅ​ក្នុង​ព្រែកធម្មជាតិវិញ​ ដោយ​មាន​ភ្ជាប់​ឧបករណ៍​តាម​ដាន​នៅ​លើ​សត្វ​អណ្តើក​ទាំងនោះ​ផង​ដើម្បីបាន​ដឹង​ពី​ការ​រស់​នៅ​របស់ពួកវា។​

 សត្វ​អណ្តើក​ទាំងនេះ​បាន​លែង​នៅ​ក្នុង​ដែន​ទឹក​ធម្មជាតិ​នៅ​តាម​ដង​ព្រែក​ស្រែ​អំបិល​ខេត្តកោះកុង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដែល​ជាទី​ជម្រក​ធម្មជាតិ​តែ​មួយ​គត់​សម្រាប់​អណ្តើក​ហ្លួង​នៅ​កម្ពុជា​។

សត្វ​អណ្តើក​ហ្លួង​ ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គ​ការ​IUCN​ ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សក​ល​លោក​ និង​ជាអណ្តើក​មួយ​ប្រភេទ​ក្នុង​ចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំង​ជាង​គេ​បំផុតផង​ដែរ។ ពួក​វា​មាន​វត្ត​មាន​រស់​នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ហើយ​ចំនួន​របស់​ពួកវា​នៅលើសកល​លោកមានតិច​ជាង​៥០០ក្បាល។

(មន្ត្រីជំនាញ​កំពុង​បំពាក់​ឧបករណ៍តាម​ដាន​លើអងណ្តើក​ហ្លួង​មុន​នឹង​លែង)

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រភេទ​សត្វអណ្តើក​នេះ​ក៍បាន​ចាត់​ជា​ប្រភេទ​កំពុង​រង​គ្រោះ​ថ្នាក់​ផង​ដែរ​ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ជាប្រភេទ​សត្វ​ល្មូន​តំណាង​ឲ្យ​ប្រទេសកម្ពុជា ​ដោយ​ព្រះរាជក្រឹត្យនស/រកត/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។

បន្ទាប់​ពីទទួល​បាន​ការ​ត្រួត​ពិនិត្យ​សុខភាព​ដោយ​ក្រុម​គ្រូពេទ្យ​សត្វ​មក​ពី​សួន​សត្វ​ប្រន់​នៅ​សហរដ្ឋ​អាមេរិក ​របស់​អង្គការ​WCS សត្វ​អណ្តើ​កហ្លួង​ទាំង​២៥ក្បាលនេះ​ ត្រូវ​បាន​បំពាក់​ជាមួយ​នូវ​ឧបករណ៍​តាម​ដាន​ដែល​អាចឲ្យ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​ការ​ត្រួត​ពិនិត្យ ​និង​តាម​ដាន​ការ​រស់​រាន​ និង​បម្លាស់​ទី​របស់​ពួក​វា​បាន​ជា​ច្រើន​ឆ្នាំ​ ព្រម​ទាំង​អាច​ស្វែង​យល់​អំពី​ប្រភេទ​ទីជម្រកធម្មជាតិ​ដែល​ពួក​វាប្រើ​ប្រាស់​នៅ​ក្នុង​ប្រព័ន្ធ​ព្រែក​នេះ​ទៀត​ផង​។

(អណ្តើក​ហ្លួង​កំពុងវា​ចូល​ក្នុងព្រៃ​ធម្មជាតិ)

លោក សោម ស៊ីថា ទី​ប្រឹក្សា​បច្ចេក​ទេស​គម្រោង​អភិ​រក្ស​ខេត្ត​កោះកុង​នៃអង្គ​ការWCS បានថ្លែងថា ការ​ហាម​ឃាត់​មិន​ឲ្យ​មានការ​បូម​ខ្សាច់​នៅ​ក្នុង​ព្រែក​ស្រែអំបិល​ជា​កត្តា​អំណោយ​ផល​ដល់ការរស់​នៅ​របស់​សត្វ​អណ្តើក​ហ្លួងនេះ។

លោក​បន្ថែមថា៖ «កា​លពី​ពេលថ្មីៗ​​នេះ រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា​បាន​ហាម​ឃាត់​សកម្មភាព​បូមខ្សាច់​នៅតាម​ប្រព័ន្ធព្រែក​ស្រែ​អំបិល​ដែល​ជាដំណឹង​ដ៏ល្អ​បំផុត​សម្រាប់​ការ​ងារ​អភិ​រក្ស​សត្វ​អណ្តើ​កហ្លួង​ ពី​ព្រោះ​វា​បាន​ជួយ​ ការពារ​ និង​ថែ​រក្សា​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជាទី​ធម្មជាតិ​ និង​ជា​កន្លែង​ពង​កូន​តែ​មួយ​គត់​របស់អណ្តើក​ហ្លួងនៅកម្ពុជា»

លោក​បន្តថា អ្នកជំនាញ​អាច​តាម​ដាន​បម្លាស់ទី ស្វែង​យល់​អំពី​ទីជម្រក​ និង​ការរស់រាន​នៃ​អណ្តើក​ហ្លួង​ ដែល​លែង​ទៅក្នុង​ធម្ម​ជាតិនេះ​តាម​រយៈ​ឧបករណ៍ដែលភ្ជាប់នៅ​នឹង​អណ្តើក​។ រាល់ព័ត៌មាន​ដែល​ប្រ​មូល​បាន​លោក​ថា​ជួយ​ក្រុម​អភិ​រក្សរបស់​រដ្ឋ​បាល​ជលផល​ និង​អង្គការWCS រៀប​ចំផែន​ការ​ និង​គ្រប់​គ្រង​ប្រភេទសត្វ​នេះ​ល្អ​ប្រសើរ​ជាងមុន។

គួរបញ្ជាក់ថា​ការដាក់​ឈ្មោះ​អណ្តើក​ហ្លួង​យ៉ាង​ដូច្នេះ​ ពីព្រោះ​កាល​ពីមុន​មាន​តែគ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះទេ​​ដែល​អាច​សោយ​ពង​របស់​អណ្តើននេះ​បាន៕

អត្ថបទ​ដោយ៖ សុផល

រូបភាព៖ WCS