រញ្ជួយ​ដី​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​២០១៧ នៅ​អ៊ីរ៉ាក់-អ៊ីរ៉ង់ ឆក់​យក​ជីវិត​មនុស្ស​ជាង៤០០នាក់​ហើយ

  • 2017-11-14 02:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​២០១៧ នៅ​ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ៤៥២​នាក់ និង​របួស​រាប់​ពាន់​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។ គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៣រ៉ិចទ័រ​នេះ បាន​វាយ​ប្រហារ​មក​លើ​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ីរ៉ាក់​ និង​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ង់។

ការ​រញ្ជួយ​ដី​បាន​វាយ​ប្រហារ​នៅ​ម៉ោង ២១:១៨ ម៉ោង​ក្នុង​តំបន់ (18:18 GMT) ដែល​មាន​ចម្ងាយ​ប្រហែល​ជា ៣០គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ខេត្ត Halabja ជិត​ព្រំ​ប្រទល់​ភាគ​ឦសាន​ប្រទេស អ៊ីរ៉ង់។ វា​បាន​កើត​ឡើង​នៅ​ជម្រៅ ៣៣,៩ គីឡូម៉ែត្រ ហើយ​បញ្ជូន​រំញ័រ​ទៅ​ដល់​ប្រទេស ទួរគី អ៊ីស្រាអែល និង គុយវ៉ែត​ផង​ដែរ។

ក្នុង​ចំណោម អ្នក​ស្លាប់​ទាំង ៤៥២​នាក់ មាន ៤៤៥​នាក់ នៅ​ប្រទេស​អ៊ីរ៉ង់ និង ៧​នាក់ នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។ ទូរទស្សន៍​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ផ្សាយ​របាយការណ៍​ថា ក្រៅ​ពី​អ្នក​ស្លាប់ មាន​អ្នក​របួស ៧១០០​នាក់​ទៀត។ ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​របស់​ប្រទេស​អ៊ីរ៉ាក់ ក៏​បាន​បញ្ជាក់​ដែរ​ថា មាន​អ្នក​របួស ៥៣៥​នាក់​ទៀត​នៅ​ប្រទេស​នេះ។

នេះ​ជា​គ្រោះ​រញ្ជួយ​ដី​អាក្រក់​បំផុត​ប្រចាំ​ឆ្នាំ​២០១៧ បន្ទាប់​ពី​រញ្ជួយ​ដី​ធំៗ​នៅ​ប្រទេស​ម៉ិកស៊ីកូ ទួរគី និង​ប៉ាគីស្ថាន។ អ្នក​ស្លាប់​អាច​នឹង​បន្ត​កើន​ឡើង​ច្រើន​ទៀត ព្រោះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រុក​រក​អ្នក​នៅ​ក្រោម​សំណល់​បែក​បាក់​នានា។ ប្រទេស​អ៊ីរ៉ង់ បាន​ប្រកាស​កាន់​ទុក្ខ ៣​ថ្ងៃ ចំពោះ​អ្នក​ស្លាប់​ដោយ​សោកនាដកម្ម​ដ៏​អាក្រក់​មួយ​នេះ៕ ​

ប្រភព៖ CNN   ប្រែ​សម្រួល៖ គង់ វិសាល