ជើង​ខ្លាំង​វៀតណាម​ចេញ​មុខ​ប្រកាស​ថា​ Face ID ​គ្មាន​សុវត្ថិភាព​ឡើយ​

  • 2017-11-14 02:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bkav Corp ក្រុមហ៊ុន​​ឈាន​មុខ​មួយ​លើ​​ប្រព័ន្ធ​សុវត្ថិភាព, Software និង​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​​របស់​វៀតណាម​ បាន​​និយាយ​ថា​ប្រព័ន្ធ​សុវត្ថិភាព​របស់​ Face ID លើ​ iPhone X ​មិន​មែន​ជា​​វិធានការ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុមហ៊ុន​ខាង​លើ​បាន​បោក​បញ្ឆោត​មុខងារ​ Face ID លើ​ iPhone X បាន​សម្រេច​ ដោយ​ប្រើ​នូវ​ស្រោម​មុខ​​មនុស្ស​​ដើម្បី​ដោះ​សោ​លើ iPhone X។ ទស្សនា​វីដេអូ​ខាង​ក្រោម​ដែល​បង្ហាញ​ពី​ដំណើរ​ការ​​បោក​បញ្ឆោត​ Face ID ដោយ​ស្រោម​មុខ ៖

តាម​រយៈ​វីដេអូ​ខាង​លើ​ឃើញ​យ៉ាង​ច្បាស់​ថា​ គេ​ពិត​ជា​អាច​ប្រើ​ស្រោម​មុខ​ដែល​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ ដើម្បី​ដោះ​សោ​ iPhone X បាន។ យ៉ាងណាក្ដី​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​វីដេអូ​ខាង​លើ​ជា​វីដេអូ​ក្លែង​ក្លាយ​ ព្រោះ​នៅ​ពេល​ប្រើ​ស្រោម​មុខ​ឲ្យ​ដោះ​សោ​គេ​មិន​បាន​ឃើញ​ Animation ដោះ​សោ​​នោះ​ទេ។ មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ដែរ​ថា​ មូល​ហេតុ​ដែល​មិន​ឃើញ​ Animation ដោយ​សារ​តែ​ Animation បាន​បង្ហាញ​ចេញ​ស្រប​ពេល​ដែល​អ្នក​បង្ហាញ​បាន​អូស​ដើម្បី​ដោះ​សោ​ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​មើល​មិន​ឃើញ។

ក្រុមហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​​គេ​អាច​​ផលិត​បាន​ស្រោម​មុខ​ដែល​អាច​បោក​បញ្ឆោត​ Face ID បាន​ក៏​ដោយ​សារ​​ពួក​គេ​យល់​ពី​ដំណើរ​ការ​របស់​បច្ចេកវិទ្យា​នេះ។ ដើម្បី​ផលិត​ស្រោម​មុខ​នេះ​ត្រូវ​ចំណាយ​អស់​ ១៥០ ដុល្លារ​ ​ហើយ​បាន​ប្រើ​បច្ចេកទេស​ផលិត​ដោយ​ប្រើ​ផ្ទៃ​ផ្ទាល់​លើ​ផ្នែក​ខ្លះ​ដូច​ជា​ច្រមុះ និង​ស្បែក​ ចំណែក​ផ្នែក​ដទៃ​ទៀត​ផលិត​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន​ 2D និង 3D។

ត្បិត​ថា​មុខងារ​ Face ID របស់​ Apple មិន​សូវ​មាន​ប្រសិទ្ធភាព​មែន​ ប៉ុន្តែ​អ្នក​ដែល​អាច​រង​គ្រោះ​​ពី​ការ​វាយ​ប្រហារ​តាម​រយៈ​មុខងារ​នេះ​មិន​មែន​ជា​អ្នក​ប្រើ​ប្រាស់​ទូទៅ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​ជា​មហាសេដ្ឋី, មេ​ដឹកនាំ​ល្បី​ឈ្មោះ​នៃ​ក្រុមហ៊ុន​ ឬ អង្គភាព​​ល្បីៗ, អ្នក​ដឹកនាំ​ប្រទេស​ និង​ភ្នាក់ងារ​ FBI។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ក្រុមហ៊ុន​ Bkav Corp៕​​​​​​​​​​​​​​​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង