សូហ្វតេន្នីស​កម្ពុជា​៖ ​ត្រឹម​មេដាយ​កម្រិត​អាស៊ាន ​ចង់​យក​ពេល​ណា​ក៏​បាន

  • 2017-11-14 04:38:16
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ឯក​ឧត្ដម​ ជា ប៊ុន​ហេង ​អគ្គលេខាធិការ​ និង​​ជា​ថ្នាក់​ដឹក​​នាំ​​ក្រុម​កីឡា​សូហ្វតេន្នីស​កម្ពុជា​បាន​បញ្ជាក់​ថា​ត្រឹម​មេដាយ​កម្រិត​អាស៊ាន​នេះ ​កីឡាករ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ចង់​ដណ្ដើម​យក​ពេល​ណា​ក៏​បាន​ដែរ។

ព្រឹត្តិការណ៍​កីឡា​សូហ្វតេន្នីស​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ហ្វីលីពីន​ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​កន្លង​ទៅ​នេះ ​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន។ ​ដោយ​ទទួល​បាន​មេដាយ​មាស​ក្នុង​វិញ្ញាសារ វាយ​ជា​ក្រុម​បុរស ​វាយ​គូ ​និង​ទទួល​បាន​មេដាយ​ប្រាក់ ​វាយ​ជា​ក្រុម​នារី​ថែម​ទៀត​ផង។ កម្រិត​លេង​របស់​កម្ពុជា​នា​ពេល​នេះ គឺ​ត្រូវ​ឯក​ឧត្ដម​ ជា ប៊ុន​ហេង ​មើល​ឃើញ​ថា​ឈាន​ឡើង​ដល់​កម្រិត​ខ្ពស់ អាច​ប្រជែង​បាន​នៅ​តំបន់​អាស៊ី។

ខណៈ​ដែល​ត្រឹម​តំបន់​អាស៊ាន​វិញ ​សូហ្វតេន្នីស​កម្ពុជា​អាច​ដណ្ដើម​បាន​មេដាយ​ស្រួល ​ត្បិត​អី​កម្រិត​លេង​ក្នុង​តំបន់​នេះ ​មាន​តែ​ឥណ្ឌូណេស៊ី​មួយ​ទេ ​ដែល​នៅ​លើ​កម្ពុជា។ មួយ​វិញ​ទៀត​ក្រោយ​ពី​ទទួល​បាន​មេដាយ​នេះ​ហើយ ​កម្ពុជា​បាន​ហក់​ឡើង​មក​ចំណាត់​ថ្នាក់​លេខ​១០ ​ក្នុង​តារាង​សូហ្វតេន្នីស​ពិភព​លោក​ហើយ។

ឯក​ឧត្ដម​ ជា ប៊ុន​ហេង

នៅ​ឆ្នាំ​ក្រោយ​ទៀត​សោត ឯក​ឧត្ដម​ ជា ប៊ុន​ហេង ​អគ្គលេខាធិការ​ និង​​ជា​ថ្នាក់​ដឹក​​នាំ​​ក្រុម​កីឡា​សូហ្វតេន្នីស​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត ដើម្បី​ឱ្យ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​កាន់​តែ​ឈាន​ឡើង​មួយ​កម្រិត​ទៀត។ ដោយ​ការ​ចំណាយ​ឱ្យ​កីឡាករ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​នោះ ​គឺ​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​ឯកឧត្ដម ​ហើយ​គ្រោង​នឹង​ចំណាយ​អស់​ប្រហែល​ជា​៣​ម៉ឺន​ដុល្លារ​ឯ​ណោះ៕


អត្ថបទ៖ មុន្នីរម្យ