គ្រាន់ច្រៀង១កម្មវិធីសោះ អ៊ីណូ ឱប​លុយ​រៀល​រាប់​លាន

  • 2017-11-14 09:12:44
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក អីណូ តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ជាថ្មី​ ក្រោយ​លោក​បាន​បង្ហាញ​រូបភាព​ប៉ុន្មាន​សន្លឹក ​អង្គុយ​ឱប​លុយរៀល​រាប់​លាន។ លោក​បាន​ឆ្លើយ​ប្រាប់ថា នោះ​ជា​តម្លៃ​ពលកម្ម​របស់​លោក​ផ្ទាល់​តែ​ម្ដង។

ប្រាក់​​រៀល​ដែល​តារា​ចម្រៀង​សំឡេង​បាន  អ៊ីណូ ​ទទួល​បាន​នោះ គឺ​មាន​ចំនួន​ប្រមាណ​ជាង​៥លាន​រៀល ស្មើ​នឹង​ ១ ៣០០ដុល្លារ​សហរដ្ឋ​អាមេរិក ដែលលោក​​ទើប​តែ​ទទួល​បាន​ពី​ការងារ​ចេញ​ច្រៀង​ ក្នុង​កម្មវិធី​ពិព័រណ៍​​មួយ​នៅ​លើ​ទឹក​ដីខេត្ត​តាកែវថ្មីៗ តាម​ការ​ចាត់​ចែង​របស់​ថ្នាក់​លើ​លោក​ផ្ទាល់។

បើ​ទោះ​ជា​ការ​ទទួល​ប្រាក់​ដុល្លារ មាន​ភាព​ងាយស្រួល មិន​សំពីងសំពោង​ច្រើន ប៉ុន្តែ​ម្ចាស់​បទ “ប្រុស​ក្រញាញ់​ខូច​ចិត្ត​” រូប​នេះ អះអាង​ថា លោក​ក៏​​រីករាយ​ទទួល​យកថ្លៃ​ពលកម្ម​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុកដូច​គ្នា។

អ៊ីណូ ​​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំង​ពី​ឆ្នាំ​ ២០០៨​មក​ បន្ទាប់​ពី​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ផ្នែក​ចម្រៀង​ ក្នុង​កម្ម​វិធី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​។ ក្រោយពី​តស៊ូ​​ច្រៀង​នៅ​តាម​ក្លឹប​កម្សាន្ត​នានា ក្រោយ​មកលោក​ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​ ផលិតកម្ម​សាន់ដេអំឡុង​ឆ្នាំ ២០១៣។  

បន្ទាប់​បាន​សាង​កេរ្តិ៍​ល្បី​ៗល្បាញ​ក្នុង​ផលិតកម្ម​ខាង​លើ មក​ទល់​បច្ចុប្បន្ន​លោក​បាន​ទទួល​តម្លៃ​ខ្លួន ពី ១ ៣០០​ ទៅ ១ ៥០០ដុល្លារ​អាមេរិក សម្រាប់​ការ​ចេញ​ច្រៀង​មួយ​កម្មវិធី​ ។ តម្លៃ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ចចារ និង​ទីតាំង ​ដែល​លោក​ត្រូវចេញ​ធ្វើ​ការ​។

ជាតារា​ចម្រៀង និង​ជា​អ្នក​និពន្ធផង​ អ៊ីណូ អះអាង​ថា ពី​ពេល​នេះ​ទៅ​មុខ លោកនៅ​តែ​រីករាយ​ទទួល​តម្លៃ​ពលកម្មទាំង​លុយ​រៀល និង​លុយដុល្លារ ពិសេស​លុយ​រៀលតែ​ម្ដង។ ធ្វើ​បែប​នេះ លោក​ថា ព្រោះតែ​លោក​ចង់​បង្ហាញ​ការ​គាំទ្រមួយ​​ផ្នែក​ដល់​​រូបិយប័ណ្ណ​ក្នុង​ស្រុក​យើងផង ក្នុង​នាម​លោក​ជា​មនុស្ស​របស់​មហាជន៕

ប្រភពៈ ៣០ដេលី        


អត្ថបទៈ ប៊ុនណា សភា