រិន​ សារ័ត្ន​ នឹង​ចូល​ប្រឡូក​ប្រដាល់​ MMA វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​

  • 2017-11-14 08:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ថា​នៅ​ពេល​ខាង​មុខ​នឹង​ហ្វឹកហាត់​គុន​ចម្រុះ​ឡើង​វិញ​ ដើម្បី​ស្វាគមន៍​សង្វៀន​ MMA​ មិន​ថា​នៅ​ក្នុង​ ឬ​ក្រៅ​ប្រទេស​នោះ​ទេ​ ព្រោះ​បច្ចុប្បន្ន​កីឡាករ​មួយ​ចំនួន​នៅ​កម្ពុជា​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​បរទេស​បាន​ច្រើន។​

កីឡាករ​ រិន​ សារ័ត្ន​

កីឡាករ​ រិន​ សារ័ត្ន​ បង្ហើប​ពី​គម្រោង​វិល​ចូល​សង្វៀន​ MMA​ បន្ទាប់​ពី​ឃើញ​មិត្ត​រួម​អាជីព​ដទៃ​ទៀត​មាន​ឱកាស​ចេញ​ទៅ​នៅ​ឯក្រៅ​ប្រទេស​ សាង​កេរ្តិឈ្មោះ​ល្បី​នា​ពេល​កន្លង​មក​នេះ។ ​បច្ចុប្បន្ន​នេះ​គេ​កំពុង​តែ​ឡើង​សង្វៀន​គុន​ខ្មែរ​តាម​បណ្ដា​ស្ថានីយ​ផ្សេងៗ​ ហើយ​ក្រៅ​ពី​នេះ​ក៏​ឆ្លៀត​ហាត់​ក្បាច់​គុន​ចម្រុះ​ជា​បណ្ដើរ​ៗ​ហើយ​ ជា​ការ​រំលឹក​ឡើង​វិញ​ខ្លះ។​

កីឡាករ​កម្ពុជា​វ៉ៃ​នៅសង្វៀន One Championship

អ្នក​ប្រដាល់​រូប​នេះ​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ ឥលូវ​នេះ​គេ​សុំ​ឲ្យ​លោក​ ហ៊ុន​ ចាន់រាជ​ ជួយ​ដាក់​ឈ្មោះ​ចាប់​គូ​នៅ​តាម​សង្វៀន​ក្នុង​ទ្រុង​នៅ​ក្រៅ​ប្រទេស​ណា​ក៏​បាន​ដែរ​ ដើម្បី​ឲ្យ​បាន​ឡើង​ប្រកួត​បន្ថែម​ពី​លើ​សង្វៀន​គុន​ខ្មែរ​សព្វ​ថ្ងៃ។​ បាន​ជា​ «សារ័ត្ន»​ ចង់​ប្រកួត​ក្នុង​ទ្រុង​ឡើង​វិញ​ដូច​នេះ​ ព្រោះ​ពី​មុន​រូប​គេ​ជា​អតីត​កីឡាករ​វ៉ៃ​គុន​ចម្រុះ​របស់​សង្វៀន​ MYTV​ និង​ជា​ជើង​ឯក​រង​នៅ​នោះ​ទៀត​ផង​ បើ​និយាយ​ពី​បទ​ពិសោធ​វិញ​ក៏​មិន​តិច​ឆ្នាំ​ដែរ​ ដូច្នេះ​ពេល​ឃើញ​កីឡាករ​ដទៃ​គេ​ឡើង​វ៉ៃ​ម្ដង​ៗ​ ហាក់​ដូច​ដាស់​ចិត្ត​ខ្លួនឲ្យ​ចង់​ឡើង​ប្រកួត​វិញ​តែ​ម្ដង។​

សង្វៀន One Championship

រិន​ សារ័ត្ន ​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ជា​មួយ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ ថ្មីៗ​នេះ​គេ​ទើប​តែ​វិល​ត្រលប់​មក​ពី​ប្រកួត​នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​សប្ដាហ៍​មុន​នេះ​រង​បរាជ័យ​ក្រោយ​ថ្មី​ដៃ​ គឹម​ វាសនា​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ៥។​ សារ័ត្ន​ ជា​អតីត​ជើង​ខ្លាំង​មួយ​រូប​នៅ​សង្វៀន​ MYTV​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​