តារា​ចម្រៀង​ដែល​មាន​សំនៀងស្រដៀង​ ហួយ មាស សម្រេច​បំណង​ដែលប៉ង​ជា​យូរ

  • 2017-11-14 10:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​មាន​សំនៀងស្រដៀង​នឹង​អ្នក​ស្រី ហួយ មាស គឺ​អ្នក​នាង មាស អាលីស បាន​សម្រេចក្តីស្រមៃដែលប៉ងជាយូរមកហើយ ដោយបានចូល​ផលិតកម្ម​មួយ មាន​ឱកាស​ចេញ​បទ Original ផ្ទាល់​ខ្លួន​ផង។

រូបផ្ដល់ឱ្យ

តារា​ចម្រៀង​មាន​សំឡេង​ក្រអួន​ក្រអៅរូបនេះបាន​ប្រាប់ Sabay ថា ខ្លួន​បាន​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម C2GO កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ ក្រោម​ហេតុ​ផល​មាន​ឱកាស​ធ្វើ​រឿង​មនុស្ស​ធម៌​បាន​ច្រើន។ ពិធី​ការិនី​វិទ្យុ​ចិន​រូប​នេះ​បញ្ជាក់​ថា ផលិត​កម្ម​នេះមាន​កម្ម​វិធី​តន្ត្រី​សប្បុរស​ធម៌​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​ថៃ កូរ៉េ អូស្ត្រាលី ជា​ដើម ដូច្នេះ​ខ្លួន​មាន​ឱកាស​ច្រើន​ដើម្បី​ជួយ​អ្នក​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា។

ស្រប​ពេល​ដែលអ្នក​នាង​ក៏​ត្រៀម​ចេញ​បទ Original Song នៅ​ពាក់​កណ្ដាល​ខែ​ធ្នូនេះ​ដែរ ដោយ​ត្រៀម​ចេញ​៤​បទ ហើយ​អ្នក​នាងសម្ដែង​ដោយ​ផ្ទាល់​ផង។ លើស​ពី​នេះ បទ​ចម្រៀង​របស់​អ្នកនាង​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង call tune ទូរស័ព្ទ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Smart ។

“ដោយ​បង​ឃើញ​ថា ផលិត​កម្ម​នេះ​មាន​កម្ម​វិធី​តន្ត្រីសប្បុរស​ធម៌​ រៃអង្គាស​ប្រាក់ យក​មក​ជួយ​ចាស់ជរា ជន​ក្រីក្រ និង​កុមារ​កំព្រា ទើប​បាន​បង​ចុះ​កុងត្រា​ជាមួយ។ បង​អាច​ទៅ​ច្រៀង​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន ដើម្បី​យក​ប្រាក់​មក​ជួយ​អ្នក​ក្រីក្រ​ក្នុង​ប្រទេស​យើង ហើយ​នេះ​ជា​បំណង​ប្រាថ្នា​របស់​បង​យូរ​ហើយ"។

អតីត​ពិធី​ការិនី​វិទ្យុ​អាស៊ីអាគ្នេយ៍​រូប​នេះ ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម C2GO រយៈ​ពេល​៥ឆ្នាំ ហើយ​បទ​ដែល​ត្រៀម​ចេញ​៤បទ​ដំបូង​នោះ មិន​ទាន់​ដឹង​ចំណង​ជើង​ច្បាស់​នៅ​ឡើយ គ្រាន់​តែ​ដឹង​ថា​ជា​បទ​បែប​មនោសញ្ចេតនា និង​បទ​បែប​យុវវ័យ។ ទោះ​ជា​ចូល​ក្នុង​ផលិតកម្ម​ក្ដី តែ​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​បន្ត​ច្រៀង​តាម​ស្ថានីយ​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍​ដែល​អញ្ជើញ និងច្រៀង​ក្នុង​កម្ម​វិធី​មង្គលការ កាត់​នំ​ខួបកំណើត ជប់លៀង​ផ្សេងៗ​ដដែល។

តារាចម្រៀង មាស អាលីស ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​ពិធី​ករ​កម្មវិធី​វិទ្យុ និង​កាន់​កម្មវិធី​ច្រៀង​ចម្រៀង​ជាមួយ​ប្រិយ​មិត្ត។ ដោយ​សារ​តែ​មាន​ទេពកោសល្យ និង​ទឹក​ដម​សំឡេង​ស្រដៀង​អ្នកស្រី ហួយ មាស កន្លង​មក​​ពិធី​ការិនី​រូប​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​អញ្ជើញ​ទៅ​ច្រៀង​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ធំ​ៗ​មួយ​ចំនួន ហើយ​ទស្សនិកជន​ក៏​គាំទ្រ​អ្នក​នាង​មិន​តិច​ដែរ៕

ចុចអាន៖

ស្ទើរ​តែ​ដូច​ម្ចាស់​ដើម! ស្តាប់​តែ​សំឡេង ស្មាន​តែ​សំនៀង​អ្នកស្រី ហួយ មាស (វីដេអូ)

អត្ថបទ៖ ប៉ូ សាគុន