លម្អិត​ជុំវិញ​នាវា​អាស៊ាន​ចត​នៅ​កម្ពុជា ហើយ​ទើប​ចេញ​វិញ​ម្សិលមិញ

  • 2017-11-14 09:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ នាវា​យុវជន​អាស៊ាន ទើប​តែ​ចេញ​ពី​កំពង់​ផែ​ព្រះសីហនុ បន្ត​ឆ្ពោះ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់​ពី​ចូល​ចត​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០ វិច្ឆិកា ដោយ​ធ្វើ​ដំណើរ​ផ្ទាល់​ពី​ជប៉ុន។

នាវា​យុវជន​អាស៊ាន និង​ជប៉ុន (SSEAYP) ដែល​បង្កើត​តាំង​ពី​ឆ្នាំ ១៩៧៤ មក ជា​កម្មវិធី​ផ្លាស់​ប្ដូរ​យុវជន​ប្រចាំ​ឆ្នាំ រៀបចំ​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​លើក​កម្ពស់​មិត្តភាព សហប្រតិបត្តិការ និង​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ចំណោម​យុវជន​អាស៊ាន​ទាំង ១០ ប្រទេស និង​ជប៉ុន។ មាន​កម្មវិធី​ច្រើន ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ រឹតចំណង​មិត្តភាព ទាំង​លើ​នាវា​ផ្ទាល់ និង​តាម​ប្រទេស​សំចត​នីមួយៗ។

ជាក់​ស្ដែង គ្រាន់​មក​ដល់​កម្ពុជា​ភ្លាម យុវជន​អាស៊ាន​សរុប ៣៧០ នាក់ បាន​ចូល​ជួប​សំណេះ​សំណាល​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្ដម​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា និង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត។ ក្រៅ​នេះ ពួកគេ​ក៏​បាន​ស្នាក់នៅ​ជាមួយ​គ្រួសារ​កម្ពុជា​តាម​ផ្ទះ និង​មាន​សកម្មភាព​ផ្សេងៗ​ជា​ច្រើន មុន​នឹង​ចេញ​ដំណើរ​តាម​នាវា​បន្ត​ទៀត។

នាវា Nippon Maru ត្រូវ​ធ្វើ​ដំណើរ​រយៈ​ពេល ៥២ ថ្ងៃ (២៣ តុលា-១៣ ធ្នូ ២០១៧) ដោយ​ផ្ដើម​ចេញ​ដំណើរ​ពី​ជប៉ុន ឆ្លង​កាត់ និង​ចូល​ចត​នៅ កម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ចុង​ក្រោយ​ត្រលប់​មក​ដល់​ជប៉ុន​វិញ។

កម្ពុជា បញ្ជូន​ក្រុម​និស្សិត ២៩ នាក់ រៀង​រាល់​ឆ្នាំ ចូលរួម​ក្នុង​កម្មវិធី​នាវា​នេះ តាំង​ពី​ឆ្នាំ​២០០០ មក​ម្ល៉េះ មួយ​ឆ្នាំ​ក្រោយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន ខណៈ​ដែល​ឆ្នាំ​នេះ Phnom Penh City Center ក៏​បាន​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​នាវា​នេះ​ផង​ដែរ។ គិត​ត្រឹម​២០១៧ កម្ពុជា បាន​និស្សិត​ចូលរួម​លើ​នាវា​យុវជន​អាស៊ាន​សរុប ៥៤២ នាក់។ រាល់​ឆ្នាំ កម្ពុជា តែង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​និស្សិត​តំណាង ឲ្យ​ចូលរួម​នាវា​យុវជន​អាស៊ាន៕

លោក Bernard Lim (ស្ដាំ) តំណាង Phnom Penh City Center ផ្ដល់​វត្ថុអនុស្សាវរីយ៍ដល់​យុវជន​កម្ពុជា

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម