ម្ចាស់​ហាងកាហ្វេ​មួយ​ ទិញ​កង់​អាយុជាង​១០០​ឆ្នាំ​ ពីអាមេរិក​មក​តាំង​ក្នុង​ហាង​

  • 2017-11-14 09:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ហាង​កាហ្វេ​​​មួយ​កន្លែង​នៅ​ក្រោយ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី បាន​ព្យាយាម​ទិញកង់​ចាស់​មួយ​តាំងពី​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដើម្បី​យក​មក​តាំង​នៅ​ក្នុង​ហាង​កាហ្វេ​របស់​ខ្លួន​។

កង់​នេះ​ពិតជាចាស់​មែន​ដោយ​វាមាន អាយុ​មិន​តិចជាង​១០០​ឆ្នាំនោះទេ ហើយ​ម្ចាស់​ហាង​កាហ្វេ​ដែល​ចូល​ចិត្ត​វត្ថុ​ចាស់ៗ​នោះ​បាន​ស្នើ​ឲ្យ​ប្អូន​ប្រុស​របស់​ខ្លួន​ចូល​បញ្ជា​ទិញ​កង់​មួយ​នេះ​ខណៈពេល​ដែល​កង់នេះបាន​ដាក់​លក់​លើ​វែបសាយ​ ebay។​

(កង់​ដែល​ដាក់តាំងនៅ​ហាងកាហ្វេThe museum Cafe)

លោក លីប៉េង ហេង ជា​ម្ចាស់​ហាង The museum Cafe ជា​អ្នក​ចូល​ចិត្ត​សន្សំ​របស់​របស់ចាស់ៗ​ និង​បាន​យក​ដាក់​តាំង​ក្នុង​ហាង​កាហ្វេ​របស់​លោក។ លោក​ថ្លែងថា​កង់​ចាស់​អត់​ច្រវ៉ាក់​ដែល​ដាក់​តាំង​ក្នុងហាង​របស់​លោក​ហ្នឹង​ហើយជា​របស់​ដែល​លោក​ស្រឡាញ់បំផុត​ក្នុង​ចំណោម​របស់​តាំងផ្សេង​ទៀត។

លោក​បន្តថា​មុន​នឹង​​ទិញ​បានកង់​នេះ​លោកមាន​ក្តីបារម្ភជាខ្លាំង​ដោយ​ខ្លាច​ថាដេញថ្លៃទិញ​មិន​បាន​រហូត​ធ្វើ​ឲ្យ​​លោក​បាយ​មិន​នឹក ទឹក​មិន​ស្រេក។ ទោះយ៉ាងណា លោក​ លីប៉េង ហេង មិន​បាន​ប្រាប់ពី​តម្លៃដែល​លោក​ទិញបាននោះទេ។​

លោក​បន្ថែមថាៈ «កង់​នេះ​ពូ​ឲ្យ​ប្អូន​ប្រុស​នៅ​អាមេរិក​ទិញ​ឲ្យ​ គេ​ដាក់​លក់​ដេញ​ថ្លៃ​នៅ ​ebay​ហើយ​មាន​គេ​ដណ្តើម​ទិញ​ច្រើន​ណាស់​មួយ​យប់​ នោះ​ពូ​ដេក​មិន​លក់​ប្រាប់​ប្អូន​ថា​ធ្វើ​ម៉េច​ទិញ​ឲ្យ​បាន​គ្រាន់​តែ​ព្រឹក​ឡើង​គេ​តេ​មក​ប្រាប់​ថា​ទិញ​បាន​ហើយ​ ពូ​សប្បាយ​ចិត្ត​ចង់​ហោះ ដូ​ច្នេះ​ហើយ​ពូ​ស្រលាញ់​កង់​នេះ​ជាង​គេ​ សូម្បី​តែ​logo​ហាង​ក៏​ពូ​ដាក់​រូប​កង់​នេះ​ដែរ»។

ចំណុចពិសេស​ដែល​ធ្វើ​ឲ្យ​លោក​ចាប់អារម្មណ៍ចំពោះកង់នេះ​ទំនងជា​ស្ថិត​នៅ​លើ​អាយុកាល​ផលិត​របស់​វា។ លោក លីប៉េង ហេង អះអាងថា​កង់​នេះ​ផលិត​នៅ​ក្នុង​ប្រ​ទេសជប៉ុន​នៅ​ឆ្នាំ១៨៧៩ ហើយ​កង់នេះ​ជា​របស់​ដែល​ចាស់ជាងគេ​ក្នុង​ចំណោម​របស់​ផ្សេងទៀត​ដែល​​លោកមាន។​

អត្ថបទដោយ៖ បញ្ញា

ប្រ​ភព៖ ៣០ដេលី

អត្ថបទពេញនិយម