ជំងឺ​ឆ្លង​កាច​សាហាវ​ថ្មី​មួយ​កំពុង​​គំរាម​កំហែង​ប្រទេស៩

  • 2017-11-14 09:19:40
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​ខែ​សីហា ជំងឺ​ឆ្លង​កាច​សាហាវ​ថ្មី​មួយ​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើ​ង​នៅ​ក្នុង​ប្រទេស ម៉ាដាហ្គាស្កា ដោយ​បាន​សម្លាប់​មនុស្ស ៦៥នាក់ និង​ជាង ២០០០នាក់​ទៀត​​ឆ្លង​ជំងឺ ហើយ​បច្ចុប្បន្ន​វា​បាន​បន្ត​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង ៩​ទៀត។

ជំងឺ​នេះ​បង្ក​ឡើង​ដោយ​បាក់តេរី​ម៉្យាង​ឈ្មោះ Yersinia ដែល​ជា​ទូ​ទៅ​ឆ្លង​តាម​រយៈ​ចៃ​ឆ្កែ​ខាំ ហើយ​វា​មាន​ការ​រាតត្បាត​ខ្លាំង និង​ធ្វើ​អោយ​កើត​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ។ ជំងឺ​នេះ​អាច​ចម្លង​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅ​តាម​រយៈ​ការ​ក្អក ឬ​កណ្ដាស់។

លោក Tarik Jasarevic អ្នក​នាំ​ពាក្យ​របស់​អង្គ​ការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា "បន្ទាប់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ខាង​មន្ទីរ​សុខាភិបាល​និង​ដៃ​គូរ​សហការ​រួច​មក ឥលូវ​នេះ​ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ​បាន​ធ្លាក់​ចុះ។"

ក្នុង​ចន្លោះ​ថ្ងៃ​ទី​៣០ខែ​តុលា និង​ថ្ងៃ​ទី​៣ខែ​វិច្ឆិកា ករណី​ថ្មី​នៃ​ជំងឺ​នេះ​មាន​ចំនួន ៤១​ករណី និង​សម្លាប់​មនុស្ស​៣​នាក់ ដែល​ជា​ការ​ថយ​ចុះ​បើ​ធៀប​នឹង​សប្ដាហ៍​មុន​ដែល​មាន​ចំនួន ២៣៨​ករណី និង​សម្លាប់​មនុស្ស​១២​នាក់។

ប៉ុន្តែ ទោះ​បី​ជា​ចំនួន​តួលេខ​នៃ​ករណី​និង​អ្នក​ស្លាប់​បាន​ថយ​ចុះ​យ៉ាង​ណា​ក៏​ដោយ ប្រទេស​៩​ដែល​នៅ​ជាប់​ព្រំ​ប្រទល់​នេះ​នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​ពី​ការ​ឆ្លង​នៃ​ជំងឺ​កាច​សាហាវ​នេះ​ដដែល។ ប្រទេស​ទាំង​នោះ​រួម​មាន កេនយ៉ា អេត្យូពី កូម៉ូរ៉ូស ម៉ូរីស ម៉ូហ្សំប៊ិក កោះរីយូញ៉ុន ស៊េសែល អា​ព្រិច​ខាងត្បូង និង​ប្រទេស​តង់ហ្សានី។

អង្គ​ការ​សុខភាព​ពិភពលោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​គួរ​តែ​ស្វែងរក​ការ​ណែនាំ​និង​សិក្សា​ពី​វិធានការ​ការពារ​ខ្លួន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ មុន​នឹង​អ្នក​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ម៉ាដាកាស្កា៕


ប្រភព៖ CNN ប្រែសម្រួល៖ សុភារ័ត្ន