​អ្នកប្រកបរបរ​អនឡាញរកដំណោះស្រាយ​ថ្មី ក្រោយ​ហ្វេស​ប៊ុក​បន្ថែម Explore Feed

  • 2017-11-14 09:48:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នកធ្វើអាជីវកម្ម​តាម​អនឡាញ​បណ្ដាញ Facebook មួយចំនួនជួបការលំបាក ព្រោះគ្រប់​ Post ​របស់​ Page ទាំង​អស់​នឹង​មិន​បង្ហាញ​នៅ​លើ​​ផ្ទាំង​ News Feed ​នៃ​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ដូចមុន ដែលវាតម្រូវឲ្យម្ចាស់អាជីវកម្មរកដំណោះស្រាយផ្សេង ដើម្បីសង្គ្រោះអាជីវកម្មរបស់ខ្លួន។

ទន្ទឹម​នឹង​នេះ ​ម្ចាស់​ផេកមួយឈ្មោះ ​Uy Rithy​ មានចំនួន​មនុស្ស​ចូលចិត្ត​​ប្រមាណ​ជាង ៣៤៦ ពាន់នាក់ ដែលមាន​​លោក ​អ៊ុយ រិទ្ធី ជាម្ចាស់​ផេក​ ​បាន​ប្រាប់ Sabay ​ថាៈ «​វី​ដេអូ​ផុស​​ក្នុងរយៈពេល​បីថ្ងៃ ​មាន​ចំនួន​ចុចLike ​មិន​សូវ​ធ្លាក់​ប៉ុន្មាន​ទេ​ តែមក​ធ្លាក់​ចំនួន​ Share ទៅ​វិញ ធ្លាក់​ដល់​ទៅ​ពាក់​កណ្ដាល...ពីមុនអី​ Share ​មិន​ក្រោម១​ពាន់​នាក់ទេ តែ​ឥឡូវ​សល់​ ជាង​៣០០នាក់ និងមាន​អតិថិជនខ្លះ​មិនសូវ​សប្បាយ​ចិត្តចំពោះ​ ចំនួន​អ្នកLike Share View ធ្លាក់​ចុះ​តិច​ជាងមុន»។

(Uy Rithy​ Facebook page)

ត្បិតថា​ ការផ្សព្វ​ផ្សាយ​វីដេអូ​ ​ធ្លាក់ចុះ​លើFacebook​ តែលោកថា​ចំនួន​អ្នកមើល​ និង​អ្នក​ Subcribe ​លើ Channel Youtube ​គឺកើន​ឡើង​ដល់​ជាង​ ១ម៉ឺននាក់​ ​ដែល​ធ្វើឲ្យ​លោក​នៅតែ​មានសង្ឃឹម​និង​បន្តអាជីវកម្មបាន​ទៀត​។ លោក​បញ្ជាក់​ថា​ តម្លៃ​វីដេអូ​ផ្សព្វផ្សាយ​ឲ្យអតិថិជន​ត្រឹមតែ​ ៥០ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំណូល​ដែល​លោក​រកបាន​ក៏មិនប្រែប្រួល​លប៉ុន្មានដែរទោះជាហ្វេស​ប៊ុក​ថែមកម្មវិធី Explore Feed។ លោក​បង្ហើបពីចំណូលថា ក្នុង​មួយខែ​លោក​នៅតែ​រកបាន​ប្រមាណជា ​២ពាន់ដុល្លារ​ដដែល​ ។​

ជាងនេះ​ទៀត​ Sabay បាន​សម្ភាស​ជាមួយ​ម្ចាស់​ហាង​ TheFashion​ ដែល​មាន​អ្នក​Likeផេក​លក់​ទំនិញ​លោកជាង ៣៧៤ ពាន់នាក់​​ ​​ក៏ជួប​បញ្ហា​ មិន​ខុស​ពីអាជីវកម្ម​​ដទៃ​ដែល​ពឹង​ផ្អែក​ Facebook​នោះ​ដែរ​។ ​

(The Fashion Facebook page)

លោក អ៊ឹង ឈួន ​ស្ថាបនិក​​ The Fashion ​បានឲ្យ​ដឹងថា​ ការប្រកប​របរអនឡាញ​ជាង ​២ឆ្នាំមក​នេះ លោកធ្លាប់​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី ៥០ ទៅ ១០០នាក់ ​ក្នុង​មួយថ្ងៃ​ និង​ទទួល​បាន​អ្នក​ចុចLike ​ឡើង​ជាបន្ត​បន្ទាប់​ តែពេលនេះកម្មវិធី Explore Feed បានធ្វើឲ្យការរកស៊ីដែលពឹងលើ Facebook ស្ទើរតែ ១០០ភាគរយ បានធ្លាក់ចុះជាលំដាប់។

ចំពោះការ​សង្រ្គោះ​វិញ​ ​លោក ​ឈួន ប្រាប់​ថា​លោក​បន្តផ្សព្វផ្សាយ​លើបណ្ដាញ​ដទៃ​ទៀត ដូចជា ​Website Line និង Instagram ​ជាដើម និង​វិធីមួយទៀត​ លោក​បង្កើត​កម្មវិធីដេញ​ថ្លៃទំនិញ ជារៀងរាល់​ម៉ោង ​១១​ ទៅ ​១២ថ្ងៃត្រង់​ ​លោកនឹង​បង្ហោះទំនិញ​ដោយដាក់​តម្លៃ​ចាប់ពី​ ​១ដុល្លារ​ឡើង និង​ទទួល​បាន​​អតិថិជន​ចាប់​អារម្មណ៍​ច្រើន​គួរសម​។ យ៉ាងណា​ ស្ថាបនិក​វ័យក្មេង​នៅតែ​បង្ហាញសុទិដ្ឋិនិយម​ចំពោះការ​វិវត្តថ្មី​របស់​ Facebook ​នេះ ថាជា​ឱកាស​សម្រាប់​អាជីវករ​អនឡាញទាំងឡាយ​ទទួល​បាន​អតិថិជន​ពិត​ប្រាកដ។

គួរបញ្ជាក់ថា Facebook បានដាក់ដំណើរការសាកល្បង Explore Feed តាំងពីដើមខែតុលា ក្នុងនោះមានប្រទេសចំនួន ០៦ ដែលរើសយកមកធ្វើតេស្ត រួម​មាន កម្ពុជា បូលីវី ហ្គាតេម៉ាឡា ស៊ែប ស្លូវ៉ាគី និង ស្រីលង្កា៕


អត្ថបទ៖ ស៊ិន សាវ៉េត