Drogba ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ឆ្នាំ​ក្រោយ

  • 2017-11-14 13:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប​តោ​ខៀវ Chelsea ខ្សែ​ប្រយុទ្ធ Didier Drogba ក្នុង​ថ្ងៃ​នេះ​បាន​ប្រកាស​ថា​ខ្លួន​គ្រោង​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៨​ខាង​មុខ​នេះ។

Drogba បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ RMC Sport ថា៖ "ខ្ញុំ​គិត​ថា ឆ្នាំ​ក្រោយ​ជា​រដូវ​កាល​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ"។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​គម្រោង​ផ្សេង​ៗ​ទៀត​ក្នុង​ជីវិត​របស់​ខ្ញុំ។ វា​ពិត​ជា​ល្អ​ណាស់​ ដែល​នៅ​លេង​បាល់​បាន ប៉ុន្តែ​អាយុ ៣៩ ទៅ​ហើយ ខ្ញុំ​ត្រូវ​ថយ​មក​​គិត​គម្រោង​ផ្សេង​ទៀត"។

បច្ចុប្បន្ន Drogba កំពុង​តែ​លេង​ឲ្យ​ក្លឹប Phoenix Rising ក្នុង​លីគ United Soccer របស់​សហរដ្ឋអាមេរិក។ លើស​ពី​នេះ ខ្សែ​ប្រយុទ្ធ​រូប​នេះ ជា​កីឡាករ​ដំបូង​បំផុត​ដែល​លេង​ក្នុង​ភាព​កីឡាករ​ផង និង​ធ្វើ​ជា​ម្ចាស់​ផង​ក្នុង​ក្លឹប​បាល់ទាត់​អាមេរិក​ ដោយ​កីឡាករ​រូប​នេះ​បាន​ទិញ​ភាគ​ហ៊ុន​មួយ​ចំនួន​ក្នុង​ក្លឹប Phoenix Rising ដែល​ជា​ក្លឹប​ខ្លួន​កំពុង​លេង​ឲ្យ​នៅ​ពេល​បច្ចុប្បន្ន។ លីគ United Soccer នឹង​ចាប់​ផ្ដើម​នៅ​ខែ​មីនា និង​បញ្ចប់​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ។ នេះ​មាន​ន័យ​ថា បើ​សិន​ជា​គ្មាន​ការ​ប្រែ​ប្រួល​ទេ Drogba នឹង​ចូល​និវត្តន៍​នៅ​ចុង​ឆ្នាំ​ក្រោយ។

Drogba បាន​ចំណាយ​ពេល​ជាង ៩​រដូវ​កាល​លេង​ឲ្យ Chelsea ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​បាន​ស៊ុត ចូល​រហូត ១៥៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៣៤១​លើក​ឲ្យ​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ មុន​នឹង​ចាក​ចេញ​ពី​ក្លឹប​កាល​ពី​ឆ្នាំ ២០១៥៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖​ ហ៊ីម រស្មី