Ronaldo សម្រេច​ចិត្ត​ចាក​ចេញ​ពី Real Madrid នៅ​រដូវ​កាល​ក្រោយ?

  • 2017-11-14 13:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​របស់​កម្មវិធី​ទូរទស្សន៍ El Chiringuito de Jugones ហើយ​យក​មក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ល្បី​ឈ្មោះ Metro ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សម្រេច​ចិត្ត​ក្នុង​ការ​ចាក​ចេញ​ពី Real Madrid នៅ​រដូវ​កាល​ក្រោយ។

យោង​តាម​របាយការណ៍​ដដែល បាន​បញ្ជាក់​ថា Ronaldo បាន​ប្រាប់​ទៅ​កាន់​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ថា​ខ្លួន​នឹង​បញ្ចប់​អាជីព​ Real Madrid របស់​ខ្លួន នៅ​រដូវ​កាល​ក្រោយ។ បើ​ទោះ​ជា​អ៊ីចឹង​ក្ដី បើ​តាម​សេចក្ដី​រាយ​ការណ៍​ដដែល​មួយ​នេះ បាន​ឲ្យ​ដឹង​ថា លោក Perez មិន​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ Ronaldo ចាក​ចេញ​ពី​ក្លឹប​ឡើយ។

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍ ត្រង់​ថា របាយការណ៍​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ទើប​តែ​បាន​បដិសេធ​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​របស់​ខ្លួន​ជាមួយ​ក្លឹប កាល​ពី​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ កាល​ពី​ដើម​ខែ​នេះ ពេល​ដែល​សួរ​ថា ចុះ​កុងត្រា​ថ្មី​ពេល​ណា Ronaldo បាន​ឆ្លើយ​តប​ប្រាប់​ទៅ​សារព័ត៌មាន​ beIN Sports វិញ​ថា៖ "ខ្ញុំ​មិន​ចង់​ចុះ​កុងត្រា​ថ្មី​នោះ​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​កុងត្រា​បច្ចុប្បន្ន​របស់​ខ្ញុំ​ហើយ"។

Ronaldo ទើប​តែ​ស៊ុត​ចូល​បាន​តែ​ចំនួន ១​គ្រាប់​ប៉ុណ្ណោះ ក្នុង​លីគ​កំពូល​អេស្ប៉ាញ​នៅ​រដូវ​កាល​ថ្មី​នេះ ខណៈ​ក្លឹប Real Madrid កំពុង​ឈរ​លេខ ៣ ហើយ Barcelona កំពុង​ឈរ​កំពូល​តារាង មាន ៣១ ពិន្ទុ លើស​ក្លឹប​អធិរាជ​ពណ៌​ស ចំនួន ៨​ពិន្ទុ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី