ស៊ូ យ៉ាទី ​ជាប់​ជា Man of The Match ​យប់មិញ ​ក្រោយ​សង្គ្រោះ​បាល់​ជិត​២០​ជើង

  • 2017-11-15 01:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ ស៊ូ យ៉ាទី ​បាន​ជាប់​ជា Man of The Match ​ក្នុង​ការ​ប្រកួត​ដែល​កម្ពុជា​ចាញ់​ហ្សកដានី​ដោយ​លទ្ធផល ១-០ ​ក្នុង​ពាន​រង្វាន់​ AFC Asian Cup ។

​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ ១៨ ៣៦៩​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រុម​កម្ពុជា​ព្យាយាម​លេង​ទប់​ខ្លាំង​មែនទែន ​ព្រោះ​ថា​ប៉ះ​ក្រុម​ខ្លាំង​ហ្សកដានី ​ពិត​ជា​មិន​ធម្មតា​នោះ​ទេ។ យ៉ាងណាមិញ ​ក្រុម​ហ្សកដានី​មាន​ឱកាស​ច្រើន​មែនទែន ​នៅ​តំបន់​គ្រោះ​ថ្នាក់ ​និង​ការ​ទាត់​បាល់​ពី​ចម្ងាយ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ខាង​កម្ពុជា​បាន​ឡើយ ព្រោះ​មាន​រនាំង​យ៉ាង​ម៉ាំ​ចាំ​ទប់។

ស៊ូ យ៉ាទី ​ដែល​ជា​អ្នក​ចាំ​ទី​ដៃ​ស្អិត​ម្នាក់​របស់​កម្ពុជា ​សង្គ្រោះ​​បាល់​បាន​ច្រើន​ចេញ​ពី​ជើង​របស់​ក្រុម​ហ្សកដានី បាន​រហូត​ដល់​ទៅ​១៥​ជើង​ឯ​ណោះ។ ខណៈ​ដែល​ខាង​ក្រុម​ហ្សកដានី​នោះ​វិញ ​លេង​តាម​ចង្វាក់​នៃ​ការ​គ្រប់គ្រង​បាល់​មួយ​ៗ ​មាន​ឱកាស​ទើប​ទៅ​មុខ ​ហើយ​អាច​ស៊ុត​ចេញ​បាន​២៨​ជើង​​ដែរ ប៉ុន្តែ​ឱកាស​ទាំង​អស់​នោះ ​អាច​ចូល​ទី​ខាង​កម្ពុជា​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ដែរ ​អ្នក​ចាំ​ទី ស៊ូ យ៉ាទី បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត ​និង​បាន​និយាយ​ដូច្នេះ​ថា​៖ “នេះ​ជា​ការ​ប្រកួត​ស្វិតស្វាញ​មួយ ដែល​កម្ពុជា​ប៉ះ​ក្រុម​ខ្លាំង។ យើង​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​លេង ​ប៉ុន្តែ​សោកស្ដាយ​ដែល​ធ្លាយ​គ្រាប់​បាល់​១​គ្រាប់”។

បរាជ័យ​១​ប្រកួត​នេះ​ទៀត​របស់​កម្ពុជា គឺ​មាន​ន័យ​ថា​ពួកគេ​អស់​ឱកាស​ក្នុង​ការ​ឡើង​វគ្គ​បន្ដ​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អាស៊ី AFC Asian Cup ​ទៀត​ហើយ ​បើ​ទោះ​ជា​សល់​១​ប្រកួត​ចុងក្រោយ​ទៀត​ក៏​ដោយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម