ប្រជាជន​អូស្ត្រាលី​ច្រើន​លើសលប់ គាំទ្រអាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា

  • 2017-11-15 02:14:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​បាន​និយាយ​ថា មាន​ប្រជាជន​ប្រមាណ ៦១,៦% នៃ​ប្រជាជន​ច្រើន​ជាង ១២,៧លាន​នាក់(៧៩,៥%)ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ​បាន​បោះ​ឆ្នោត​គាំ​ទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull បាន​និយាយ​ថា៖ "លទ្ធផល​ដ៏​លើស​លប់​នេះ​មាន​ន័យ​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ច្បាប់​នៅ​ក្នុង​រដ្ឋសភា​មុន​បុណ្យ​ណូអែល​មក​ដល់។"

លោក​បាន​បន្ត​ថា៖ "ពួកគេ​បាន​បោះ​ឆ្នោត​គាំទ្រ​សម្រាប់​យុត្តិធម៌ គាំទ្រ​សម្រាប់​ការ​ប្ដេជ្ញា​ចិត្ត និង​គាំទ្រ​សម្រាប់​ក្ដី​ស្រឡាញ់​។ ហើយ​ឥឡូវ​នេះ​វា​អាស្រ័យ​លើ​យើង​នៅ​ទីនេះ​នៅ​ក្នុង​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី​ដើម្បី​សម្រេច​វា។"

ដោយ​ឡែក​អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​អាពាហ៍ ពិពាហ៍​ភេទ​កាល​ពី​ពេល​កន្លង​ទៅ បែរ​ជា​បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​ទៅ​វិញ​ដោយ​លោក​បាន​និយាយ​ថា រដ្ឋសភា​គួរ​តែ​គោរព​លទ្ធ​ផល​នេះ។

លោក Tony បាន​សរសេរ​នៅ​ក្នុង Facebook របស់​ខ្លួន​ថា៖ "ខ្ញុំ​តែងតែ​និយាយ​ថា​នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​ប្រជាជន​អូស្រ្តាលី​ចង់​បាន​ ការ​ទាមទារ​របស់​ពួកគេ​ហើយ​និង​លទ្ធផល​ថ្ងៃ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​ទាមទារ​របស់​ពួកគេ​គឺ​ជា​រឿង​ត្រឹមត្រូវ។"

ក្រោយ​ពី​លទ្ធ​ផល​ត្រូវ​បាន​ប្រកាស អ្នក​គាំ​ទ្រ​ទាំង​អស់​បាន​ចាប់​ផ្ដើម​នាំ​គ្នា​គ្រវី​ទង់​ឥន្ទធនូ និង​ច្រៀង​រាំ​យ៉ាង​សប្បាយ​រីក​រាយ​នៅ​តាម​ទី​សាធារណៈ​នានា​ក្នុង​ប្រទេស ដើម្បី​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​លទ្ធផល​ដ៏​អស្ចារ្យ​នេះ៕


ប្រភព៖ BBC ប្រែសម្រួល៖ សុភារ័ត្ន