ថ្នាក់​ដឹក​នាំ​​ Toyota ​​​ថា​​ វិស័យ​បាល់ទាត់​កម្ពុជា​នៅ​ក្មេង​ខ្ចី​​

  • 2017-11-15 02:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Hao Quoc Tien អនុ​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Toyota ​ថា ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​ ​​ការ​​លើក​ឡើង​នេះ​ក្រោយ​ធ្វើ​​សន្និសីទ​កាសែត​ព្រឹត្តិការណ៍ Toyota Mekong Club Championship 2017 ​ដែល​បាន​រៀប​ចំ​​កាល​ពី​​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ប្រទេស​ថៃ ។

លោក Hao Quoc Tien

​ថ្នាក់​ដឹក​នាំ​រូប​នេះ​បាន​​បាន​និយាយ​ថា ៖ « សម្រាប់​​ទស្សនៈ​របស់​ខ្ញុំ...វិស័យ​បាល់ទាត់​នៅ​កម្ពុជា​នៅ​ក្មេង​ខ្ចី។ ខ្ញុំ​គិត​ថា កម្ពុជា​ត្រូវ​ការ​អភិវឌ្ឍន៍​ខ្លួន​​បន្ថែម​ទៀត​ឲ្យ​បាន​ខ្ពស់​ជាង​​នេះ ​​ពិសេស​បង្កើន​បទ​ពិសោធន៍​ដល់​កីឡាករ​​​ឲ្យ​បា​ន​កាន់​តែ​ច្រើន​»។ ​ការ​ឆ្លើយ​នេះ​​ក្រោយ​អ្នក​សារព័ត៌មាន​កម្ពុជា​សួរថា តើ​លោក​មានគម្រោង​ចង់​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​ក្លឹប​ក្នុង​​លីគ​កំពូល​កម្ពុជា​ដែរ​ឬទេ?

​ព្រឹត្តិការណ៍​ Toyota Mekong Club 2017 នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៧ ដោយ​មាន​ក្រុម​លេខ ១ មក​លីគ​កំពូល​វៀតណាម​​ប៉ះ​​​ក្រុម​​កំពូល​មក​ពី​លីគ​កំពូល​កម្ពុជា​ ដោយ​លេង​​ចំនួន​ពីរ​ជើង។ ខណៈ ក្រុម​ឈ្នះ​​វគ្គ​ដំបូង​ នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​ Lao Toyota FC របស់​ឡាវ​នា​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ (លេង​មួយ​ជើង) ដើម្បី​​ឡើង​ទៅ​ប៉ះ​ក្រុម​តំណាង​​មក​ពី​ Toyota League Cup របស់​ថៃ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​លេង​ពី​ជើង​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៧ និង​ ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៨ ។

ការ​ប្រកួត​​ Toyota Mekong Club ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ​២០១៤ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន ៥ ​ក្នុង​នោះ​គឺ​ក្រុម​មក​ពី​មីយ៉ាន់ម៉ា ​កម្ពុជា ឡាវ វៀតណាម និង​ថៃ (ប្រទេស​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ) ដោយ​​ឡែក​ឆ្នាំ​នេះ មីយ៉ាន់ម៉ា មិន​បាន​ចូល​​រួម​ឡើយ ដោយ​សារពួក​គេ​មាន​កម្មវិធី​ប្រកួត​ជាន់​គ្នា​​ច្រើន​ពេក​​មិន​អាច​ចូល​រួម​​ក៏​សុំ​ធ្វើ​ការ​ដក​ខ្លួន​តែ​​​ម្ដង​។

-​ សម្រាប់​ប្រាក់​រង្វាន់

  • ជើង​ឯក ៧៥,០០០ ដុល្លារ​អាមេរិក

  • ជើង​ឯក​រង ៥០,០០០ ដុល្លារ​អាមេរិក

  • ចំណាត់​ថ្នាក់​លេស ៣ ទទួល​បាន ៣០,០០០ ដុល្លារ​អាមេរិក

  • លេខ ៤ ទទួល​បាន ១០,០០០ ដុល្លារ​អាមេរិក

  • កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ ៣,០០០ ដុល្លារ​​អាមេរិក

  • កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ១,០០០ ដុល្លារ​អាមេរិក

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី