កសិករខ្លះក្នុង​ខេត្ត​តាកែវឈប់​ដាំ​ស្រូវ ងាក​មកដាំ​ស្មៅ

  • 2017-11-15 02:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករមួយ​ចំនួន​ក្នុង​ខេត្ត​តាកែវ​បាន​បោះ​បង់​ការ​ធ្វើ​ស្រែ​ចម្ការ​ ឬ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​ ដោយ​បាន​ងាក​មក​ប្រកប​របរ​ជា​អ្នក​ដាំ​ស្មៅ​លក់​វិញ​ ក៏​ដោយសារ​តែ​ថា​ការ​ដាំ​ដុះ​ស្រូវ​ ឬ​ដំណាំ​ផ្សេង​ៗ​ត្រូវ​​ការ​ចំណាយ​ច្រើន​ ពិបាក​ថែទាំ​ ហើយថា​​ក្រោយ​ពេល​ទទួល​ផលពិបាក​រក​​ទីផ្សារ​សម្រាប់​លក់​ទៀត​ផង។

បើ​តាម​លោក​ ឌឹប​ ហុល​ កសិករ​រស់​នៅ​​ភូមិ​ព្រៃ​ឈើ​ទាល​ ឃុំ​ព្រៃ​ផ្ដៅ​ ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ​ ​លើក​ឡើង​ដូច្នេះថា៖ «ខ្ញុំ​ដាំ​៥​ឆ្នាំ​ហើយ​ ខ្ញុំ​ដាំ​មុន​គេ​ យើង​វា​ទាល់​ច្រក​ យើង​វា​ក្រ​ ដាំ​ដំណាំ​ទៅ​អត់​មាន​ទីផ្សារ​ គេ​ត្រូវ​ការ​របស់​យួន​ ថោក​ ហើយ​បើ​យើង​លក់​តម្លៃ​ដូច​របស់​យួន​យើង​អត់​រួច​(ខ្លួន)​ វា​នាំ​ចូល​មក​ពី​យួន​ច្រើន​ពេក​»។​

(ប្រភេទស្មៅ​ដែល​កសិករ​ដាំ​ក្នុង​ខេត្ត​តាកែវ)

លោក​បញ្ជាក់​ថា​ លោក​សម្រេច​ចិត្ត​ដាំ​ស្មៅ​នេះ​ដោយសារ​តែ​ការ​ធ្វើ​ស្រូវ​ ឬដាំ​ដំណាំ​ផ្សេងៗដែល​​ពិបាក​ក្នុង​ការ​ថែ​ទាំ​ ហើយ​ត្រូវ​ចំណាយ​ច្រើន។ លើស​ពី​នេះ​ លោក​ថា​​ដំណាំ​ផ្សេងៗ និង​ស្រូវជា​ដើម​នៅ​រដូវ​ប្រមូល​ផល​ឈ្មួញ​ឲ្យ​តម្លៃ​ទាប​និងមាន​ពេល​ខ្លះ​មិន​រួច​ខ្លួន​ផង​ក៏​មាន។

បុរស​វ័យ​៥៥​ឆ្នាំ​ខាង​លើ​បន្ត​ថាៈ «យើង​ដាំ​អានេះ​ (ស្មៅ)តែ​ម្ដង​បាន​៤-៥​ឆ្នាំ​អី​ណោះ​ ហើយ​យើង​ប្រមូល​ផល​ម្ដង​ស្មើ​នឹង​ធ្វើ​ស្រូវ​ពីរ​ដង​ ស្មើ​នឹង​ធ្វើ​ស្រូវ​ពីរ​ឆ្នាំ​ គេ​ធ្វើ​ (ច្រូត​ស្មៅ)បាន​១២​ដង​ ស្រូវ​ធ្វើ​បាន​តែ​ម្ដង​ទេ​ក្នុង​មួយ​ឆ្នាំ»។

មិន​សូវ​ខុស​គ្នា​ប៉ុន្មានដែរ ​លោក​ ចេវ​ ផុន​ កសិករ​វ័យ​ចំណាស់​បាន​លើក​ឡើង​ថា​ ការ​ដាំ​ស្មៅ​នេះ​គឺ​បែក​គំនិត​តៗ​គ្នា​ បន្ទាប់​ពី​ឃើញ​កសិករ​ផ្សេងកាក់​កប​លើ​មុខ​របរ​នេះ​​។ លោក​បញ្ជាក់ថាៈ «ប្រជាក​សិករ​នៅ​ទីនេះ​ពុំ​ច្រនែន​ឈ្នានីស​គ្នា​នោះ​ទេ​ មាន​តែ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ដាំ​ស្មៅ​នេះ»។

(វាលស្រែ​ដាំ​ស្រូវ ដែល​កសិករ​បំលែងទៅ​ជា​វាល​ដាំ​ស្មៅ)

បុរស​វ័យ​​៧៥​ឆ្នាំ​រូបនេះ​បន្តថាៈ «យើង​ដាំ​ស្មៅ​ មាន​ទីផ្សារ​រហូត​ ខ្លះ​មក​យក​តាំង​ពី​ខាង​ត្បូង​តាកែវ​ ខ្លះ​មក​តាំង​ពី​កំពត​ក៏​មាន​ ម៉ា​ង៉ៃៗ(មួយថ្ងៃៗ)៧-៨​ឡាន​នៅ​ចាំ​ក៏​មាន វា​អត់​ពិបាក​ថែ​ទាំ​ដូច​ស្រូវ​ទេ​ សំខាន់​ឱ្យ​តែ​មាន​ទឹក ខ្លះ​គេ​មាន​ប្រឡាយ​នៅ​ទៅ​ ខ្លះ​ជីក​អណ្ដូង​នៅ​ក្នុង​ស្រែ​ទៅ»។

ដោយ​ឡែក​រឿង​ចំណូល​ចំណាយ​វិញ​ កសិករ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ដី​ប្រហែល​១០​អា​ ពួក​គាត់​ប្រើ​ជី​អស់​ប្រហែល​៤​ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ រីឯ​ចំណូល​ដែល​ទទួល​បាន​វិញ​ប្រហែល​៤០​ទៅ​៥០​ម៉ឺន​រៀល​ ហើយ​ប្រសិន​បើ​មាន​ផ្ទៃ​ដី​ដាំ​ស្មៅ​ធំ​នោះ​ចំណូល​ក៏​កាន់​តែ​ច្រើន​ផង​ដែរ៕

អត្ថបដោយ៖ សូទ្រី