ខ្សែ​ក​ពេជ្រ​មាន​បន្តោង​ទំហំ ១៦៣​ការ៉ាត់ លក់បានតម្លៃ​មហាសាល​នៅ​ស្វីស

  • 2017-11-15 02:34:45
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ក​ពេជ្រ​ដ៏​ចែង​ចាំង​មួយ​ខ្សែ មាន​បន្តោង​ទំហំ ១៦៣​ការ៉ាត់ ដាក់​លក់​ដេញ​ថ្លៃ​បាន​តម្លៃ ៣៣,៥​លាន​ដុល្លារ ក្នុង​ព្រឹត្តិការណ៍​ដេញ​ថ្លៃ Christie នា​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

បន្តោង​ពេជ្រ​ដ៏​ធំ គ្មាន​ពណ៌​ឆើត​ឆាយ តែ​ពោរពេញ​ដោយ​ភាព​ចែង​ចាំង ទំហំ ១៦៣​ការ៉ាត់ ត្រូវ​បាន​ឆ្លាក់​ចេញ​ពី​ថ្ម​ទំហំ ៤០៤​ការ៉ាត់ រក​ឃើញ​ៅ​ប្រទេស​អង់ហ្គោឡា។ បន្តោង​ដែល​រចនា​រួច ធ្វើ​ឡើង​ពី​មាស​ស ពេជ្រ និង​ត្បូង​មរកត។ ខ្សែ​ក​ទាំង​ស្រុង រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​គ្រឿង​អលង្ការ​ជនជាតិ​ស្វីស ដោយ​ចំណាយ​ពេល ១៧០០​ម៉ោង។

ខ្សែ​ក​ពេជ្រ​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា The Art of de Grisogono។ ចំណែក​អ្នក​ដេញ​ថ្លៃ​យក​វា មិន​ត្រូវ​បាន​បង្ហាញ​អត្ត​សញ្ញាណ​ឡើយ។ ការ​ប៉ាន់​ស្មាន​ដំបូង ខ្សែ​ក​ពេជ្រ​នេះ អាច​លក់​បាន​តម្លៃ ៣០​លាន​ដុល្លារ ប៉ុន្តែ​បែរ​ជា​មាន​អ្នក​ដេញ​ថ្លៃ​ដល់ ៣៣,៥​លាន​ដុល្លារ លើស​ការ​រំពឹង​ទុក។

ទោះ​យ៉ាង​ណា តម្លៃ​ពេជ្រ​​នេះ​មិន​ទាន់​បំបែក​កំណត់​ត្រា​ចាស់​​នៅ​ឡើយ​​ទេ។ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ពេជ្រ​ស៊ី​ជម្ពូ​ដែល​រចនា​លើ​​ចិញ្ចៀន​មួយ​វង់ លក់​ក្នុង​កំណត់ត្រា​ថ្មី​បាន​តម្លៃ ៨៣​លាន​ដុល្លារ​ឯណោះ។ ក្នុង​ព្រឹត្តិការណ៍​ដេញ​ថ្លៃ Christie នៅ​ប្រទេស​ស្វីស​នេះ​កាល​បី​ឆ្នាំ​២០១៦ ក៏​ធ្លាប់​លក់​ពេជ្រ​ទំហំ ១៤,៦២​ការ៉ាត់ ក្នុង​តម្លៃ​កំណត់ត្រា ៥០,៦​លាន​ដុល្លារ​ផង​ដែរ៕

ចុចអានអត្ថបទ៖


ប្រភព៖ BBC ប្រែ​សម្រួល៖ គង់ វិសាល