​ឆ្នាំ​នេះ  រ៉ូណាន ចាន់ណា ដើរចេញ​ការងារសំខាន់២​ក្នុងវិស័យ​សិល្បៈ​

  • 2017-11-15 02:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិតករ​វ័យ​ក្មេង​លោក រ៉ូណាន ចាន់ណា បាន​ប្រកាស​ដក​ខ្លួន​ពី​ការងារ​ផលិតកុនកាល​ពី​ពេល​ថ្មី​ៗនេះ ធ្វើ​ឲ្យ​អ្នក​និយម​ស្នាដៃ​របស់​លោក សម្ដែង​ការ​សោកស្ដាយ​។ ប៉ុន្តែ​នេះ​ មិន​មែន​ជា​ការងារ​សិល្បៈ​លើក​ដំបូង​ទេ ដែល​លោក​បាន​ដក​ខ្លួន ​គិត​ត្រឹម​ឆ្នាំ ២០១៧។ ​

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ការ​ផ្អាក​ផលិត​កុន​១នេះ គឺ​ជា​ការងារ​សិល្បៈ​ទី២ បន្ទាប់ពី​លោក​បាន​សម្រេច​ដក​ខ្លួន ពី​ក្រុម​ចម្រៀង​ De5inite កាល​ពី​ប៉ុន្មាន​ខែមុន បើ​ទោះ​នោះ​ជា​ការងារ​សិល្បៈ​ដំបូង​ ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​លោក​ក៏​ដោយ។ ជុំវិញ​មូលហេតុ នៃ​ការ​ដើរ​ចេញ​ពី​ក្រុម​នេះដែរ ផលិតករ​វ័យ​ក្មេង​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ បញ្ជាក់​ថា មក​ពី​លោក​មិន​មាន​ពេល​គ្រប់​គ្រាន់ ក្រោយ​ប្រលូក​​​ការងារ​ផលិត​កុន​ ពោល​គឺ​មិន​មែន​ដោយ​សារ​ថ្នាំង​​ថ្នាក់​អ្វី​ក្នុង​ក្រុម​ឡើយ។

ទន្ទឹម​នឹង​ការ​បង្ហើប​របស់​អតីត​ប្រធាន​ក្រុម គេ​ឃើញ​សមាជិក​ផ្សេង​ទៀត​របស់​ក្រុម​ចម្រៀង​នេះ ក៏​បាន​ងាក​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​រៀង​ខ្លួន ដោយ​អ្នក​ខ្លះនៅ​រក្សាការ​​ធ្វើ​បទ​ចម្រៀង​បន្ត​លក្ខណៈ​បុគ្គល ហើយ​ខ្លះ​ទៀតបាន​ទៅ​ប្រលូក​ការងារ​ជា​អ្នក​សារព័ត៌មាន​វិញ។

កាល​នៅ​ផ្ដុំ​គ្នា​ជា​ក្រុម ក្រុម​ចម្រៀង De5inite មាន​សមាជិក​ទាំង​អស់​៥នាក់ គឺរ៉ូណាន ចាន់ណា ជា​ប្រធាន​ក្រុម ឌីយ៉ាម៉ង់ Mr.K សេដ្ឋី និង Minyun។ ប្រមាណ​ជា​៣​ឆ្នាំ​មក​នេះ  ក្រុម​ចម្រៀង​ខាង​លើ​បាន​បញ្ចេញ​ចម្រៀងជា​ច្រើន​បទ​ អង្រួន​ទឹក​ចិត្ត​យុវវ័យ ក្នុង​នោះ​មាន​បទ "ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក" "រូប​ថត" “Let’s go” និងបទ “បេះដូង​ថ្ម​” ជា​ដើម។ បទ​ដែលធ្វើ​ឲ្យ De5nite មានភាព​ល្បី​ល្បាញ​ខ្លាំង គឺ​បទ "ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក" ចេញ​កាល​ពី​ឆ្នាំ២០១៤។

លោក​ រ៉ូណាន បានត្រឹម​​ពោល​ពាក្យ​សោកស្ដាយ ក្រោយក្រុម​ចម្រៀង ដែលជា​​ការងារ​សិល្បៈដំបូង​​របស់​លោក ​បាន​ដល់​ទី​បញ្ចប់ ប៉ុន្តែ​លោក​ថា កាលៈទេសៈ​នោះ លោក​មាន​តែ​ធ្វើ​បែប​នេះ គឺ​ដើរ​ចេញ​ដើម្បី​កុន។ ប៉ុន្តែថ្មី​ៗ​នេះ​ លោក​ទើប​តែ​ប្រកាស​ដក​ខ្លួន​ពី​ការ​ផលិតកុន​ថែម​ទៀត​កាល​ពី​ថ្មី​ៗ​នេះ បន្ទាប់​ពី​លោក​បាន​បញ្ចេញ​ស្នាដៃ​កុន​ទី​៤រឿង “សសរ​កន្លោង”។ ការ​ប្រកាស​នោះ ​ក៏កើត​ឡើង​ក្រោយ​ក្រសួងបាន​ដាក់​ចេញ​ផែន​ការ​ប្រកាស​ពន្ធ​លើ​វិស័យ​ភាពយន្ត ដែល​លោក​អះអាង​ ជា​ការ​ថែម​បន្ទុក​ដ៏​ធ្ងន់​មួយ​ទៀត​ដល់​ផលិតករ និងអ្នក​ពាក់ព័ន្ធ​នឹង​កុន​ទាំង​អស់។

អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក រ៉ូណាន ចាន់ណា

បែប​នេះ​ក្ដី រ៉ូណាន បញ្ជាក់​ថា មិន​មែន​លោក​អន់​ចិត្ត​ចំពោះ​ផែនការ​នោះ​ទេ គឺ​មក​ពី​លោក​មាន​អារម្មណ៍​ហត់នឿយ ផ្សំ​នឹង​លោក​មាន​គម្រោង​បើក​មុខ​ជំនួញ​ថ្មី គឺ​ហាង​កាហ្វេ​ផង ទើប​លោក​សម្រេច​ចិត្ត​ដក​ខ្លួន​នា​ពេល​នេះ។  រ៉ូណាន អះអាង​ថា និស្ស័យ​ការងារ​សិល្បៈ​របស់​លោក នឹង​មិន​អស់​ត្រឹម​នេះ​ទេ ដូច្នេះ​នៅ​វេលា​ណា​មួយ​សម​គួរ លោក​នឹង​វិល​មក​វិញ និង​ធ្វើ​ឲ្យ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុនថែម​ទៀតផង៕

អត្ថបទៈ ប៊ុនណា សភា

អត្ថបទពេញនិយម