ល្បី​ថា​ កំដរ​ការ​គេ​​លើស​ពី​៣​ដង ​អត់​មាន​គូ​នឹង​គេ មែនអត់?

  • 2017-11-20 08:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ជំនឿ​របស់​ដូន​តា​ខ្មែរ​តាំង​ពី​បុរាណ​មក​ គេ​មិន​ឲ្យកូន​ចៅ​ទៅ​ធ្វើ​អ្នក​កំដរ​​លើស​ពី​ ៣ ​ដង​នោះទេ​ ព្រោះ​មាន​ជំនឿ​ថា​ អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​ជីវិត ថែម​ទាំង​​​អភព្វ​មិន​មាន​គូ​នឹង​គេ​​ទៀត​ផង។

លោកតា​វ័យ ៧៨ ឆ្នាំ​​ម្នាក់​រស់​នៅ​ខេត្ត​តាកែវ​ បាន​ប្រាប់​ថា​ ​តាម​ជំនឿ​មិន​ត្រឹម​តែ​អភព្វ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ សូម្បី​កូន​ក្រមុំ កូន​កំលោះដែល​យក​មនុស្ស​ធ្លាប់​កំដរ​ការ​គេ​ច្រើន​ដង​នោះ​មក​កំដរ​ ក៏​អាច​ជួប​រឿង​ស៊យ​ក្នុង​ជីវិត​ដូច​គ្នា​។ ព្រោះ​គេ​ជឿ​ថា ​មនុស្ស​នោះ​ជា​មនុស្ស​មាន​សម្ពាយ​កម្ម​ជាប់​ខ្លួន អាច​នាំ​រឿង​មិន​ល្អ​ក្នុង​ពិធី​មង្គល​ការ​ និង​ក្រោយ​រៀបការ​រួច​។

អត្ថបទ​ពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

ដើម្បី​ស្រាយ​ចម្ងល់​ និង​បកស្រាយ​ពី​អប្បិយ​ជំនឿ​មួយ​នេះ​ Sabay បាន​សាកសួរ​លោក​តា ជុំ​ កុសល្យ ដែល​ជា​​អាចារ្យជាង​ ១០ ឆ្នាំ​មក​ហើយ​នោះ និង​​ប្រាប់​​ថា​ វា​មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។

រូបតំណាង

លោក​តា​ខាង​លើ​ដែល​មាន​ដូនតាជា​អាចារ្យ​ជាង​ ៣ ជំនាន់​មក​ហើយ បាន​រៀប​រាប់​បន្ថែម​ទៀត​ថា​ វា​មិន​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​​មិន​មាន​គូ​នឹង​គេ​នោះ​ទេ ធ្វើ​ប៉ុន្មាន​ដង​ក៏​បាន​ សំខាន់​នោះ​គឺ ​អ្នក​កំដរ​មាន​ចិត្ត​ជ្រះ​ថ្លា​ចង់​ជួយ​កូនកំលោះ​ក្រមុំ​។ ប៉ុន្តែ ​អ្វី​ដែល​ចាំ​បាច់​នោះ ក្រោយ​កំដរ​ការ​រួច​ កូនកំលោះ​ក្រមុំ​ ដាច់​ខាត​ត្រូវ​តែ​ចង​អំបោះ​ក្រហម​ ឬ​មាន​អាំង​ប៉ាវ​កួច​​ដៃ​ ដើម្បី​កុំ​ឲ្យ​អភព្វ​​។

"ធម្មតា​ បញ្ហា​ដែ​ល​ក្រុម​​គ្រួសារ​កូន​កំលោះ​ក្រមុំ​ និង​ខាង​កូន​កំដរ​ជួប​នោះ​ គឺ​​ពេល​ដែល​មក​រក​​កូន​គេ​កំដរ និយាយ​ទាំង​លើក​ដៃ​សំពះ​ស្រួល​បួល​ ចូល​តាម​ផ្លូវ​ត្រឹម​ត្រូវ​ ដល់​ពេល​កំដរ​ចប់​ អត់​រវី​ររវល់​ មិន​បាន​ទាំង​កួច​ដៃ ចង​អំបោះដៃ ចឹង​គ្រួសារ​ខាង​អ្នក​កំដរ​អាច​នឹង​អន់​ចិត្ត​ ដល់​យូ​រទៅ​​លែង​បាន​និយាយ​គ្នា​ ក៏​អាច​ជា​បញ្ហា​ដែរ នេះ​ជា​ករណី​ខ្លះ​ក្នុង​ចំណោម​ ១០០%"។ លោកតា​ ជុំ កុសល្យ ឧទាហរណ៍​បញ្ជាក់។

ការជួយគ្នា​ជា​អំពើ​ល្អ​មួយ​ដែលក្នុង​សង្គម​កំពុង​ត្រូវ​ការ ចឹង​អ្នក​កំដរ​ការ​ មិន​មែន​ឲ្យ​តែ​លើស​ពី​ ៣ ដង ជា​សញ្ញា​បញ្ជាក់​ថា​គ្មានគូ​នោះ​ទេ។ លោកវិបុត្រ អាយុ ២៨ ឆ្នាំ ​មន្រ្តី​បម្រើការ​នៅ​ក្រសួង​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា៖ "អត់គូអីបង ខ្ញុំកំដរ​ការ​គេ​ជិត​ ១០ ​ដង​ហើយ ឥឡូវ​ខ្ញុំ​មាន​កូន​ ២ នាក់​ហើយ​ ឲ្យ​អត់គូ​ម៉េច​បង​ (សើច)។ ដំបូង ​ខ្ញុំ​ជឿដែរ​លើ​​បញ្ហា​នេះ តែ​ក្រោយ​សង្កេត​មើល​មនុស្ស​ជុំ​វិញ​ ឃើញ​អ្នក​ខ្លះ​កំដរ​គេ​ច្រើន​ដង​ជាង​ខ្ញុំ​ទៀត​គេ​ នៅ​តែមានគូ និង​បាន​រៀបការ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ហើយ​ការ​រស់នៅ​ក៏​ចុះសម្រុង​នឹង​គ្នា ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ខ្លាច​នឹង​កំដរការ​គេ​ទេ។ គេ​ខំ​មក​រក​យើង​ ចឹង​ហើយ​ចិត្ត​មិន​ដាច់ ហើយ​វា​បង្ហាញ​ពី​ការ​ជួយ​គ្នា​ដែរ"៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី