វីដេអូ​ចម្រៀង​កូរ៉េ​​ល្បី​ ១០​បទ​ តែ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចាក់​លើ​ទូរទស្សន៍

  • 2017-11-15 05:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខណៈ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ជាមួយ​នឹង​វីដេអូ​បទ​ចម្រៀង​ជាច្រើន​ទាក់​ទាញ​ឲ្យ​មាន​អ្នក​គាំ​ទ្រ​ជុំវិញ​ពិភពលោក​នោះ ក៏​​មាន​វីដេអូ​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​របស់​ខ្លួន​មិន​ទទួល​ស្គាល់​​ទោះ​បី​ជា​វីដេអូ​នោះ​ទាក់ទាញ​ និង​ពីរោះ​​យ៉ាង​ណា​ក៏​ដោយ។

បទ​ចម្រៀង ១០​បទ​ខាង​ក្រោម​នេះ​ជា​បទ​ចម្រៀង​ដែល​រាជ​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហាម​មិន​ឲ្យ​ចាក់​​​ផ្សាយ​តាម​ទូរទស្សន៍​ដាច់​ខាត៖

១. បទ “GENTLEMAN” របស់​តារា​ចម្រៀង​ PSY

ទោះ​បី​ជា​បទ​ចម្រៀង​នេះ​មើល​ទៅ​​លេច​ធ្លោ​​​ជាមួយ​នឹង​ក្បាច់​រាំ​យ៉ាង​ទាក់​ទាញ​យ៉ាង​ណា​ក៏​ដោយ​ ក៏​​​រាជរដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ ដោយ​សារ​តែ​​ឈុត​មួយ​ក្នុង​វីដេអូ តារា​ចម្រៀង​រូប​នេះ​បាន​ហក់​ទាត់​ស្លាក​ចរាចរណ៍​ហើយ​សើច​សប្បាយ​រីករាយ​នៅ​មុខ​កាមេរ៉ា​។

២. បទ “Your Fortune” របស់​តារា​ចម្រៀង​ Norazo

បទ​ចម្រៀង​ដ៏​ល្បី​មួយ​នេះ​ក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ផង​ដែរ​ ដោយ​សារ​តែ​មាន​ឈុត​និយាយ​​ញុះញង់​ និង​​មាន​រូប​សាក់​​ច្រើន​ហួស​ហេតុ​ពេក។

៣. បទ “Catallena” របស់​ក្រុម Orange Caramel

បទ​ចម្រៀង​នេះ​ត្រូវ​បាន​ទូរទស្សន៍​ KBS ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ ដោយ​សារ​តែ​ឈុត​ឆាក​ខ្លះ​ចាត់​ទុក​ជីវិត​មនុស្ស​ដូច​ជា​គ្មាន​តម្លៃ​ ពិសេស​ក្នុង​ឈុត​ដែល​សមាជិក​ក្រុម​នីមួយៗ​រុំ​ខ្លួន​ដោយ​ថង់​ប្លាស្ទិក​ដាក់​លក់​ដូច​ជា​ទំនិញ។

៤. បទ “Joker” របស់​ក្រុម Dalshabet

បទ​ចម្រៀង “Joker” នេះ​ត្រូវ​បាន​ហាម​ប្រាម​ដោយសារ​តែ​អត្ថន័យ​ប៉ារ៉ូល​បទ​ចម្រៀង​មាន​ពាក្យ​មិន​សមរម្យ។ ក្នុង​បទ​ចម្រៀង​នេះ​មាន​​ប្រើ​ប្រាស់​ពាក្យ “좆” (អាន​ថា “ជុត”) ដែល​អាន​ទៅ​ស្រដៀង​គ្នា​នឹង​ពាក្យ “조”(អាន​ថា​ “ចូ”) គឺ​ជា​ពាក្យ​មិន​សមរម្យ​ដែល​មាន​ន័យ​សំដៅ​លើ​កន្លែង​សំខាន់​របស់​មនុស្ស​ប្រុស។

៥. បទ​ “Vibrato” របស់​ក្រុម​ Stellar

រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចាក់​បទ​ចម្រៀង​នេះ​ ដោយ​សារ​តែ​បទ​នេះ​មាន​ភាព​សិច​ស៊ី​ខ្លាំង​ពេក។​

៦. បទ “Mommae” របស់​តារា​ចម្រៀង Jay Park

បទ​ “Mommae” នេះ​ក៏​មិន​ខុស​ពី​បទ “Vibrato” ប៉ុន្មាន​ដែរ ដោយ​សារ​មាន​ឈុត​ស្រើប​ស្រាល​ច្រើន​ទើប​​ត្រូវ​ហាម​មិន​ឲ្យ​ចាក់​នៅ​លើ​កញ្ចក់​ទូរទស្សន៍។​

៧. បទ “Sorry I Was Busy” របស់​ក្រុម INFINITE H

ដោយ​សារ​តែ​បទ​នេះ​មាន​ប្រើ​ប្រាស់​ប៉ារ៉ូល​​លាយ​ជា​ភាសា​ជប៉ុន​ខ្លះ​ បូក​រួម​នឹង​មាន​ប្រើ​ប្រាស់​កាយវិការ​លក្ខណៈ​ប្រមាថ​មួយ​ចំនួន​ទើប​វីដេអូ​បទ​ចម្រៀង​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ផ្សាយ។

៨. បទ “One More” របស់​ក្រុម FIESTAR

បទ​នេះ​ត្រូវ​បាន​ហាម​ដោយ​សារ​តែ​បារ៉ូល​បទ​ចម្រៀង​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ​ច្រើន​។

៩. បទ“BAE BAE” របស់​ក្រុម BIGBANG

បទ​របស់​ក្រុម​តារា​ចម្រៀង​ដ៏​ល្បី​ក្រុម​នេះ​ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាម​ឃាត់​ផង​ដែរ ព្រោះ​តែ​ការ​ប្រើ​ប្រាស់​សម្ដី​បញ្ឆិតបញ្ឆៀង​ដៀម​ដាម​មួយ​ចំនួន​នៅ​ក្នុង​វីដេអូ​ចម្រៀង។ ប៉ុន្តែ​​សមាជិក​​នីមួយៗ​ក្នុង​ក្រុម​និយាយ​ថា​ វា​មិន​មែន​ជា​បញ្ហា​ទេ​ ដោយ​សារ​តែ​ពួក​គេ​មាន​អាយុ​លើស​ពី​ ២០​ឆ្នាំ​ហើយ​។

១០. បទ “Tough Cookie” របស់​តារា​ចម្រៀង ​Zico

បទ​ចម្រៀង​របស់​សមាជិក​ក្រុម Block B ហាម​ប្រាម​ដែរ ដោយ​សារ​តែ​ក្នុង​វីដេអូ​មាន​ប្រើ​ប្រាស់​ពាក្យ​រើស​អើង និង​មាន​រូប​ភាព​មិន​សមរម្យ​មួយ​ចំនួន៕


ប្រភព៖ Koreaboo ប្រែសម្រួល៖ អន សុភក្ត្រា