ឆ្នាំនេះ​ម្រេចកំពត​នាំចេញ​ទាបជាង​ការរំពឹងទុក​ តែតម្លៃវិញ​មិនធម្មតា​

  • 2017-11-15 06:19:43
  • ចំនួនមតិ

ចន្លោះមិនឃើញ

កម្ពុជា​បាន​នាំ​ចេញម្រេច​កំពត​ទៅទីផ្សារ​អន្តរជាតិ​ក្នុងឆ្នាំ២០១៧ មានចំនួន​៦០តោន តែចំនួននេះ​នៅទាបជាងការ រំពឹងទុក​៨០​តោន​ ប៉ុន្តែ​បើនិយាយ​ពីតម្លៃវិញ​ គឺ​ម្រេចកំពត​ខ្ពស់​លើស​គេតែ​ម្ដង​។ នេះបើតាមប្រសាសន៍ប្រធានសមាគមម្រេចខេត្តកំពត។

លោក​ ងួន ឡាយ ​តំណាង​សមាគម​ខាងលើ  ឲ្យ​ដឹងថាៈ «​គិតមក​ត្រឹមខែវិច្ឆិកា​ ពេលនេះ​យើងបាននាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​សរុប​ ​៦០តោន​ ៣០០គីឡូក្រាម​ ក្នុងនោះ​យើងបាន​នាំទៅ​ទីផ្សារ​អឺរ៉ុប​ ចំនួន​ ២៧ ប្រទេស​ និង​ទៅ​អាមេរិក​...ដោយឡែក​នៅអាស៊ីមាន​តែ​ប្រទេសជប៉ុន​ទេ​ ដែល​ទិញ​នោះ​»។

បើនិយាយ​ពីតម្លៃវិញ​គឺម្រេច​កំពត​ខ្ពស់ជាងគេ​នៅក្នុង​តំបន់​ លោក ងួន ឡាយ ​បាន​បញ្ជាក់​ថា ​ម្រេចខ្មៅ តម្លៃ ​១៥ដុល្លារ ក្នុង​១គីឡូ​ក្រាម​ ម្រេច​ក្រហម​គឺ ២៥ដុល្លារ ​ក្នុង១គីឡូក្រាម និងម្រេចស ដែលជា​ម្រេចល្អ​ជាង​គេ​គឺ ២៨ដុល្លារ ​ ក្នុង១គីឡូ​ក្រាម​។

លោក​បញ្ជាក់​បន្ថែមថាៈ «ប្រើ​ឈ្មោះ​ម្រេច​កំពត យើង​អត់​ប្រើ​ថ្នាំ​អ្វី​ដែល​ខុស​ពី​ដូនតា​យើង​បន្សល់​ទុក​ឱ្យ​ធ្វើ​ទេ... យើង​ប្រើ​តែ​ជីធម្មជាតិ​ ណាមួយដី និងអាកាសធាតុអំណោយផល ដែលធ្វើឲ្យម្រេចយើងមានគុណភាព និងលក់បានថ្លៃ»។ 

​ ចំពោះការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ប្រធាន​សមាគម​រូបនេះ ​បានឲ្យ​ដឹងថា ​ម្រេច​កំពត​ផ្គត់ផ្ដង់​បាន​ចំនួន​ ៣០​ភាគរយ​នៃចំនួន​ផលិតផល​ម្រេច​សម្រេច​សរុប​ ប៉ុន្តែ​ការផ្គត់​ផ្គង់​នេះ គឺសម្រាប់តែ​ទីផ្សារទេសចរណ៍ប៉ុណ្ណោះ ដែល​មាននៅ​តំបន់​ទេសចរណ៍​​ខេត្ត​សៀមរាប ​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ​ជាដើម​។ ​ ​គួរ​ជម្រាប​ថា​ កាលពី​ឆ្នាំ​ឆ្នាំ ២០១៦ ម្រេច​កំពត​នាំចេញបាន​ប្រមាណ​តែ ៥៣ តោន ខណៈ​ឆ្នាំ ២០១៥ ប្រមូល​បាន ៦២ តោន​។ បើ​លោក ងួន ឡាយ ​បញ្ជាក់​ប្រាប់​៕


អត្ថបទ៖ ស៊ិន សាវ៉េត