ក្ដៅៗ កង​ទ័ព​ហ្ស៊ីមបាវ៉េ រឹប​អូស​បាន​ទូរទស្សន៍​រដ្ឋ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ

  • 2017-11-15 07:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​នាទី​មុន​នេះ កងទ័ព​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​រឹបអូស និង​គ្រប់​គ្រង​លើ​ទូរទស្សន៍​រដ្ឋ ដោយ​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាម​ៗ​ថា នេះ​មិន​មែន​ជា​រដ្ឋប្រហារ​យោធា​ប្រឆាំង​ប្រធានាធិបតី​បច្ចុប្បន្ន​ទេ គឺ​គ្រាន់​តែ​ជា​ប្រតិបត្តិការ​​ដ៏​ធំ​មួយ ក្នុង​គោល​បំណង​ស្ដារ​សន្តិភាព​ប្រទេស និង​ស្ថានភាព​សេដ្ឋកិច្ច ដែល​កំពុង​ធ្លាក់​ដុន​ដាប​ប៉ុណ្ណោះ។

លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ អ្នក​នាំ​ពាក្យ​កងទ័ព​ហ្ស៊ីមបាវ៉េ ឧត្ដមសេនីយ៍ SB Moyo បាន​និយាយ​ថា សកម្មភាព​យោធា​នេះ មិន​មែន​ជា​រដ្ឋប្រហារ​ប្រឆាំង​នឹង​លោក Robert Mugabe ទេ ហើយ​គ្រួសារ​របស់​មេដឹកនាំ​រូប​នេះ ស្ថិត​ក្រោម​ការ​ការពារ​សុវត្ថិភាព និង​ធានា​សន្តិសុខ​ជាប់​ជា​និច្ច។

ឧត្ដមសេនីយ៍ SB Moyo ថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​

អ្នក​នាំ​ពាក្យ​កងទ័ព​ហ្ស៊ីមបាវ៉េ បាន​បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​យោធា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​កម្ចាត់​អ្នក​នៅ​ជុំ​វិញ​ប្រធានាធិបតី ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នានា រហូត​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​សភាព​ដុនដាប ទាំង​នយោបាយ និង​សេដ្ឋកិច្ច។ ក្រៅ​ពី​ដណ្ដើម​ការ​គ្រប់​គ្រង​លើ​ទូរទស្សន៍​រដ្ឋ យោធា​ហ្ស៊ីមបាវ៉េ ក៏​បាន​បិទ​ផ្លូវ​ទៅ​កាន់​ការិយាល័យ​រដ្ឋាភិបាល​នៅ​រដ្ឋ​ធានី Harare ផង​ដែរ។

មេដឹកនាំ​យោធា​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​ប្រាប់​ប្រជាជន​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ បន្ត​ជីវិត​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា។ ចំណែក​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​ណែនាំ​ឲ្យ​រក្សា​ការ​អត់​ធ្មត់ ចៀស​វាង​កើត​អំពើ​ហិង្សា​ណា​មួយ។ នៅ​ពេល​ដែល​កងទ័ព បាន​សម្រេច​គោលដៅ​ក្នុង​ការ​រៀប​ចំ​ប្រទេស​​​នោះ​ហើយ ស្ថាន​ភាព​​​​​​នឹង​វិល​ទៅ​ធម្មតា​វិញ៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម
អត្ថបទថ្មី