កូរ៉េ​ខាង​ត្បូង​រងគ្រោះ​រញ្ជួយ​ដី​ធំ​ទី២ កម្រិត ៥,៤ រ៉ិចទ័រ

  • 2017-11-15 09:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ងារ​អាកាសធាតុ​ក្នុង​ប្រទេស បាន​អោយ​ដឹង​ថា​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​ទី​២​របស់​ប្រទេស​កម្រិត ៥,៤ វ៉ិចទ័រ​នៅ​ថ្ងៃ​ពុធ​នេះ​។

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៤ វ៉ិចទ័រ​បាន​វាយ​ប្រហារ​តំបន់​មួយ​មាន​ចម្ងាយ ៩​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង Pohang ក្នុង​ខេត្ត Gyeongsang កាល​ពេល​វេលា​ម៉ោង ២:២៩ រសៀល (ម៉ោង​ក្នុង​តំបន់ 0529 GMT) នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​ឧតុនិយម​កូរ៉េ។

កម្រិត​នៃ​ការ​រញ្ជួយ​ដី​លើក​នេះ​គឺ​ជា​ការ​រញ្ជួយ​ដី​ធំ​បំផុត​ទី ២ នៅ​ក្នុង​ប្រវត្ដិ​សាស្ដ្រ​របស់​ប្រទេស​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ទំហំ ៥,៨ រ៉ិចទ័រ​ បាន​វាយ​ប្រហារ​ទីក្រុង​Gyeoungjuស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង Pohang កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។

ដំបូង​ឡើយ​ការ​រញ្ជួយ​ដី​មាន​ត្រឹម​កម្រិត ២,២ និង ២,៦ រ៉ិចទ័រ​ប៉ុណ្ណោះ​ដែល​បាន​វាយ​ប្រហារ​តំបន់​ក្បែរ​ទីក្រុង Pohang បន្ទាប់​មក​ក៏​កើន​ឡើង​ដល់​កម្រិត ៣,៦ រ៊ិចទ័រ​ ហើយ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ចម្ងាយ ៧គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទី​ក្រុង Pohang។ ការ​រញ្ជួយ​ដី​នេះ​ក៏​បាន​បញ្ជូន​រំញ័រ​ទូ​ទាំង​ប្រទេស​រួម​ទាំង​ទីក្រុង​សេអ៊ូល​ដែល​មាន​ចម្ងាយ​ប្រហែល ២៧០ គីឡូម៉ែត្រ​ពី​ទី​ក្រុង Pohang និង​តំបន់​ភាគ​ខាង​ត្បូង​កោះ Jeju ផង​ដែរ។

យោង​តាម​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​បាន​បង្ហាញ​ថា ជញ្ជាំង​នៃ​អាគារ​មួយ​ចំនួន​មាន​ស្នាម​ប្រេះ រួម​ទាំង​បង្អួច និង​ចង្កៀង​អគ្គិសនី​បាន​ខូច​ខាត​និង​បែក​បាក់​ផង​ដែរ។ រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​បាន​ខូច​ខាត​ដោយ​សារ​ជញ្ជាំង​បាក់​សង្កត់​លើ រី​ឯ​សិស្ស​សាលា​និង​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​អាគារ​និង​សាលារៀន។

គិត​ត្រឹម​ម៉ោង ៣រសៀល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ណា​មួយ​ពី​ការ​ស្លាប់​នៅឡើយ​ទេ។ យោង​តាម​ភ្នាក់​ងារ​ពន្លត់​អគ្គីភ័យ​បាន​ឲ្យ​ដឹង​ថា​មាន​ត្រឹម​តែ ៤​ករណី​នៃ​ការ​រង​របួស​ស្រាល​ប៉ុណ្ណោះ​ត្រូវ​បាន​រាយ​ការណ៍។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោក Moon Jea-in បាន​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​លេខា​របស់​លោក បន្ទាប់​ពី​ទទួល​បាន​ដំណឹង​អំពី​ការ​រញ្ជួយ​ដី ក្នុង​កំឡុង​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ជើង​ហោះ​ហើរ​ទៅ​កាន់​ទី​ក្រុង​សេអ៊ូល បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​កម្សាន្ត​រយៈពេល​មួយ​សប្ដាហ៍​ក្នុង​ប្រទេស វៀតណាម ឥណ្ឌូណេស៊ី និង​ហ្វីលីពីន៕

ប្រភព៖ Xinhua   ប្រែសម្រួល៖ សុភារ័ត្ន