អាណិត​! ភរិយាតាវីតាមីនសេ​សោក​សង្រេង​ខ្លាំង​​ ថ្ងៃ​​ស្វាមី​ចេញ​ដំណើរទៅ​ព្យាបាល​​នៅ​ថៃ​

  • 2017-11-16 04:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់មិញ​នេះ​តារា​កំប្លែង​ជើង​ចាស់​នាយ វីតាមីនសេ បាន​ធ្វើ​ដំណើរ​​​​ចេញ​ពី​​ប្រទេស​កំណើត​ខ្លួន​ទៅ​ព្យាបាល​​ជំងឺ​នៅ​ប្រទេស​ថៃ​​ ក្រោយ​ពី​ជំងឺ​លោក​កាន់​តែ​ធ្ងន់ធ្ងរ​ធ្វើ​ទុក្ខ​មិន​បាន​​គេង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​។

ការ​ចេញ​ដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ធ្វើ​ឲ្យ​អ្នក​ស្រី​ លីវ ស៊ីថា ដែល​មាន​វ័យ​ ៧១​ ឆ្នាំ​ត្រូវ​ជា​ភរិយា​​​លោក វីតាមីនសេ ​មាន​អារម្មណ៍​ក្ដុក​ក្ដួល​សោក​សង្រេង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​ស្រី​​ព្រម​ទាំង​កូន​ទប់​ទឹក​ភ្នែក​មិន​បាន​ក៏​ទ្រហោយំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែ​ម្ដង​។

ជា​មួយ​ទឹក​មុខ​ក្រៀម​ក្រំ​បារម្ភ​ពី​ស្ថានភាព​ជំងឺ​ស្វាមី​​អ្នកស្រី លីវ ស៊ីថា បាន​រៀប​រាប់​ទាំង​អួល​ដើម​ករ​ថា ​​​អ្នក​ស្រី​សង្ឃឹម​ថា​ ការ​​ចាក​ចេញ​ទៅ​ព្យាបាល​​ជំងឺ​នៅ​ប្រទេស​ថៃ​​ ស្វាមី​ខ្លួន​នឹង​បាន​​ប្រសើរ​​ជាង​នៅ​ស្រុកខ្មែរ។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា​៖​“​ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ពេល​ដឹង​ថា​គាត់​មាន​ជំងឺ​ច្រើន​មុខ​អ៊ីចឹង​ សព្វ​ថ្ងៃ​នេះ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​មូល​បាន​គាត់​ហ្នឹង​ឯង​ជា​អ្នក​រ៉ាប់​រង​រាល់​ការ​ចំណាយ​នៅ​ក្នុង​គ្រួសារ​​ទាំង​មូល​ ខ្ញុំ​សូម​បន់​ស្រន់​ឲ្យ​គាត់​បាន​ជា​សះ​ស្បើយ​ក្នុង​ពេល​ឆាប់​នេះ​ នឹង​បាន​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​"។

មុន​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​សម្រេច​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ ដោយ​សារ​តែ​លោក​មាន​ជំងឺ​ច្រើន​មុខ​ដូច​ជា​៖​ ដុះ​សាច់​ក្នុង​ថ្លើម​ ដំបៅ​ក្រពះ​ លើស​ឈាម​ និង​ ជំងឺ​ទឹក​នោម​ផ្អែម​។ ក្នុង​ដំណើរ​ចេញ​ទៅ​ប្រទេស​ថៃ​យប់​មិញ​នេះ​អ្នក​រួម​ដំណើរ​ជាមួយ​មាន​ អ្នកនាងប៉េងប៉ោង និងស្វាមី ព្រម​ទាំង​កូន​ស្រី​ម្នាក់​ទៀត​​ទៅ​ជាមួយ​ផង​ដែរ​៕

ចុចអាន៖តារា​កំប្លែង​ នាយ​ វីតាមីនសេ ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់ ខណៈ​មិន​អាច​វះ​កាត់​បាន

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន