ថៃជាប់លេខ២ សម្បូរស្រ្តីធាត់បំផុតនៅអាស៊ី ចុះប្រទេសណា ជាប់លេខ១?

  • 2017-11-16 08:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម Diabetes Association របស់​ប្រទេស​ថៃ បាន​បង្ហាញ​ពី​បញ្ហា​ធាត់​លើស​ទម្ងន់ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ការ​ប្រកាស​ថា ស្ត្រី​ថៃ គឺ​ជា​ស្ត្រី​ដែល​ធាត់​ជាង​គេ​លំដាប់​ទី២ នៅ​អាស៊ី។

(រូបតំណាង)

លោកស្រី​វេជ្ជបណ្ឌិត Wannee Nithiyanan បាន​ឲ្យ​ដឹង​ថា មាន​តែ​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ប៉ុណ្ណោះ ដែល​លើស​ទម្ងន់​ជាង​ស្ត្រី​ជនជាតិ​ថៃ។ លោកស្រី Wannee បាន​បន្ទោស​លើ​របប​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណ​មិន​គ្រប់គ្រាន់ ដែល​ជា​មូលហេតុ​នៃ​បញ្ហា​នេះ។ ជនជាតិ​ថៃ​ប្រមាណ​ជា ៨ ០០០នាក់ បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយសារតែ​ជំងឺ​ទឹក​នោម​ផ្អែម ដែល​កើត​ឡើង​ពី​ការ​ធាត់​លើស​ទម្ងន់។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី លោកស្រី Wannee។

បើ​យោង​តាម​តួ​លេខ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៥ឆ្នាំ ពោល​គឺ​ចាប់​ពី​ឆ្នាំ២០០៩ ដល់ ២០១៤ ចំនួន​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ប្រទេស​ថៃ បាន​កើន​ឡើង​ពី ៣,៣ ទៅ ៤,៨លាននាក់ ខណៈ ៧,៧លាន​នាក់​ផ្សេង​ទៀត កំពុង​ប្រឈម​នឹង​ការ​វិវត្ត​នៃ​ជំងឺ​ទឹកនោម​ផ្អែម។

លោកស្រី​វេជ្ជបណ្ឌិត Wannee បាន​អះអាង​ថា ជំងឺ​ទឹកនោម​ផ្អែម ជា​ទូទៅ​កើត​លើ​ស្ត្រី​ថៃ​ច្រើន​ជាង​បុរស។

យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត Suwanchai Wattanayingchareonchai ដែល​ជា​អគ្គនាយក នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ថៃ​ស្ទើរ​តែ​ពាក់​កណ្ដាល កើត​មាន​បញ្ហា​លើស​ទម្ងន់។ ជា​មួយ​គ្នា​នេះ លោក Suwanchai ក៏​បាន​បន្ថែម​ថា ជំងឺ​ទឹកនោម​ផ្អែម ក៏​ជា​មូលហេតុ​ទី២ នៃ​ការ​ស្លាប់​របស់​ស្ត្រី​ថៃ​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង