សេដ្ឋី​អ៊ីស្រាអែល​ Idan Ofer ​ទិញ​ភាគហ៊ុន​ ១៥% ​ក្នុង​ក្លឹប​ Atletico Madrid

  • 2017-11-16 11:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសែត​អ៊ីស្រាអែល​ Calcalist ​ផ្សាយ​ថា​ មហា​សេដ្ឋី​អ៊ីស្រាអែល​វ័យ​ ៦២ ​ឆ្នាំ​លោក​ Idan Ofer ​បច្ចុប្បន្ន​រស់នៅ​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ទ្រព្យ​សម្បត្តិ​ ២,៦​ប៊ីលាន​ដុល្លារ​នឹង​បញ្ចប់​ការ​ទិញ​ភាគហ៊ុន​ ១៥% ក្នុង​ក្លិប​អេស្ប៉ាញ​ Atletico ​នៅ​ចុង​សប្ដាហ៍​នេះ​ ។

ក្លឹប​ Atletico Madrid ​របស់​ក្របខ័ណ្ឌ​អេស្ប៉ាញ​ La Liga ​ត្រូវ​បាន​ឧបត្ថម្ភ​អាវ​ដោយ​ក្រុមហ៊ុន​អ៊ីស្រាអែល​ Plus500 ​តាំង​ពី​ឆ្នាំ​ ២០១៥ ​ដោយ​ចំណាយ​ ៥០,១៥ ​លាន​ដុល្លារ​ជាង​ ៤ ​ឆ្នាំ​មក​ហើយ​ ។ Atletico Madrid គឺ​ជា​ក្លិប​ជោគជ័យ​បំផុត​ទី​៣​នៅ​អេស្ប៉ាញ​បន្ទាប់​ពី​ក្លិប​ Real Madrid ​និង​ Barcelona​ដែល​បាន​ឈ្នះ​ពាន​ La Liga ​១០​ លើក​និង​ពាន​រង្វាន់​អេស្ប៉ាញ​ខាប់​ Copa del Rey ​១០ ​លើក​ដែរ​ ។

ក្នុង​ឆ្នាំ​ ២០១៤ ​ក្លឹប​បាន​ផ្ដួល​ស្ដេច​ស​ Real Madrid ​និង​អ្នក​មាន​បុណ្យ​ Barcelona ​ដណ្ដើម​យក​ពាន​ La Liga ​រដូវ​កាល​ ២០១៣​-​២០១៤ ​និង​លេង​នៅ​ព្រឹត្តិការណ៍​ UEFA Champion League ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ឆ្នាំ​ ២០១៤ ​និង​ ២០១៦ ​ដែល​ការ​ប្រកួត​ទាំង​ពីរ​លើក​នេះ​ Atletico Madrid ​ត្រូវ​ Real Madrid ​យក​ឈ្នះ​ទាំង​ពីរ​លើក​តែ​ម្ដង​ ។  Atletico ​បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៤​ក្នុង​លីគ​ដែល​មាន​ ២៣ ​ពិន្ទុ។ ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid ​មួយ​នេះ​មាន​តម្លៃ​ ៧៣២ លាន​ដុល្លារ​យោង​តាម​បញ្ជី​របស់​ Forbes ហើយ​ពួក​គេ​​បាន​រើ​ទៅ​កីឡដ្ឋាន​ថ្មី​ Wanda Metropolitano ​កាល​ពី​ខែ​កញ្ញា​ដែល​ផ្ទុក​អ្នក​ទស្សនា​ ៦៧ ០០០ នាក់​ក្នុង​ខ្ទង់​ចំណាយ​ ៣១០ ​លាន​អឺរូ​យោង​តាម​ប្រធាន​ក្លឹប​លោក​ Enrique Cerezo ។

គួរ​បញ្ជាក់​ថា​ ប្រធាន​នាយក​ប្រតិបត្តិ​លោក​ Miguel Angel Gil Marin ​មាន​ភាគហ៊ុន​ ៥៤,៦៤% ​ឯ​ក្រុមហ៊ុន​ចិន​ Wanda ​ដែល​បាន​ដាក់​ឈ្មោះ​កីឡដ្ឋាន​ថ្មី​មាន​ភាគហ៊ុន​ ២០% ​ប្រធាន​ក្លឹប​លោក​ Enrique Cerezo​មាន​ ១៧,៩% ខណៈ​ភាគហ៊ុន​នៅ​សេសសល់​គ្រប់គ្រង​ដោយ​ម្ចាស់​ហ៊ុន​មួយ​ចំនួន​តូច​ ៕   ប្រែ​សម្រួល​៖​ សិរីបុទ្រ ប្រភព​៖​ http://www.channelnewsasia.com/news/sport/israeli-billionaire-ofer-to-buy-atletico-stake----media-9410794

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល​៖​ សិរីបុទ្រ

អត្ថបទពេញនិយម