​ ទូរទស្សន៍ក្នុង​ស្រុក​ប្រតិកម្ម​ចំពោះ​ការ​បន្ថែម​ពន្ធ​លើ​ការ​នាំ​ចូល​ភាព​យន្តបរទេស

  • 2017-11-17 02:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ថែម​ពី​លើ​ពន្ធ​ដែល​មាន​ស្រាប់ ​សម្រាប់​ខ្សែ​ភាពយន្ត​ភាគនាំ​ចូល​ពី​បរទេស ក្រសួងសេដ្ឋកិច្ច និង​ហរញ្ញវត្តុ​ តាម​រយៈ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តម្រូវ​ឱ្យ​គ្រប់​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់ បង់​ពន្ធ​ជូន​រដ្ឋ​ថែម​ទៀត លើ​ការ​នាំ​ចូល​ភាពយន្ត​ពី​បរទេស ដោយ​ក្នុង​មួយ​ភាគ ត្រូវ​បង់ពន្ធ​​ ៤០​ម៉ឺន​រៀល​បន្ថែម​ទៀត ចាប់​ពី​ឆ្នាំ​ ២០១៨​តទៅ។

បញ្ហានេះ​បាន​ធ្វើ​ឱ្យ​តំណាង​ស្ថានីយ​ទូរទស្សន៍ក្នុង​ស្រុក​នានា ដែល​​មាន​ជាង ២០​ស្ថានីយ​ប្រតិកម្ម​ជា​ខ្លាំង។ ពួកគេ​អះអាង​ថា​ការ​ធ្វើ​នេះ ​នឹង​ធ្វើ​ឱ្យ​ចំណាយ​កាន់​តែ​ខ្លាំង​ថែម​ទៀត ខណៈ​បច្ចុប្បន្ន​ពួកគេអះអាង​ថា ​ស្ថានីយ​​ភាគតិច​ប៉ុណ្ណោះ​អាច​​រក​បាន​​ប្រាក់​ចំណេញ។

កញ្ញា ទូច បុប្ផា តំណាង​មក​ពី​ស្ថានីយ​ទូរទស្សន៍ PNN បាន​និយាយ​ថា ការ​កំណត់​ពន្ធ​បន្ថែម​លើ​ការ​នាំ​ចូល​រឿង​ភាគ​ពី​បរទេស​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​កញ្ញា​កាន់តែ​មាន​បន្ទុក​ធ្ងន់​ថែម​ទៀត ខណៈ​ស្ថានីយបាន​បង់​ពន្ធ​ជា​ច្រើន​រួច​មកហើយ ចំណែក​​ការ​រក​ចំណូល​ត្រលប់​មក​វិញ​ហាក់​មិន​មាន​សមាមាត្រ​គ្នា។

កញ្ញា ទូច បុប្ផា

កញ្ញា​បញ្ជាក់​ថា ប្រសិន​បើ​ច្បាប់​នេះ​​​តម្រូវ​ឱ្យ​អនុវត្តន៍​ចាប់​ពី​ឆ្នាំ​២០១៨ ទៅ​មែន ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន នឹង​ត្រូវ​ចំណាយ​ពន្ធ​បន្ថែម​លើ​រឿង​ភាគ​នេះ​មិន​ក្រោម ១៤ ០០០​ ដុល្លារ​ទៅ ១៥ ០០០​ដុល្លារ បន្ថែម​ទៀត​ក្នុង​មមួយ​ខែ ព្រោះ​បច្ចុប្បន្ន PNN បាន​ចាក់​រឿង​បរទេស មិន​ក្រោម ៧​ទៅ ៨ម៉ោង​នោះ​ទេ​ក្នុង​មួយ​ថ្ងៃៗ។

ដោយ​ឡែក​លោក អ៊ឹង ឆៃងួន អគ្គនាយក​ទូរទស្សន៍ ហង្ស​មាស​ ក៏​បាន​លើក​ឡើង​ថា ការ​យក​ពន្ធ​ដ៏​ច្រើន​បែប​នេះ ធ្វើ​ឱ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់ កាន់​តែមាន​​លំបាក​ ព្រោះ​បច្ចុប្បន្ន​ស្ទើរ​គ្រប់​ស្ថានីយ​បាក់​ពឹងពាក់​ខ្លាំង​លើ​ការ​នាំ​ចូល​ភាពយន្ត​បរទេស​នេះ ​ដើម្បី​រក​ចំណូល ខណៈ​ការ​រក​ចំណូលពី​រឿង​ភាគ​​ក្នុង​ស្រុកហាក់​ខុស​គ្នា​ឆ្ងាយ។

លោក​ស្នើ​​​ក្រសួង​អាច​ពន្យារ ឬ​ក៏​បន្ថយ​ការ​យក​ពន្ធ​នេះ ​​ឱ្យ​ថោក​ជាង​នេះ ដើម្បី​ឱ្យគ្រប់​ស្ថានីយ​ទាំង​អស់​មាន​ទឹក​ចិត្ត​​បន្ត​ និង​ផ្សព្វផ្សាយ​កម្មវិធី និង​រឿង​ភាគ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ឯកឧត្ដម ស៊ិន ចន្ទសាយ៉ា និយាយ​ថា ការ​ដាក់​ចេញ​កោលការណ៍​ ដោយ​តម្រូវ​ឱ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ត្រូវ​បង់​ពន្ធ​បន្ថែម ៤០​ម៉ឺន​រៀល​ លើ​រឿង​ភាគ​នាំ​ចូល​ពី​បរទេស គឺ​ជា​គោលការណ៍​របស់​ក្រសួងសេដ្ឋកិច្ច និង​រាជរដ្ឋាភិបាល​ ដើម្បី​ប្រមូលពន្ធ​តាម​ផែន​ការ។

ឯកឧត្ដម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​

ឯកឧត្ដម​បញ្ជាក់​ថា ប្រសិន​បើ​តំណាង​ស្ថានីយ​ទាំង​អស់​ប្រតិកម្ម​បែប​នេះ លោក​នឹង​យក​សំណើ​ទាំង​នេះ​ដាក់​ជូន​រដ្ឋមន្ត្រី ​ដើម្បី​ពិចារណា​ថែម។ ក៏ប៉ុន្តែ​ឯក​ឧត្តមអះអាង​ថា ​លទ្ធផល​យ៉ាង​នោះ​ អា​ស្រ័យ​លើ​ការ​សម្រេច​របស់​អន្តរក្រសួង ដែល​បាន​សម្រេច​នា​ពេល​កន្លង​មក។

ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ ចាប់​ពី​ដើម​ឆ្នាំ​២០១៨ តទៅ​ គ្រប់​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ នឹង​ត្រូវ​បង់​ពន្ធ​លើ​ការ​នាំ​ចូល​រឿង​ភាគ​មក​ពី​បរទេស ចំនួន​ ៤០ម៉ឺន​រៀល​ថែមទៀត ក្នុង​មួយ​ភាគ​ ដែល​មាន​រយៈ​ពេល មួយ​ម៉ោង៕

អត្ថបទៈ ចរិយា

អត្ថបទពេញនិយម